• 2022-12-18 07:30:23
  • បាល់ទាត់

ដំណើរ​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ ​បារាំង​និង​អាហ្សង់ទីន

  • 2022-12-18 07:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ World Cup ២០២២ ក្រោយ​ពី​ឆ្លងកាត់​ការ​ប្រកួត​​ជិត​មួយ​ខែ ទីបំផុត​បាន​រក​​ឃើញ​២​ក្រុម​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ហើយ​នោះ​គឺ​ជម្រើសជាតិ​បារាំង​និង​អាហ្សង់ទីន​។ ពួក​គេ​នឹង​ត្រូវ​ប្រកួត​គ្នា​យប់​នេះ​ម៉ោង​១០:០០​នាទី ក្នុង​កីឡដ្ឋាន Lusail។

ដំណើរ​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ការ​ប្រកួត​ក្នុង​ពូល​​បារាំង​បាន​​បញ្ចប់​ចំណាត់​ថ្នាក់​​លេខ​មួយ​លេង​៣​ប្រកួត​ឈ្នះ​២​និង​ចាញ់​១​ប្រកួត។ វគ្គ​១៦​ក្រុម​ចុងក្រោយ​ ពួក​គេ​បាន​យក​ឈ្នះ​​ប៉ូឡូញ ៣-១ មុន​ពេល​បន្ត​បំបាក់​អង់គ្លេស​ ២-១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ។ ក្រុម​របស់​លោក Didier Deschamps នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ដោយ​យក​ឈ្នះ​ក្រុម​ឡើង​កូដ​ម៉ារ៉ុក ២-០។
  • ចំពោះ​អាហ្សង់ទីន​​​​យក​បាន​តំណែង​លេខ​​មួយ​ដូច​គ្នា​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២​និង​ចាញ់​១។ ឈាន​ដល់​វគ្គ​១៦​ក្រុម​ ពួក​គេ​បាន​ទម្លាក់​អូស្ដ្រាលី​ និង​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​​លើ​ហុល្លង់​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ជា​រឿង​ភ្ញាក់​ផ្អើល​វគ្គ​៤​ក្រុម​ចុងក្រោយ​អាហ្សង់ទីន​បាន​បំបាក់​ក្រុម​រងជើងឯក​ឆ្នាំ​ចាស់​ក្រូអាត ៣-០ ​បាន​កៅអី​ឡើង​ផ្ដាច់ព្រ័ត្រ។

កីឡាករ​ក្រុម​ទាំង​ពីរ

  • ក្រៅ​ពី​ការ​ប្រជែង​ពាន​គ្នា ទាំង​បារាំង​និង​អាហ្សង់ទីន​​សុទ្ធសឹងតែ​មាន​កីឡាករ​ត្រូវ​ប្រជែង​ស្បែកជើង​មាស​​ដូច​គ្នា។ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​​ជា​ប្រធាន​ក្រុម​របស់​អាហ្សង់ទីន​កំពុង​ឈរ​ជា​កីឡាករ​មាន​គ្រាប់​បាល់​ច្រើន​​ជាង​គេ​​៥​គ្រាប់ ស្មើ​គ្នា​ជាមួយ Kylian Mbappe ​ខ្សែ​ប្រយុទ្ធ​របស់​បារាំង។

  • នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ដែល​បារាំង​​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​អាហ្សង់ទីន​ជា​លើក​ទី​៦។ ពួក​គេ​សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន World Cup ២​ដង​ដូច​គ្នា។

  • ជម្រើស​១១​នាក់​របស់​​ក្រុម​ទាំង​ពីរ

    • បារាំង៖ 1. Lloris (GK) — 5. Kounde, 4. Varane, 18. Upamecano, 22. T. Hernandez — 8. Tchouameni, 7. Griezmann, 14. Rabiot — 11. Dembele, 9. Giroud, 10. Mbappe.

    • អាហ្សង់ទីន៖ 23. E. Martinez (GK) — 26. Molina, 13. Romero, 19. Otamendi, 8. Acuna — 5. Paredes, 7. De Paul, 24. Fernandez, 20. Mac Allister  — 10. Messi, 9. Alvarez

មតិ​អ្នក​វិភាគ

អ្នក​វិភាគ​ជនជាតិ​អង់គ្លេស​ Danny បាន​មើល​ឃើញ​ថា លោក​បាន​ទស្សនា​ Kylian Mbappe ​កម្ទេច​​អាហ្សង់ទីន ពេល​បារាំង​ឈ្នះ ៤-៣ កាល​ពី World Cup ៤​ឆ្នាំ​មុន។ ប៉ុន្តែ​ឆ្នាំ​នេះ​វា​មិន​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​​​យក​ឈ្នះ​ក្រុម​របស់ Messi ដោយ​សារ​តែ​ពួក​គេ​ត្រៀម​បាន​ល្អ​ជាង​កាល​​នៅ​រុស្សី។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​តានតឹង តែ​​អ្នក​វិភាគ​ខាង​លើ​​គិត​ថា បារាំង​នៅ​តែ​អាច​លើក​ពាន World Cup បាន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី