• 2022-11-24 13:43:17
  • បាល់ទាត់

កីឡាករ​ម្នាក់​សម្រេច​ចិត្ត​មិន​អប​អរ​ ក្រោយ​ទាត់​បញ្ចូល​ទី​ក្នុង​ប្រកួត World Cup

  • 2022-11-24 13:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេង និង​ស៊ុត​ចូល​ទី​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន ក្នុង​កម្មវិធី World Cup គឺ​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​ជា​ច្រើន។ ដូច្នេះ​ហើយ​ ទើប​កីឡាករ​ជា​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​អបអរ​យ៉ាង​ខ្លាំង​ក្រោយ​រក​គ្រាប់​បញ្ចូល​ទី​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន។ យ៉ាង​ណា​ក្ដី​ ខុស​ពី​កីឡាករ​ដទៃ​ទៀត ខ្សែ​ប្រយុទ្ធ​ស្វីស Breel Embolo មិន​បាន​អប​អរ​ទេ ពេល​ស៊ុត​ចូល​ទី​ទៅ​លើ​ក្រុម​ជម្រើស​កាមេរ៉ូន ជួយ​ឲ្យ​ស្វ៊ីស​ឈ្នះ ក្នុង​ប្រកួត​ World Cup ថ្ងៃ​នេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ Embolo មិន​អបអរ គឺ​ដោយ​សារ ខ្សែប្រយុទ្ធ​រូប​នេះ​គោរព​កាមេរ៉ូន ដោយ​ប្រទេស​នេះ​ជា​ប្រទេសកំណើត​របស់​រូប​គេ។

Embolo​ កើត​នៅ​ឆ្នាំ ១៩៩៧ នៅ​រដ្ឋ​ធានី Yaoundé ប្រទេស​កាមេរ៉ូន។ ក្រោយ​មក​ Embolo និង​ក្រុម​គ្រួសារ​បាន​រើ​ទី​លំនៅ​ទៅ​ប្រទេស​បារាំង​ជា​បណ្ដោះ​អាសន្ន តាំង​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​វ័យ​ក្មេង។ បន្ទាប់​ទៀត​ទើប Embolo និង​ក្រុម​គ្រួសារ​សម្រេច​រស់​នៅ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ស្វ៊ីស។ ហេតុ​នេះ​ហើយ ទើប Embolo បាន​សញ្ជាតិ​ស្វ៊ីស ហើយ​អាច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស។ បច្ចុប្បន្ន Embolo កំពុង​លេងឲ្យ​ក្លឹប Monaco។

ក្នុង​ប្រកួត​ World Cup ថ្ងៃ​នេះ​ គ្រាប់​បាល់ Embolo បាន​ជួយ​ស្វ៊ីស​យក​ឈ្នះ​កាម៉េរូន​ក្នុង​លទ្ធផល​ ១ ទល់​នឹង​ ០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់