• 2023-01-25 09:08:17
  • បាល់ទាត់

វឌ្ឍនភាព​នៃ​គម្រោង​ប្រតិបត្តិការ​ និង​បង្កើតស្ថាប័ន​ផ្សព្វផ្សាយអប់រំកម្ពុជា(EBC) ​

  • 2023-01-25 09:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹក ថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងប្រតិបត្តិការនិងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនំាជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន។

ឯកឧត្តមប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំបានពិនិត្យមើលបន្ទប់ស្ទូឌីយូ បន្ទប់កាត់ត បន្ទប់បញ្ចូលសម្លេង និងបន្ទប់បណ្តុះបណ្តាលនៅ EBC ។ តាមរបាយការណ៍ EBC បាននិងកំពុងផលិតមាតិកាអប់រំឌី ថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំប្រកបដោយគុណភាព បានទូលំទូលាយដល់គ្រូនិងសិស្សានុសិស្សទូទំាងប្រទេស។ EBC គឺជាគម្រោងរួមគ្នារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន(MSIT)នៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។

ក្នុងអង្គប្រជុំ ឯកឧត្តម សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើត EBC ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបានពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល សំដៅអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាលផ្សេងៗនៅកម្ពុជា។ បន្ថែមលើនេះ គម្រោងនេះក៏ជាសកម្មភាពអាទិភាពមួយក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន។ បច្ចុប្បន្ននេះ EBC បានផលិតវីដេអូមាតិកាអប់រំជាច្រើនប្រភេទបានចំនួន៤.៩៥៤ភាគ ក្នុងនោះមានវីដេអូ បង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោងសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតជាមួយវិទ្យាល័យ ហ៊ុន សែន សេរីភាព(ក្រុងតាខ្មៅ) ដែលមានសិស្សសរុបជាងប្រំាពាន់នាក់។ EBC បានរៀបចំបន្ទប់ចំនួនពីរ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ២៥គ្រឿង ថេបប្លេត២៥គ្រឿង និងសម្ភារៈចំាបាច់មួយចំនួន ព្រមទំាង តម្លើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវាអ៊ីនធឺណិតគ្របដណ្តប់បរិវេណសាលាទំាងមូល។

បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបូកសរុប និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃគម្រោង EBC ជាពិសេសលទ្ធផលនៃការដាក់ឱ្យសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ព្រមទំាងសង្ឃឹមយ៉ាងមុតមំា ទៅលើការពង្រីកគម្រោងនេះ ដល់សាលារៀនទូទំាងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខ។

មតិយោបល់