• 2022-11-15 07:43:59
  • ព័ត៌មាន

World Cup ១៩៦៦៖ រជ្ជកាលមាសរបស់តោកំណាចអង់គ្លេសឈ្នះពាន World Cup ជាលើកដំបូង និងជាលើកចុងក្រោយ

  • 2022-11-15 07:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៦៦ គឺជាការប្រកួតបាល់ទាត់ពិភពលោកលើកទី ៨ ដែល​ត្រូវបានលេងនៅប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ១១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៦៦។ អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់ខាងលិចក្​ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពានជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរគិតមកទល់នឹងពេលនេះ។

​អង់គ្លេសគឺជាប្រទេសទី ៨ ដែលឈ្នះព្រឹត្តិការណ៍ World Cup ហើយជាប្រទេសម្ចាស់ផ្ទះទី ៣ ដែលឈ្នះបន្ទាប់ពីអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩៣០ និងអ៊ីតាលីនៅឆ្នាំ ១៩៣៤។ ប្រេស៊ីលគឺជាក្រុមការពារជើងឯក ប៉ុន្តែនៅ World Cup ឆ្នាំ ១៩៦៦ ពួកគេមិនបានឈានពីវគ្គចែកពូលនោះទេ។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

អង់គ្លេសត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1966 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៦០ លើការដេញថ្លៃគូប្រជែងពីប្រទេសអាល្លឺម៉ង់ខាងលិច និងអេស្ប៉ាញ។ នេះគឺជាការប្រកួតលើកដំបូងដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសដែលត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ដោយសង្គ្រាមលោកលើកទី២ ដោយសារតែការប្រកួតមុនចំនួន ៤ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសមិនពាក់ព័ន្ធនឹងសង្គ្រាម ឬនៅក្នុងប្រទេសអព្យាក្រឹត។​

ទីលានចំនួន ៨ ត្រូវ​ប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនេះ។ កីឡដ្ឋានថ្មីបំផុត និងធំជាងគេដែលប្រើគឺកីឡដ្ឋាន Wembley នៅភាគខាងជើងទីក្រុងឡុងដ៍។​ កីឡដ្ឋាន Wembley ​ត្រូវបានប្រើសម្រាប់ការប្រកួតចំនួន ៩ រួមទាំងការប្រកួតទាំង ៦ ដែលមានប្រទេសអង់គ្លេស ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតចំណាត់ថ្នាក់លេខ ៣ ។

Goodison Park ត្រូវបានគេប្រើប្រាស់សម្រាប់ការប្រកួតចំនួន ៥ដង Roker Park និង Hillsborough កីឡដ្ឋានទាំងពីរបានធ្វើជាម្ចាស់ផ្ទះចំនួន ៤ ខណៈដែល Old Trafford, Villa Park និង Ayresome Park នីមួយៗបានរៀបចំការប្រកួតចំនួន ៣​។

ក្រុមដែលចូលរួម

ប្រទេសអាហ្វ្រិកចំនួន ៣១ បានធ្វើពហិការការប្រកួតដើម្បីតវ៉ានឹងសេចក្តីសម្រេចរបស់ FIFA ឆ្នាំ ១៩៦៤ ដែលតម្រូវឱ្យអ្នកឈ្នះជុំទីពីរ មកពីតំបន់អាហ្រ្វិក ៣ក្រុម ចូលប្រកួតវគ្គ Play-off ទល់នឹងក្រុមឈ្នះនៃតំបន់អាស៊ី ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ ​ដូច្នេះក្រុមដែលចូលរួមមានដូចជា៖

កូរ៉េខាងជើង ម៉ិកស៊ិក អាហ្សង់ទីន ប្រេស៊ីល ឈីលី អ៊ុយរូហ្គាយ ប៊ុលហ្គារី អង់គ្លេស (ម្ចាស់ផ្ទះ) បារាំង ហុងគ្រី អ៊ីតាលី ព័រទុយហ្គាល់ សហភាព​សូវៀត អេស្ប៉ាញ ស្វីស និងអាល្លឺម៉ង់ខាងលិច។

វគ្គផ្ដាច់ព្រ័ត្រ

កីឡដ្ឋាន Wembley របស់ទីក្រុងឡុងដ៍ គឺជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមានអ្នកគាំទ្រជិត ១សែននាក់បានចូលរួម។ នៅនាទី ទី១២ កីឡាករ Helmut Haller បានធ្វើឱ្យអាល្លឺម៉ង់ខាងលិចនាំមុខប៉ុន្តែ មិនបានប៉ុន្មានលទ្ធផលនេះត្រូវបានតាមស្មើដោយ Geoff Hurst ៤នាទីក្រោយមក។ Martin Peters ស៊ុតឲ្យអង់គ្លេសនាំមុខនៅនាទី៧៨ វិញ។

សល់១នាទី អង់គ្លេស​ដែលបាន​ត្រៀម​ខ្លួន​ដើម្បី​លើក​ពាន​ ស្រាប់តែចុងម៉ោងអាជ្ញាកណ្តាល​បាន​ផ្តល់​បាល់​ពិន័យ​ហ្វ្រីឃីក​ទៅ​ឲ្យ​អាល្លឺម៉ង់​ខាង​លិច​ ហើយបាល់ត្រូវបានតាមស្មើដោយ Wolfgang Weber។ ឈានដល់ម៉ោងបន្ថែមនៅនាទីទី ៩៨ Hurst ដដែលបានស៊ុតឲ្យអង់គ្លេសនាំមុខ និងបន្ថែមគ្រាប់ទី ៣ របស់ខ្លួនធ្វើឲ្យអាល្លឺម៉ង់ចាញ់អង់គ្លេសដោយអស់ចិត្តក្នុងលទ្ធផលផ្លូវការណ៍ ៤-២។

កីឡាករលេចធ្លោ

Sir Geoffrey Charles Hurst គឺជាកីឡាករលេចធ្លោជាងគេសម្រាប់ World Cup ១៩៦៦នេះ បើទោះជាលោកស៊ុតសរុបបានត្រឹម ៤គ្រាប់ ប៉ុន្តែ ៣គ្រាប់របស់គាត់កើតឡើងនៅវគ្គផ្ដាច់ព្រ័ត្រ និងជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Hurst នៅតែជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅពេលដែលអង់គ្លេសបានកត់ត្រាជ័យជម្នះ ៤-២ លើអាល្លឺម៉ង់ខាងលិចនៅកីឡដ្ឋាន Wembley៕

មតិយោបល់