• 2022-12-05 08:05:43
  • បាល់ទាត់

Tomiyasu ​៖ ​ជប៉ុន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ក្រូអាត ​

  • 2022-12-05 08:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Takehiro Tomiyasu ​បាន​អះអាង​ថា​ក្រូអាត​ជា​ក្រុម​ល្អ ​ប៉ុន្តែ​ជប៉ុន​ក៏​មាន​គុណភាព សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​ឈ្នះ​ពួកគេ​នៅ​រាត្រី​នេះ​ផង​ដែរ ​ក្នុង​ពាន​រង្វាន់ FIFA World Cup 2022 ​។

នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រាត្រី​នេះ ​ជប៉ុន​នឹង​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត​នៅ​ម៉ោង​១០​យប់ ​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​ជប៉ុន ​ជា​ក្រុម​ឈរ​នៅ​លេខ​១​ក្នុង​ពូល ​និង​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង់ ​និង​អេស្ប៉ាញ​បាន​។ ​ងាក​ទៅ​មើល​ក្រុម​គូ​ប្រកួត​ក្រូអាត​វិញ​ក៏​មិន​ធម្មតា​ដែរ។ ​ជើង​ឯក​រង World Cup 2018 ​នេះ ​លេង​មិន​ទាន់​ចាញ់​នោះ​ទេ ដោយ​៣​ប្រកួត​ស្មើ​២​និង​ឈ្នះ​មួយ។ ​ពួកគេ​របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​៣​ប្រកួត​មក​នេះ។ ​

​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​ខ្សែ​ការពារ Takehiro Tomiyasu ​ដែល​លេង​នៅ​ក្លឹប​អាជីព Arsenal ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ក្រូអាត​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​នៅ​តំបន់​កណ្ដាល ជា​ពិសេស​ខ្សែ​បម្រើ​ទាំង​បី (Luka Modric, Mateo Kovacic and Marcelo Brozovic)។ ​ជា​រឿង​ពិត ​វា​មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មាន​កីឡាករ​គុណភាព​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ពួកគេ​ដែរ ​ហើយ​រឿង​សំខាន់​បំផុត​នោះ​គឺ​យើង​ត្រូវ​តែ​ជា​ខ្លួន​យើង ជឿ​ជាក់​លើ​ខ្លួន​ឯង”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់