• 2022-11-14 07:14:26
  • ព័ត៌មាន

World Cup ឆ្នាំ១៩៦២៖ យុគសម័យមាសរបស់ឆេក ត្រូវបញ្ចប់ក្រោមថ្វីជើងប្រេស៊ីលនៅវគ្គផ្ដាច់ព្រ័ត្រ

  • 2022-11-14 07:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA World Cup ឆ្នាំ 1962 គឺជាការប្រកួតលើកទី ៧នៃពានរង្វាន់បាល់ទាត់ពិភពលោក ដែល​ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ១៩៦២ នៅប្រទេសឈីលី។ វគ្គជម្រុះបានធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ ១៩៦០ ដល់ខែធ្នូ ឆ្នាំ ១៩៦១ ដោយមានក្រុមចំនួន ៥៦ មកពី ៦ទ្វីប។

ប្រេស៊ីលបានការពារជើងឯក World Cup របស់ពួកគេដោយជោគជ័យ ដោយបានយកឈ្នះ ឆេកូស្លូវ៉ាគី ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Santiago ប្រទេសឈីលី។ ពួកគេបានក្លាយជាក្រុមទីពីរ បន្ទាប់ពីអ៊ីតាលីក្នុងឆ្នាំ ១៩៣៤ និង ១៩៣៨ ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកពីរដងជាប់ៗគ្នា។ ​ ប្រទេសម្ចាស់ផ្ទះឈីលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយបានយកឈ្នះលើក្រុមយូហ្គោស្លាវីក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះចំណាត់ថ្នាក់លេខ ៣ ។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

បន្ទាប់ពីទ្វីបអឺរ៉ុបធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកពីរលើកជាប់ៗគ្នា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកបានអះអាងថាការប្រកួតឆ្នាំ ១៩៦២ ត្រូវតែធ្វើឡើងនៅអាមេរិកខាងត្បូង បើពុំនោះទេពួកគេនឹងធ្វើពហិការទាំងស្រុងនៃការប្រកួតនេះ។ សមាជរបស់ FIFA ដែលធ្វើឡើងក្នុងទីក្រុង Helsinki បាន​ចាត់​ទុក​ថា ប្រទេស​ឈីលី​អាច​រៀប​ចំ​ព្រឹត្តិការណ៍ World Cup បាន។

​កីឡដ្ឋានចំនួន ៨ ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងទីក្រុងចំនួនប្រាំបីរួមមាន Santiago, Viña del Mar, Rancagua, Arica, Talca, Concepción, Talcahuano និង Valdivia។ កីឡដ្ឋានដែលប្រើប្រាស់សម្រាប់ប្រកួតច្រើនជាងគេគឺ Estadio Nacional ក្នុងទីក្រុង Santiago ដែលមាន ១០ប្រកួត។ កីឡដ្ឋាន Estadio Sausalito នៅ Viña del Mar បានរៀបចំការប្រកួតចំនួន ៨ ហើយកីឡដ្ឋាននៅ Rancagua និង Arica ដែលនៅឆ្ងាយ (ទីតាំងតែមួយគត់ដែលមិននៅជិតទីក្រុងផ្សេងទៀត) ទាំងពីរបានរៀបចំការប្រកួតចំនួន ៧។

ក្រុមដែលចូលរួម

ទម្រង់នៃការប្រកួតគឺស្រដៀងទៅនឹងការប្រកួតឆ្នាំ ១៩៥៨ ដែរគឺ ក្រុមចំនួន ១៦ ត្រូវបានជម្រុះ ចែកចេញជា ៤ពូល។ ក្រុមដែលចូលរួមមានដូចជា៖ ឈីលី (ប្រទេសម្ចាស់ផ្ទះ) ប្រេស៊ីល (ការពារជើងឯក) អាហ្សង់ទីន អ៊ុយរូហ្គាយ ឆេកូស្លូវ៉ាគី អង់គ្លេស សហភាព​សូវៀត អាល្លឺម៉ង់ខាងលិច អ៊ីតាលី ហុងគ្រី អេស្ប៉ាញ យូហ្គោស្លាវី ប៊ុលហ្គារី កូឡុំប៊ី ម៉ិកស៊ិក និងស្វីស។

វគ្គផ្ដាច់ព្រ័ត្រ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវរៀបចំនៅកីឡដ្ឋាន Estadio Nacional, Santiago ដែលមានអ្នកគាំទ្រ ចូលរួមជិត ៧ម៉ឺននាក់។ អាជ្ញាកណ្តាល Nikolay Latyshev មកពីសហភាពសូវៀតត្រូវបានជ្រើសរើសឲ្យដឹកនាំការប្រកួតនេះ។ ជាលទ្ធផល ប្រេស៊ីលបានយកឈ្នះ ៣-១ លើក្រុមជម្រើសជាតិ ឆេកូស្លូវ៉ាគី ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់ឆេកូស្លូវ៉ាគី ដែលសព្វថ្ងៃគឺប្រទេសឆេក បានចំណាត់ថ្នាក់លេខ ២ ពិភពលោក។

កីឡាករលេចធ្លោ

Vavá ត្រូវបានចាត់ទុកថាជាកីឡាករលេចធ្លោសម្រាប់ World Cup នៅឈីលីនេះក្រោយក្លាយជា Top Scorer ម្នាក់ក្នុងចំណោម ៤នាក់ ហើយកាន់តែសំខាន់ទៀតនោះរូបគេគឺជាអ្នកស៊ុតគ្រាប់ទីបី នៅវគ្គផ្ដាច់ព្រ័ត្រជួយប្រេស៊ីលឲ្យការពារតំណែងជើងឯក។

ឈ្មោះពេញ Edvaldo Izidio Neto មានរហស្សនាមថា Vavá លោកត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងជំនាន់របស់នោះ។ Vavá បានលេងជាខ្សែប្រយុទ្ធសំខាន់ (ឬខ្សែប្រយុទ្ធកណ្តាល) សម្រាប់ក្លឹប Sport Club do Recife, C.R. Vasco da Gama, S.E. Palmeiras និងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល៕

មតិយោបល់