• 2022-10-22 03:42:58
  • ព័ត៌មាន

ការប្រកួតបាល់បោះ ៣x៣ ចំនួន​៣​កម្រិត​នឹង​លេច​ឡើង ​ដើម្បីត្រៀ​ម​ខ្លួន​ស៊ីហ្គេម២០២៣​

  • 2022-10-22 03:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួល​បាន​ការ​គាំទ្រ ​និងចូលរួមពីសំណាក់អ្នកស្រលាញ់កីឡាបាល់បោះគ្រប់មជ្ឈដ្ឋាន សារ​ព័ត៌មាន​ត្នោត​បានរៀបចំ​សន្និសីទ​កាសែត​មួយ​នៅសណ្ឋាគារ ​Oakwood បឹងកក់ រាជាធានីភ្នំពេញ ថ្ងៃទី ​២១ ខែ តុលា ឆ្នាំ ២០២២នេះ​ ក្នុងគោលបំណង ចាប់ពូលបែងចែក​ក្រុម​ទៅ​តាម​ប្រភេទ​វិញ្ញាសា​ទាំង​៤ប្រភេទ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពីការប្រកួតនេះអោយកាន់តែទូលំទូលាយថែមទៀត ដល់​អ្នក​សារ​ព័ត៌មាន ​និងដៃគូពាក់ព័ន្ធជាច្រើន។​

ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ប្រព្រឹត្ត​ឡើងក្នុងគោល​បំណង​ជំរុញស្មារតី​ លើក​កម្ពស់​កីឡា​បាល់បោះ ​និង​ ត្រៀមខ្លួន​ក្នុង​ការ​ឆ្ពោះទៅកាន់ព្រឹត្តិការណ៍​​ស៊ីហ្គេម ២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះផងដែរក្នុងប្រភេទវិញ្ញាសាបាល់បោះ៣x៣នេះ។

ផ្តើមចេញ​ពីការ​ថ្លែង​សុន្ទរក​ថា​ដំបូង​​របស់​ លោកតាំង ពីងជាំង TONY អគ្គនាយកគ្រប់គ្រង​ទូទៅ​នៃ​សារព័ត៌មាន​ត្នោត លោកបានលើកឡើងថា ការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្មារតីកីឡា និង​លើក​ទឹក​ចិត្ត​យុវជនទាំងអស់លេងកីឡាដើម្បីសុខភាពល្អ មិនថាឈ្នះ ឬចាញ់ វាគ្រាន់​តែជាផ្នែកមួយ​នៃ​ការ​ប្រកួត​ប៉ុណ្ណោះ ​ហើយលោករំពឹងថាកីឡាករគ្រប់រូបគួរតែខិតខំឱ្យអស់ពីសមត្ថភាព និង​បន្សល់​ទុក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់ទាំងអស់គ្នា។

​លោក Austin អគ្គលេខាធិការនៃសហព័ន្ធបាល់បោះកម្ពុជា​ បានចាត់ទុកកីឡា​បាល់បោះជាប្រភេទ​កីឡា​ដែល​គេចូលចិត្ត​លេងបំផុតមួយ ដោយសារវាមានភាពសាមញ្ញ និងសប្បាយក្នុងការលេង។ ជាង​នេះ​ទៅ​ទៀត ​កីឡាបាល់បោះនេះ​ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ជា​ផ្លូវការ​ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក តាំង​ពី​ឆ្នាំ​ ២០១០ ​មកម្លេះ​។

ថ្លែងចេញពីសន្និសីទនេះដែរ​ ឯកឧត្តម ​ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោត​ទស្សន៍​ បានផ្តល់អនុសាសន៍ ​ និងជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​ដើម្បី​ដណ្តើម​មេដាយ​ឲ្យ​ក្រុម​របស់​ខ្លួន​។ បន្ថែមលើនេះ​ ឯកឧត្តមក៏បានរំលឹកថា​ ការលេង​កីឡាមួយ​ចំណែក​គឺដើម្បី​សុខភាព​ទាំង​អស់​គ្នា​ មួយ​ចំណែក​ទៀត​យើងលេងកីឡាដើម្បីកិត្តិយសជាតិរបស់យើង ហើយជាងនេះទៀត យើង​ចង់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តាម​ការ​កីឡានេះផងដែរ។

ឯកឧត្តម ឈី សម្បត្តិ ជាសមាជិកក្រុមអ្នកប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធបាល់បោះកម្ពុជា​ បានបង្ហាញគោលជំហរគាំទ្រទាំងស្រុង និងបញ្ចាក់ថា ការបើកកម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣" នាពេលនេះ គឺជាការផ្សព្វផ្សាយដល់អ្នកលេងកីឡា អ្នកស្នេហាកីឡាបាល់បោះ និងសាធារណជនបានជ្រាបអំពីការប្រកួត ចូលរួម ទស្សនា គាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងការអភិវឌ្ឍកីឡាបាល់បោះ ព្រមទាំងចូលរួមលេងកីឡាបាល់បោះ ដើម្បី សុខភាព និងសុខុមាលភាព រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មានត្នោត ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួត “ពានរង្វាន់បាល់បោះTNAOT៣x៣” នៅឆ្នាំ២០២២ និងក្រុមហ៊ុនសហការឧបត្ថម្ភទាំងឡាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់បោះនៅព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃការចាប់ពូលបែងចែកក្រុមទៅតាមប្រភេទវិញ្ញាសាទាំង៤ ក្រុមនីមួយៗ ​ត្រូវ​បាន​បែង​ចែក​ទៅក្នុង ​៤​ពូល A, B, C, D ហើយក្រុមទំាង៤ ក្នុងប្រភេទវិញ្ញាសានិមួយៗ នឹងត្រូវធ្វើការប្រកួត ៤ជុំ (Group Stage; Quarter; Semi-Final; Final)។

គួរបញ្ជក់ផងដែរថា ក្រុមខ្លាំងលេខ១ និង លេខ២ នៃគ្រុបនីមួយៗក្នុងពូល នឹងបន្តទៅវគ្គជំរុះ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ​ការប្រកួតវគ្គ​ជម្រុះ​ក្រុម​នឹង​ធ្វើ​ឡើង​ទាំង​៤ ប្រភេទ​វិញ្ញា​សារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២២ចាប់ពីម៉ោង៨ព្រឹក នៅតារាង​បាល់បោះ​ខាងក្រៅ​នៅ​ក្នុង​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក។ ហើយ​ក្រុម​ឈ្នះ​ទាំង​៤ ​នឹងឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​បន្ត​ការ​ប្រកួត បន្ទាប់មកក្រុម​ឈ្នះ​ទាំង​២​ នឹងប្រកួតគ្នា​ដណ្តើម​ជើងឯក និង​ក្រុម​ជើង​ឯក​រង​ចំនែក​ក្រុមដែល​ចាញ់​ទាំង​ពីរ​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​៣។ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨ព្រឹក ទីតាំងដដែល។

មតិយោបល់