• 2023-01-24 11:10:03
  • ព័ត៌មាន

Juventus នៅ​សុខៗ​ត្រូវ​បាន​កាត់ ១៥ពិន្ទុ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ចំណោម​ពិភព​បាល់ទាត់

  • 2023-01-24 11:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អ៊ីតាលី Juventus ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ប្រកាស​ពិន័យ​ឱ្យ​កាត់​ ១៥ពិន្ទុ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បន្ទាប់​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​រក​ឃើញ​ថា ក្លឹប​មួយ​នេះ​មាន​ភាព​មិន​ប្រក្រតី​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​អំឡុង​ឆ្នាំ២០១៩-២០២១។

ក្លឹប Juventus ធ្លាក់​ពី​លេខ ៣ ដល់​លេខ ១០ ដែល​ធ្វើ​ឱ្យ​ក្លឹប​នេះ​ឃ្លាត​ឆ្ងាយ​ពី​កំពូល​តារាង​រហូត​ដល់​ទៅ ២៧ពិន្ទុ។

ខាង​បាល់ទាត់​អ៊ីតាលី​រក​ឃើញ​ថា Juventus បំប៉ោង​ចំណូល​របស់​ខ្លួន​ តាម​រយៈ​ការ​ក្លែង​បន្លំ​ទីផ្សារ​នៃ​ការ​​ទិញ​-លក់​កីឡាករ​ នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ការ​បំប៉ោង​ចំណូល​នេះ ជា​បទ​ល្មើស​នៃ​ក្រឹត្យក្រម​ Fair Play បែប​ហិរញ្ញវត្ថុ​របស់​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA។

បើ​តាម​ច្បាប់​ខាង​លើ​​នេះ ខាង​អាជ្ញាធរ​បាល់ទាត់​ចង់​ទប់​ស្កាត់​កុំ​ឱ្យ​ក្លឹប​នានា​ចំណាយ លើស​ពី​ចំណូល ដែល​ជា​ការ​ប៉ះពាល់​ដល់​និរន្តរភាព​របស់​ក្លឹប ក៏​ដូច​ជា​ធ្វើ​យ៉ាងណា​ឱ្យ​ក្លឹប​តូច​ៗ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ជាមួយ​ក្លឹប​អ្នក​មានៗ​ផង​ដែរ។

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នឹង​ចុះ​ផ្សាយ​មូលហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​កាត់​សេចក្ដី​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។ យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា ខាង​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ក្លឹប​ Juventus អស់​ច្រើន​ខែ​មក​ហើយ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២២​កន្លង​ទៅ ថ្នាក់ដឹកនាំ​ក្លឹប Juventus ដោយ​រួម​ទាំង​ប្រធាន​ក្លឹប​ផង​នោះ​បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពី​តំណែង បន្ទាប់​ពី​លេច​រឿង​អាស្រូវ​នេះ​ឡើង។ យ៉ាងណាមិញ អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​ក៏​ដាក់​បម្រាម​ហាម​មិន​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​ Juventus មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយ​បាល់ទាត់​រយៈពេល​រាប់​ឆ្នាំ​។

ខាង​ Juventus គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​នឹង​ចំណាត់ការ​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា កាល​ពី​ឆ្នាំ២០០៦ Juventus ត្រូវ​បាន​ទម្លាក់​ឱ្យ​ទៅ​លេង​នៅ​លីគ​ទី២ អ៊ីតាលី ក្រោយ​អាជ្ញាធរ​រក​ឃើញ​ថា ក្លឹប​នេះ​ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​ការ​ប្រកួត​ទុក​ជា​មុន៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់