• 2022-11-11 04:34:32
  • បាល់ទាត់

​​ប្រវត្តិ​​​តារា​ឆ្នើម​អាស៊ី​ Son Heung-min ​​ទាំង​​ស្នេហា ​និង​ការ​តស៊ូ​ដ៏​ជូរចត់​លើ​វិស័យ​បាល់ទាត់​

  • 2022-11-11 04:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Son Heung-min ​ខ្សែ​បម្រើ​ក្រុម​ Tottenham Hotspur ​ជា​​​កំពូល​កីឡាករ​អាស៊ី​​ដែល​លេចធ្លោ​ជាង​គេ​បំផុត​បច្ចុប្បន្ន​ និង​ជា​កីឡាករ​​​អាស៊ី​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ ២២​លាន​ផោន​ (២៦,៨៧​លាន​ដុល្លារ)។ ​តើ​​កីឡាករ​វ័យ​៣០​ឆ្នាំ​ដែល​ជា brand ambassador របស់​ក្រុមហ៊ុន​ស្រាបៀរ Tiger ​និង​ជា​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ ​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ? ​ថ្ងៃ​នេះ​ Sabay ​សូម​បង្ហាញ​ជូន​ដូច​​ខាង​ក្រោម៖

​គ្រួសារ

Son ​មាន​ម្តាយ​​ឈ្មោះ​​ Eun Ja Kil ​និង​ឪពុក​ឈ្មោះ​ Son Woong-jung ​ជា​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​ ដែល​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ផង​ដែរ។ Son ​​​ធ្លាប់​ធ្វើ​ជា​ក្មេង​រើស​បាល់​​ឲ្យ​ក្រុម​ FC Seoul ​កាល​ឆ្នាំ​២០០៨។

ឈុត​យុវជន

​​​​Son​​ ចាក​ចេញ​ពី​ក្លឹប​​យុវជន​ FC Seoul ​ទៅ​​ក្លឹប​អាល្លឺម៉ង់​ Hamburger ​ឈុត​យុវជន​​ តាំង​ពី​វ័យ​១៦​ឆ្នាំ កាល​ឆ្នាំ​២០០៨។ ពេល​ទៅ​ដល់​ទីនោះ​ Son ​ធ្លាប់​និយាយ​ថា​ ​ខ្លួន​មិន​ចេះ​អង់គ្លេស ​ហើយ​ក៏​មិន​ចេះ​អាល្លឺម៉ង់​នោះ​ដែរ ដែល​ពេល​ខ្លះ​ ពិត​ជា​មាន​អារម្មណ៍​ឯកា ​និង​នឹក​ស្រុក​កំណើត។ ប៉ុន្តែ​រូប​គេ​ត្រូវ​តែ​ទ្រាំ​ ​ព្រោះ​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ ចង់​ក្លាយ​ជា​​​កីឡាករ​អាជីព​ល្បី​ម្នាក់​ នៅ​លីគ​កំពូល​​អឺរ៉ុប។

Hamburger (ឈុត​ធំ)

រដូវ​កាល​២០១០-១១ Son ​បាន​បង្ហាញ​ខ្លួន​​​​ឈុត​ធំ​ក្រុម​ Hamburger ​ពេល​លេង​មិត្តភាព​ មុន​បើក​រដូវ​កាល ​ហើយ​រូប​គេ​ក៏​បាន​ក្លឹប​ផ្ដល់​កុងត្រា​ជា​ផ្លូវ​ការ​ក្នុង​ឈុត​ធំ​ឲ្យ​ នៅ​អាយុ​១៨​ឆ្នាំ។ រយៈពេល​៣​រដូវ​កាល​ Son ​បង្ហាញ​ខ្លួន​ឲ្យ Hamburger ​​សរុប​៧៨​ប្រកួត ​ស៊ុត​បាន​២០​គ្រាប់ ​រួម​ទាំង​គ្រាប់​ស៊ុត​ចូល​ក្រុម​ Chelsea ​និង​បាន​បំបែក​កំណត់ត្រា​ក្លឹប​ ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ​​វ័យ​១៨​ឆ្នាំ ​ដែល​អាច​ស៊ុត​ចូល​នៅ​ Bundesliga ​ផង​ដែរ។

​Bayer Leverkusen

ខែ​មិថុនា ​ឆ្នាំ​២០១៣ Son បាន​ផ្ទេរ​ពី​ Hamburger ​ទៅ​ក្លឹប​ Bayer Leverkusen ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ក្លឹប​ ​១០​លាន​អឺរ៉ូ ​ដោយ​ចុះ​កុងត្រា​៥​ឆ្នាំ។ ​​បង្ហាញ​ខ្លួន​៣​ប្រកួត​ដំបូង​ ស៊ុត​ចូល​៣​គ្រាប់ ឲ្យ Leverkusen ​យ៉ាង​អស្ចារ្យ។ ​បន្ទាប់​មក​ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​រូប​គេ​បាន​ស៊ុត​ហែតទ្រីក​ ​ពេល​ប៉ះ​ក្រុម​ចាស់​ Hamburger ​ជួយ​ឲ្យ​ Leverkusen ​ឈ្នះ​ ៥-៣។ ៣​រដូវ​កាល​ជាមួយ​ Leverkusen ​កីឡាករ​ឆ្នើម​កូរ៉េខាងត្បូង​រូប​នេះ​ ​​បង្ហាញ​ខ្លួន​​សរុប​​​៨៧​ប្រកួត ​ស៊ុត​បាន​២៩​គ្រាប់។

Tottenham Hotspur

ខែ​សីហា ​ឆ្នាំ​២០១៥ ​Son ​បាន​ផ្ទេរ​មក​ក្លឹប​អង់គ្លេស​ Tottenham Hotspur ​​​ក្នុង​តម្លៃ​​២២​​លាន​ផោន​ (កីឡាករ​អាស៊ី​ថ្លៃ​បំផុត) ​ដោយ​ចុះ​កុងត្រា​​៥​ឆ្នាំ លេង​នៅ​ Premier League។ រដូវ​កាល​ដំបូង​ Son ​ពុំ​សូវ​បាន​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​ទេ ​ដោយ​ចូល​លេង​​ភាគ​ច្រើន​ចុង​ម៉ោង​ប៉ុណ្ណោះ។​​​

ពេល​ចប់​រដូវ​កាលនោះ​​ Son ​បាន​ស្នើ​សុំ​​អ្នកចាត់ការ​ Mauricio Pochettino ​ចាក​ចេញ​ពី​ក្លឹប​ ដើម្បី​ស្វែង​រក​កន្លែង​លេង​ជម្រើស​ដំបូង។ ប៉ុន្តែ​អ្នកចាត់ការ​ Spurs កាល​នោះ​​បាន​សន្យា​ថា នឹង​ឲ្យ​រូប​គេ​លេង​ច្រើន​ជាង​មុន​។ ​​ជា​លទ្ធផល​ រដូវ​កាល​បន្ទាប់​ Son ​ធ្វើ​បាន​ល្អ​មែន​ទែន ​និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើចសរសើរ ​​ដោយ​បង្ហាញ​ខ្លួន​២៩​ប្រកួត ​ស៊ុត​១៤​គ្រាប់ ​រួម​ទាំង​ស៊ុត​ហែតទ្រីក​លើ​ក្រុម​ Millwall ​ជួយ​ឲ្យ​ Spurs ​​ឈ្នះ​ ៦-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ​ទៀត​ផង​។ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Premier League ​កាល​ពី​រដូវ​កាល​មុន​ថែម​ទៀត។

ជម្រើស​ជាតិ​កូរ៉េខាងត្បូង

Son ​​​​​​ជាប់​ជម្រើស​ជាតិ​កូរ៉េខាងត្បូង U-17 ​​​នៅ​ឆ្នាំ​២០០៨​និង​២០០៩ ដោយ​លេង​​បាន​១៨​ប្រកួត ​ស៊ុត​បាន​៧​គ្រាប់។ Son ​​ធ្លាប់​លេង​ឲ្យ​​ឈុត​ U-23 ​ជម្រើស​ជាតិ​ ​បាន​១០​ប្រកួត​ ស៊ុត​បាន​៣​គ្រាប់។ ​ចំណែក​ឯ​ឈុត​ធំ​វិញ ​​រូប​គេ​ជាប់​តាំង​ពី​ឆ្នាំ​២០១០ ​លេង​បាន​១០៤​ប្រកួត ​ស៊ុត​បាន​៣៥​គ្រាប់ ​និង​ជួយ​ឲ្យ​កូរ៉េខាងត្បូង​ ទទួល​បាន​ជើង​ឯក​រង​​ពាន​ AFC Asian Cup ​កាល​ឆ្នាំ​២០១៥​ទៀត​ផង។

ស្នេហា

កាល​​ឆ្នាំ​២០១៤ ​Son ​ត្រូវ​បាន​សារព័ត៌មាន ​Soompi បាន​ចុះ​​ផ្សាយ​ថា ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​តារា​ចម្រៀង​កូរ៉េ​ Minah ​របស់​ក្រុម​ Girl's Day ​ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​បែក​គ្នា​វិញ​ ​​ដោយសារ​រវល់​ការងារ​រៀងៗ​ខ្លួន​ ​និង​នៅ​ឆ្ងាយ​គ្នា។ ​​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​Son ​ត្រូវ​បាន​សារព័ត៌មាន​ Allkpop ​ចុះ​ផ្សាយ​​ថា ​​បាន​ណាត់​គ្នា​​ ​និង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​តារា​ចម្រៀង​និង​តារា​សម្ដែង​កូរ៉េ​​ Yoo So-young ​របស់​ក្រុម​ After School ​ប៉ុន្តែ​រហូត​មក​​ទល់​ពេល​នេះ​​ កីឡាករ​ឆ្នើម​រូប​នេះ​ ពុំ​ទាន់​បង្ហាញ​​ដល់​សាធារណៈ​ជន​ ​​ពី​ទំនាក់ទំនង​ស្នេហា​របស់​គេ​ឡើយ។ ដោយ​កន្លង​មក​ក៏​មាន​ដំណឹង​ថា Son ​នឹង​រៀប​ការ​តែ​ម្ដង ​នៅ​ពេល​គេ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់ ​ដែល​នេះ​ជា​ការ​សន្យា​របស់​គេ​ជាមួយ​ឪពុក៕

មតិយោបល់