- 2022-11-24 05:57:29
- បាល់ទាត់
Honda ផ្ដាំកីឡាករជប៉ុន កុំទាន់សប្បាយពេក ត្រូវឈ្នះ១ប្រកួតទៀតសិន
- 2022-11-24 05:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ផ្ដាំកីឡាករជប៉ុន កុំទាន់សប្បាយពេក ត្រូវឈ្នះ១ប្រកួតទៀតសិន
ចន្លោះមិនឃើញ
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បាននិយាយថាក្រុមជប៉ុននាព្រឹត្តិការណ៏ FIFA World Cup កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលហើយ ប៉ុន្តែក៏មិនត្រូវសប្បាយចិត្តភ្លេចខ្លួនផងដែរ។
Honda អតីតកីឡាករជម្រើសជាតិជប៉ុន និងបច្ចុប្បន្នជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ក៏មានភារកិច្ចនៅ World Cup 2022 នេះដែរ។ បុរសវ័យ៣៦ឆ្នាំនេះ ទទួលការងារជាអ្នកវិភាគឱ្យ Abema TV សម្រាប់ការប្រកួត World Cup នេះ។ ដោយលោកបាននិយាយពីក្រុមជម្រើសជាតិជប៉ុនកាលពីយប់មិញ ដោយចាត់ទុកតង់ទី១ថាធ្វើមិនបានល្អ ប៉ុន្តែតង់ទី២គ្រប់យ៉ាងបានប្ដូរផ្លាស់ ក្រោយពីគ្រូបង្វឹកប្ដូរក្បួនលេង។ ទីបញ្ចប់ពួកគេក៏បង្កើតប្រវត្ដិសាស្ត្រ យកឈ្នះក្រុមអាល្លឺម៉ង់បានក្នុងលទ្ធផល ២-១។
អតីតខ្សែប្រយុទ្ធដែលលេងឱ្យជប៉ុនបាន៩៨ប្រកួត រកបាន៣៧គ្រាប់និយាយថា៖ “កីឡាករត្រូវរក្សាចិត្តឱ្យស្ងប់។ ខ្ញុំមិនចង់ឱ្យកីឡាករជប៉ុនចូលប្រកួតទី២ដោយក្ដីរីករាយពេកនោះទេ។ យើងឈ្នះប្រកួតទី១ អរគុណដល់ភាពក្លាហានរបស់គ្រប់គ្នា ប៉ុន្តែក្រុមជប៉ុននៅមានរឿងច្រើនទៀតត្រូវឆ្លងកាត់”។
រំលឹកថាក្រុមសាំម៉ូរៃជប៉ុន ប្រកួតបន្ទាប់ត្រូវប៉ះជាមួយក្រុមកូស្ដារីកា ដែលទើបចាញ់អេស្ប៉ាញ ៧-០ កាលពីយប់មិញ។ ប្រសិនបើប្រកួតទី២ ពួកគេយកបាន៣ពិន្ទុទៀត នោះនឹងមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ៕