• 2023-02-17 09:23:20
  • ព័ត៌មាន

ប្រភេទ​កីឡា​១ថ្មី​មិន​ធ្លាប់​មាន​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរ​ការ និង​ត្រៀម​ស៊ីហ្គេម​ថែម​ទៀត

  • 2023-02-17 09:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ កម្ពុជា​បាន​បើក​សម្ពោធ​ប្រភេទ​កីឡា​មួយ​ប្រភេទ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ក្នុង​នោះ​កីឡា​នេះ​ក៏​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ផង​ដែរ។

កីឡា​មួយ​ប្រភេទ​នោះ មាន​ឈ្មោះ​ថា បាល់​ទាត់​លើ​តុ ដោយ​ឡែក​ភាសា​បច្ចេកទេស​ហៅ​ថា "Teqball”។ តាម​ឯកឧត្តម វ៉ាន់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មាន​ប្រសាសន៍​ថា កីឡា​១​ប្រភេទ​នេះ គឺ​ជា​កីឡា​ដែល​បាន និង​កំពុង​រីកចម្រើន​លឿន​​នៅ​ក្នុង​ពិភព​លោក ពិសេស​នៅ​អឺរ៉ុប។នេះ​បើ​ឯកឧត្តម ប្រាប់​ក្រុម​ការងារ Sabay ក្នុង​គ្រា​ដែល​លោក ជី សិលា នាយកប្រតិបត្តិ​ដឹកនាំ​ក្រុម​ការងារ​ចូល​ជួប​សម្ដែង​ការ​គួរ​សម ឯកឧត្តមផ្ទាល់​កាល​ពី​ខែ​មុន។

លោក ជី សិលា CEO របស់ SABAY ជូន​អំណោយ​អនុស្សាវរីយ៍​ជូន​ឯកឧត្តម វ៉ាត់ ចំរើន ក្នុង​ថ្ងៃ​ជួប​សម្ដែង​ការ​គួរ​សម

សម្រាប់​កម្ពុជា មិន​ធ្លាប់​មាន​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ក៏​បាន​រៀប​ចំ​ខ្លួន​រួចរាល់​សម្រាប់​កីឡា​នេះ​ដែរ។ ឯកឧត្តម ប្រាប់​ថា កីឡា "Teqball” គ្រោង​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី "បុណ្យ​ទន្លេ" ដែល​នឹង​រៀប​ចំ​នៅ​លើទឹកដីខេត្តកំពង់​ធំ​ខាង​មុខ មុន​ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ដែល​គ្រោង​រៀប​ចំ​ឡើង​នៅ​ខែ​ឧសភា ២០២៣ នៅ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

រូបភាព៖ ហ្វេសប៊ុក So Phea

​ដោយឡែក​នៅ​​ថ្ងៃទី១៧ ខែកុម្ភៈ នេះ កីឡា "Teqball” របស់​កម្ពុជា ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ ខណៈ​លោក រៀម សុខភារម្យ ដែល​ជា​អត្តពលិក​មួយ​រូប​បាន​បង្ហោះ​រូបភាព និង​សារ​ប្រាប់​ថា លោក​គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ក្រុម​កីឡា "Teqball” របស់​កម្ពុជា​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់