• 2022-11-14 05:28:04
  • ព័ត៌មាន

World Cup ឆ្នាំ១៩៥៨៖ ជម្រើសជាតិប្រេស៊ីលបើកសករាជ លើកពានពិភពលោកជាលើកដំបូង ដោយមានវត្តមាន Pele

  • 2022-11-14 05:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៥៨ គឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី៦ ​ត្រូវបានលេងនៅប្រទេសស៊ុយអែតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ១៩៥៨។ ប្រេស៊ីលបានយកឈ្នះស៊ុយអែត ក្នុងវគ្គផ្តាច់ព្រ័ត្រនៅជាយក្រុង Stockholm ​ដើម្បីដណ្តើមបានជើងឯកជាលើកដំបូងរបស់ពួកគេ ដោយមានវត្តមានស្ដេចបាល់ទាត់ Pelé ​វ័យត្រឹម ១៧ឆ្នាំ​នៅក្នុងក្រុមផងដែរ។

ដើមដំបូងមានប្រទេស អាហ្សង់ទីន ឈីលី ម៉ិកស៊ិក និងស៊ុយអែត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត។ យ៉ាងណាប្រតិភូ ស៊ុយអែតបានបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតនៅឯសមាជរបស់ FIFA ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro ជុំវិញការបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥០។ ប្រទេស​ស៊ុយអែតត្រូវបានជ្រើសជាម្ចាស់ផ្ទះ World Cup ឆ្នាំ ៥៨ ដោយមិនមានសំឡេងជំទាស់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៥០។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

ទីក្រុងសរុបចំនួន ១២ នៅទូទាំងផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេសស៊ុយអែតត្រូវបានប្រើរៀបចំការប្រកួតនេះ។ បទប្បញ្ញត្តិរបស់ FIFA តម្រូវឱ្យកីឡដ្ឋានយ៉ាងហោចណាស់ ៦ មានសមត្ថភាពផ្ទុកយ៉ាងហោចណាស់ ២ម៉ឺននាក់។ កីឡដ្ឋាន Råsunda ត្រូវបានពង្រីកដល់ ៣៨០០០នាក់ សម្រាប់ការប្រកួត World Cup។ បន្ទាប់មកកីឡដ្ឋាន Malmö Stadion ថ្មីត្រូវបានសាងសង់ឡើងសម្រាប់ World Cup ដោយជំនួសកីឡដ្ឋានចាស់ Malmö Stadion ឆ្នាំ ១៨៩៦។

កីឡដ្ឋានដែលប្រើប្រាស់ច្រើនបំផុតគឺកីឡដ្ឋាន Råsunda ក្នុងទីក្រុង Stockholm ដែលរៀបចំការប្រកួតចំនួន ៨ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់មកគឺកីឡដ្ឋាន Ullevi ក្នុងទីក្រុង Gothenburg (កីឡដ្ឋានដ៏ធំបំផុតដែលប្រើប្រាស់ក្នុងការប្រកួត) ដែលរៀបចំការប្រកួតចំនួន ៧ ។ កីឡដ្ឋាន Malmö ទទួលភ្ញៀវ ៤ ប្រកួត, Norrköping ម្ចាស់ផ្ទះ ៣ ប្រកួត។ កីឡដ្ឋាន Halmstad, Helsingborg, Västerås និង Sandviken បានរៀបចំការប្រកួតចំនួន ២ ហើយ កីឡដ្ឋាន Örebro, Eskilstuna និង Uddevalla បានធ្វើម្ចាស់ផ្ទះ ១ ប្រកួត។

ក្រុមដែលចូលរួម

មិនមាន ចាប់ឆ្នោតរៀបចំការប្រកួតបាល់ទាត់ពិភពលោកនេះទេ ហើយក្រុមទាំងអស់ត្រូវបានបែងចែកតាមទីតាំងភូមិសាស្រ្តជាក់ស្ដែង។ ប្រទេសដែលចូលរួមមានដូចជា៖ ស៊ុយអែត (ម្ចាស់ផ្ទះ)​ អាល្លឺម៉ង់ខាងលិច (ជើង​ឯកចាស់) អូទ្រីស បារាំង ឆេកូស្លូវ៉ាគី ហុងគ្រី សហភាព​សូវៀត យូហ្គោស្លាវី អង់គ្លេស អ័​រ​ឡង់​ខាងជើង ស្កុតឡេន វេលស៍ អាហ្សង់ទីន ប្រេស៊ីល ម៉ិកស៊ិក និងប៉ារ៉ាហ្គាយ។

វគ្គផ្ដាច់ព្រ័ត្រ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺធ្វើឡើងនៅ កីឡដ្ឋាន Råsunda, Solna ដោយមានអ្នកទស្សនាជិត ៥ម៉ឺននាក់។ ការប្រកួតនេះត្រូវបានកាត់ក្ដីដោយអាជ្ញាកណ្តាលឈ្មោះ Maurice Guigue មានសញ្ជាតិបារាំងរវាងប្រេស៊ីល និងម្ចាស់ផ្ទះស៊ុយអែត។ ជាលទ្ធផល ៩០នាទី ក្រុមប្រេស៊ីលបានយកឈ្នះ ស៊ុតអែត ៥-២ ក្លាយជាជើងឯកពិភពលោក លើកដំបូង ក្នុងនោះ ២គ្រាប់រកបានដោយកីឡាករវ័យក្មេង Pelé។

កីឡាករលេចធ្លោ

ត្បិតថា ឆ្នាំនេះជា World Cup ដំបូងរបស់ Pele ប៉ុន្តែ​កីឡាករលេចធ្លោក្នុងការប្រកួតគឺបានទៅលើ Fontaine ដែលជាអ្នកស៊ុតចូលទីច្រើនបំផុតចំនួន ១៣គ្រាប់ ហើយជាកំណត់ត្រាមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជុំផ្ដាច់ព្រ័ត្ រFIFA World Cup។

ឈ្មោះពេញ Just Louis Fontaine កើតថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៣៣ លោកគឺជា​កីឡាករបាល់ទាត់អាជីពរបស់បារាំង។ ខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប ​ត្រូវបានគេស្គាល់ថាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួត FIFA World Cup ​ជាមួយបាល់ ១៣គ្រាប់ ត្រឹម ៦ប្រកួតក្នុងឆ្នាំ ១៩៥៨។ ក្នុងឆ្នាំ ២០០៤ លោក Pelé បានដាក់ឈ្មោះគាត់ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតចំនួន ១២៥ នាក់នៅក្នុងពិធីប្រគល់ពានរង្វាន់របស់ FIFA​ (FIFA Awards Ceremony)៕

មតិយោបល់