• 2022-10-25 10:49:26
  • ព័ត៌មាន

PSG បដិសេធ​ព័ត៌មាន​កុងត្រា ៦៣០លាន​អឺរ៉ូ​របស់ Mbappe ហើយ​ថែម​ទាំង​គំរាម​ប្ដឹង​សារព័ត៌មាន​ទៀត​ផង

  • 2022-10-25 10:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ច្រានចោល​នូវ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាល់ទាត់​បារាំង Le Parisien ពាក់ព័ន្ធ​នឹង​រឿង​កុងត្រា​តម្លៃ​ ៦៣០លាន​អឺរ៉ូ​ក្នុង​រយៈពេល ៣ឆ្នាំ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Le Parisien ក្លឹប PSG បាន​លើកឡើង​ថា៖ «PSG ចង់​បញ្ជាក់​ច្បាស់​ថា ព័ត៌មាន​នេះ​គឺ​ខុស​ទាំង​ស្រុង ហើយ​គ្មាន​ចំណុច​ណា​មួយ​ត្រឹមត្រូវ​នោះ​ទេ»។

«ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ក៏​ធ្វើ​ឡើង​ក្នុង​ពេលវេលា​មួយ​ដ៏​ភ្ញាក់ផ្អើល​ដែរ ពោល​គឺ​តែ​មួយ​ថ្ងៃ​មុន​ការ​ប្រកួត​របស់​យើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ Champions League»។ នេះ​ជា​ការ​បន្ថែម​របស់​ក្លឹប។

PSG នឹង​បើក​ទ្វា​ស្វាគមន៍​ក្លឹប​អ៊ីស្រាអែល Maccabi Haifa នៅ​យប់​ថ្ងៃ​អង្គារ​នេះ។

ខាង​ក្លឹប​បាន​បន្ត​ថា៖ «PSG នឹង​មិន​បកស្រាយ​អ្វី​ទៀត​ឡើយ​ទៅ​លើ​បញ្ហា​នេះ។ ក្លឹប​មិន​ចំណាយ​ពេល​តាមដាន​ចចាមអារ៉ាម​ទាំង​នេះ​ឡើយ ដោយ​ក្លឹប​ចង់​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​ដ៏​សំខាន់​ខាង​មុខ​នេះ»។

ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​លោក Fabrizio Romano អ្នក​កាសែត​បាល់ទាត់​ដ៏​ល្បី​បាន​បន្ថែម​ថា ខាង​ក្លឹប​កំពុង​តែ​គិតគូរ​ក្នុង​ការ​ប្ដឹង​ផ្ដល់​សារព័ត៌មាន​ Le Parisien ទៀត​ផង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី