- 2023-01-11 11:30:00
- ព័ត៌មាន
ABA ក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា 2023
- 2023-01-11 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ABA ក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា 2023
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី 10 ខែមករា ឆ្នាំ2023 - ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ក្នុងនាមជា ដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល” សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក និងផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។
ការគាំទ្រជាទឹកប្រាក់បន្ថែមចំនួនរហូតដល់ 150,000 ដុល្លារផ្សេងទៀត នឹងត្រូវបានឧបត្ថម្ភដល់ក្រុមកម្ពុជានៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក Askhat Azhikhanov មានប្រសាសន៍ក្នុងព្រឹត្តិការណ៍សំខាន់នេះថា៖ «យើងពិតជាមានមោទនភាពដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម។ វាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គួបផ្សំនឹងស្ថិរភាពនយោបាយរបស់កម្ពុជា។ ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម ABA បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសជាតិ។ ការគាំទ្រវិស័យកីឡា រួមទាំងយុវជន និង កីឡាករ កីឡាការិនីយមានពិការភាព គឺផ្នែកមួយនៃការប្ដេជ្ញាចិត្តលើទំនួលខុសត្រូវសង្គមរបស់ធនាគារយើង ចំពោះប្រជាពលរដ្ឋ។ ដូច្នេះហើយ ការចូលរួមគាំទ្រព្រឹត្តិការណ៍ប្រវតិសាស្រ្តស៊ីហ្គេមនៅកម្ពុជានេះ គឺជាកាយវិការដ៏សមស្របសម្រាប់ ABA»។
លោកបានបន្តថា៖ «ក្រៅពីភាពជាដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល យើងនឹងប្រើប្រាស់បណ្តាញរបស់យើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ស្មារតីកីឡា និងបញ្ជ្រាបព័ត៌មានអំពីព្រឹតិ្តការណ៍នេះដល់ប្រជាពលរដ្ឋកម្ពុជាទាំងមុនពេលប្រកួត និងអំឡុងពេលប្រកួត»។
ឯកឧត្តម វ៉ាត់ ចំរើន ស្វាគមន៍ធនាគារ ABA ជាដៃគូចលនឧបត្ថម្ភ និងសម្តែងមោទនភាពដែលក្រុមហ៊ុនឯកជន បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស។
ឯកឧត្តមបានឱ្យដឹងថា៖ «ថ្ងៃនេះ គឺជាសក្ខីកម្មមួយ មិនមែនតែរឿងការទទួលបាននូវចំណូលជាសាច់ប្រាក់ប៉ុណ្ណោះទេ តែយើងទទួលបាននូវការរួមគ្នាធ្វើឲ្យគុណតម្លៃនៃព្រឹត្តិការណ៍ កាន់តែខ្ពស់ថែមទៀត គឺយើងនឹងធ្វើការជាមួយគ្នា ក្នុងការសម្រួលដល់ការរៀបចំឲ្យមានដំណើរការនៃការចាយវាយថវិការបស់ប្រតិភូទាំងអស់ ដែលអញ្ជើញមក ក្នុងប្រតិបត្តិការមួយដ៏ល្អ ហើយទៅដល់ដៃអ្នកចូលរួមទាំងអស់»។
ឯកឧត្តមបានបន្តថា៖ «ជួសមុខឲ្យគណៈកម្មាធិការជាតិ CAMSOC, ខ្ញុំសូមថ្លែងអំណគុណដល់ធនាគារ ABA ដែលបានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងវិស័យកីឡានៅកម្ពុជាទាំងអស់។ ស៊ីហ្គេមនឹងក្លាយជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ដ្រដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី 5-17 ឧសភា 2023 និងអាស៊ានប៉ារ៉ា ហ្គេមពីថ្ងៃទី 3-9 មិថុនា»។
ធនាគារ ABA បាននឹងកំពុងបន្ដគាំទ្រដល់វិស័យកីឡាស្របតាមគុណតម្លៃនៃសាជីវកម្មទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ជាក់ស្ដែង ធនាគារ បានឧបត្ថម្ភដល់សហព័ន្ធយូដូកម្ពុជា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា និងតែងតែគាំទ្រដល់ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា។