• 2022-11-22 02:54:26
  • ព័ត៌មាន

២គ្រាប់ នៅ៦នាទីចុងម៉ោង ជួយហូឡង់ ឈ្នះសេណេហ្គាល់ ក្នុងប្រកួតដ៏តានតឹងសម្រាប់ពូល A

  • 2022-11-22 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូល A បានបិទបញ្ចប់ការប្រកួតទីមួយរបស់ខ្លួន ក្រោយក្រុមជម្រើសជាតិហូឡង់បានយកឈ្នះសេណេហ្គាល់ ២-០ កាលពីយប់មិញឡើងទៅឈរកំពូលតារាងជាមួយ អេក្វាឌ័រដែលឈ្នះម្ចាស់ផ្ទះកាតារ ២-០ ដែរនៅថ្ងៃបើកឆាក​។

ក្រុមជម្រើសជាតិសេណាហ្គាល់ដែលជាជើងឯកទ្វីបអាហ្វ្រិកត្រូវបានគេមើលឃើញថា ហាក់មានប្រយុទ្ធមិនមុតស្រួចសោះបន្ទាប់ពីគ្មាន Sadio Mane ដែលរងរបួសត្រូវដកចេញពី World Cup។ មែនទែនទៅក្រុមដែលមានឈ្មោះថា តោតេរ៉ាំងហ្គា (Lions of Teranga) មានឱកាសស៊ុតចំគោលដៅមួយចំនួនដែរតែមិនបានសម្រេច។

សម្រាប់ក្រុមពណ៌ទឹកក្រូចហូឡង់វិញ ក៏មិនងាយស្រួលប៉ុន្មានដែរក្នុងការទម្លុះអ្នកចាំទី Édouard Mendy របស់ Chelsea ដោយត្រូវរង់ចាំរហូតជិតចប់ការប្រកួតទើបខ្សែប្រយុទ្ធ Cody Gakpo មកពីក្លឹប PSV Eindhoven បំបែកពងមាន់ បាន១គ្រាប់ ហើយនៅម៉ោងបន្ថែម ៩០+៩ Davy Klaassen ស៊ុតចូល១គ្រាប់ទៀត ពីបាល់ស៊ុតសល់របស់ Memphis Depay។

សម្រាប់ប្រកួតទីពីរនៅថ្ងៃទី ២៥ ក្រុមជម្រើសជាតិហូឡង់ និងត្រូវប៉ះ អេក្វាឌ័រ ដែលមាន ៣ពិន្ទុដូចគ្នា ហើយសេណេហ្គាល់រំពឹងរកបាន ៣ពិន្ទុដំបូង ពីក្រុមម្ចាស់ផ្ទះកាតារនៅថ្ងៃជាមួយគ្នា។ គូផ្សេងទៀតកាលពីយប់មិញ អង់គ្លេសបានយកឈ្នះ អ៉ឺរ៉ង់ ៦-២ ហើយ ក្រុមជម្រើសជាតិវែល ស្មើគ្នា ១-១ ជាមួយសហរដ្ឋអាមេរិក៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី