• 2022-12-07 13:38:48
  • បាល់ទាត់

Hazard សម្រេច​ព្យួរ​ស្បែក​ជើង​ពី​ក្រុម​ជម្រើស​ជាតិ

  • 2022-12-07 13:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ កីឡាករ​ Eden Hazard សម្រេច​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក។

តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្លូវ​ការ​ផ្លូវ​ការ​របស់​ខ្លួន Hazard បាន​ប្រកាស​​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក និង​បាល់ទាត់​អន្តរជាតិ។ កីឡាករ​រូប​នេះ បាន​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​ខ្លួន​នា​ពេល​កន្លង​មក។

ខ្សែ​ស្លាប​វ័យ ៣១​ឆ្នាំ Eden Hazard បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨។ តាំង​ពី​ពេល​នោះ​មក Hazard លេង​ឲ្យ​បែលហ្សិក​សរុប ១២៦​ប្រកួត និង​ស៊ុត​ចូល​ ៣៣​គ្រាប់។

ក្នុង​ World Cup ២០២២ នេះ Hazard មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ខណៈ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​ហាល​អាវ​តាំង​ពី​វគ្គ Group Stage ក្នុង​លទ្ធផល​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១។ ក្នុង​បី​ប្រកួត​នោះ បែល​ហ្សិក​អាច​ស៊ុត​ចូល​តែ ១​គ្រាប់​ប៉ុណ្ណោះ។ មជ្ឈដ្ឋាន​បាល់​ទាត់​ជា​ច្រើន បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​អំពី​ទម្រង់​លេង​របស់​បែលហ្សិក​ក្នុង World Cup នេះ ដោយ​ថា បែលហ្សិក​កំពុង​ឈរ​លេខ ២ ក្នុង​ចំណាត់​ថ្នាក់ FIFA នៃក្រុម​ជម្រើស​ជាតិ​ល្អ​ជាង​គេ​ទូទាំង​ពិភពលោក តែ​បែរ​ជា​លេង​មិន​សូវ​ល្អ​ទៅ​វិញ។

ការ​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​បែលហ្សិក​លេង​មិន​សូវ​បាន​ល្អ​ក្នុង World Cup ២០២២ គឺ​ដោយ​សារ​កត្ដា​ជា​ច្រើន​រួម​មាន សមត្ថភាព​ដឹកនាំ​របស់​គ្រូ​បង្វឹក វ័យ​ចាស់​របស់​កីឡាករ ក៏​ដូច​ជា​បញ្ហា​សាមគ្គីភាព​ផ្ទៃ​ក្នុង​របស់​ក្រុម ដោយ​មាន​ការ​លេច​លឺ​ពាក្យ​ចចាម​អារ៉ាម​ថា​កីឡាករ​ល្បីៗ​មួយ​ចំនួន​ក្នុង​ក្រុម​ឈ្លោះ​គ្នា រហូត​ដល់​មិន​មើល​មុខ​គ្នា មិន​និយាយ​ជាមួយ​គ្នា ហើយ​មិន​ទាំង​ជិះ​យន្តហោះ​ត្រលប់​ទៅ​បែលហ្សិក​ជាមួយ​គ្នា​ទៀត​ផង៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់