• 2022-12-20 02:42:15
  • ព័ត៌មាន

World Cup ២០០២៖ World Cup លើកដំបូងដែលធ្វើលើទឹកដីអាស៊ី ហើយកូរ៉េសាងប្រវត្តិសាស្ត្រឡើងដល់វគ្គ ៤ក្រុម

  • 2022-12-20 02:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០០២ ដែលមានឈ្មោះថា Korea Japan 2002 គឺជាការប្រកួតជើង​ឯកពិភពលោកលើកទី ១៧ ត្រូវបានប្រារព្ធឡើងពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០២ នៅ​ក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ហើយក៏ជា World Cup លើកដំបូងបង្អស់រៀបចំឡើងនៅលើ​ទឹក​ដីអាស៊ីរបស់យើង។

​មានក្រុមចំនួន ៣២ មានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនេះក្រៅពីវាជាលើកទីមួយដែលប្រារព្ធធ្វើឡើងនៅទ្វីបអាស៊ី ក្នុងនោះក៏ជាលើកដំបូងដែរ ដែលធ្វើឡើងនៅក្រៅទ្វីបអាមេរិក ឬអឺរ៉ុប និងមានម្ចាស់ផ្ទះរៀបចំច្រើនជាង ១ប្រទេស។ ក្រុមជម្រើសជាតិ ចិន អេក្វាឌ័រ សេណេហ្គាល់ និងស្លូវេនី បានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ។ មានការប្រកួតទទួលលទ្ធផលខកចិត្ត និងភ្ញាក់ផ្អើលជាច្រើន ដែលរាប់បញ្ចូលទាំងក្រុមការពារតំណែងជើងឯកបារាំងត្រូវធ្លាក់ចេញក្នុងវគ្គចែកពូល បន្ទាប់ពីរកបានតែមួយពិន្ទុ ហើយអាហ្សង់ទីនគឺដំបូងត្រូវគេព្យាករណ៍ថាឈ្នះជើងឯកក៏​ធ្លាក់ក្នុងវគ្គចែកពូល​ដែរ។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

កូរ៉េខាងត្បូង និងជប៉ុនត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះដោយ FIFA នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៩៦ ដោយដំបូងឡើយមានបេក្ខភាព កូរ៉េខាងត្បូង ជប៉ុន និងម៉ិកស៊ិក បានបង្ហាញបំណងសម្រាប់ការដេញថ្លៃ។ ប្រទេសកូរ៉េខាងត្បូង និងជប៉ុននីមួយៗបានផ្តល់កីឡដ្ឋានចំនួន ១០ ដែលភាគច្រើនទើបសាងសង់ថ្មីសម្រាប់ការប្រកួត។ ក្រុមនៅពូល A–D បានលេងការប្រកួត​ទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមស្ថិតក្នុងពូល E–H បានលេងការប្រកួតទាំងអស់នៅក្នុងប្រទេសជប៉ុន។

កីឡដ្ឋានក្នុងទីក្រុង Daegu, Suwon, Yokohama និង Saitama សុទ្ធតែធ្វើជាម្ចាស់ផ្ទះ ៤ ប្រកួត​ ខណៈកីឡដ្ឋាន ១៦ ផ្សេងទៀតធ្វើម្ចាស់ផ្ទះ ៣ ប្រកួត។ គួរកត់សម្គាល់ថា គ្មានការប្រកួតណាមួយត្រូវបានលេងនៅក្នុងទីក្រុងតូក្យូទេ ដែលធ្វើឱ្យវាក្លាយជារដ្ឋធានីដំបូងរបស់ប្រទេសម្ចាស់ផ្ទះដែលមិនមានកន្លែងប្រកួតបាល់ទាត់ពិភពលោក។​

ក្រុមដែលចូលរួម

ការ​ប្រកួត​ជម្រុះ​ទាំង ៣២ ក្រុម​ត្រូវ​បាន​បែង​ចែក​ជា​ ៨ ពូល​ដែល​បាន​បង្កើត​មូលដ្ឋាន​នៃ​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​ចែក​ពូល។ ក្រុមដែលចូលរួមមានដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង កាមេរូន នីហ្សេរីយ៉ា សេណេហ្គាល់ អាហ្វ្រិកខាងត្បូង ទុយនីស៊ី កូស្តារីកា ម៉ិកស៊ិក សហរដ្ឋអាមេរិក អាហ្សង់ទីន ប្រេស៊ីល អេក្វាឌ័រ ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ បែលហ្សិក ក្រូអាត ដាណឺម៉ាក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ព័រទុយហ្គាល់ សាធារណរដ្ឋ​អៀរឡង់ រុស្ស៊ី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត តួកគី។

វគ្គផ្ដាច់ព្រ័ត្រ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងក្នុងទីក្រុង Yokohama ប្រទេសជប៉ុន គ្រាប់បាល់ពីរគ្រាប់របស់ Ronaldo បានផ្ដល់ពានរង្វាន់ពិភពលោកសម្រាប់ប្រេស៊ីល ក្រោយពួកគេបានឈ្នះលើអាល្លឺម៉ង់។ Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់នៅតង់ទីពីរ ហើយ​បានឈ្នះពានរង្វាន់ស្បែកជើងមាសសម្រាប់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup។ នេះជាលើកទី ៥ ហើយដែលប្រេស៊ីលឈ្នះ World Cup ធ្វើឲ្យពួកគេក្លាយជាក្រុមជម្រើសជាតិដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។

ប្រេស៊ីលបានក្លាយជាក្រុមតែមួយគត់ចាប់តាំងពីអាហ្សង់ទីនក្នុងឆ្នាំ ១៩៨៦ ដែលឈ្នះពានរង្វាន់ដោយមិនចាំបាច់ឈ្នះការស៊ុតបាល់ប៉េណាល់ទីនៅវគ្គណាមួយ អំឡុងពេល​ជម្រុះ។ ​ប្រេស៊ីលក៏បានក្លាយជាក្រុមដំបូងដែលឈ្នះរាល់ការប្រកួតនៅ World Cup ចាប់តាំងពីឆ្នាំ ១៩៧០។ ប្រធានក្រុម Cafu របស់ប្រេស៊ីលដែលបានក្លាយជាកីឡាករដំបូងគេដែលបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ចំនួនបីជាប់ៗគ្នា។

កីឡាករលេចធ្លោ

Ronaldo របស់ប្រេស៊ីល គឺជាកីឡាករដ៏លេចធ្លោជាងគេសម្រាប់ការប្រកួត World Cup នេះ ហើយរូបគេក៏ជាម្ចាស់ស្បែកជើងមាសផងដែរជាមួយគ្រាប់បាល់បញ្ចូលទី ៨គ្រាប់។ ឈ្មោះពេញ Ronaldo Luís Nazário de Lima​ កើតថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ១៩៧៥ ដែលគេស្គាល់ជាទូទៅថា Ronaldo ឬ Ronaldo Nazário​។ លោកគឺជាអតីតកីឡាករបាល់ទាត់អាជីពដែលលេងជាខ្សែប្រយុទ្ធ​មានរហស្សនាមថា O Fenômeno (មហស្ចារ្យ) និង R9 ​ដោយត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់គ្រប់សម័យកាលទាំងអស់។ Ronaldo ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA ៣ ដង និង​ឈ្នះ​ពាន Ballon d'Or ចំនួន​ ២ដង៕

មតិយោបល់