• 2022-08-25 03:25:41
  • បាល់ទះ

មាស វាសនា បង្ហើបអោយដឹងពីការដកខ្លួនពីក្រុមជម្រើសជាតិបាល់ទះក្នុងសាលត្រៀម Sea Games 2023

  • 2022-08-25 03:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស វាសនា ជាកីឡាករល្អមួយរូបរបស់សមាគមន៍បាល់ទះក្រសួងមហាផ្ទៃ។ គេត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅអោយចូលប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀម Sea Games 2023 កាលពីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ ២០២២ ប៉ុន្តែស្មាត់ស្ដាំរូបនេះបានអោយ Sabay ដឹងថាគេបានដកខ្លួនចេញវិញហើយ។

បើតាមការអោយដឹងពីអតីតកីឡាករក្លឹបបាល់ទះវិសាខារូបនេះ ការលាឈប់​ពីក្រុមជម្រើសជាតិបាល់ទះកម្ពុជារបស់​ខ្លួន គឺ​ដោយសារតែ​មានធុរៈចាំបាច់នៅក្នុងគ្រួសារ។ ស្មាត់ធំវ័យ២៩ឆ្នាំបានបញ្ជាក់​យ៉ាងដូច្នេះ ៖«ឆ្នាំ​២០២២​នេះ​ ខ្ញុំ​បាទ​មាន​ឱកាស ខាង​សហព័ន្ធ​កោះ​ហៅ​អោយ​ចូល​ខាង​ជម្រើស​ជាតិ​ម្ដង​ទៀត ប៉ុន្តែ​ខ្ញុំ​អត់​បាន​ទៅ​ចូល​រួម​ទេ ដោយ​សារ​ខ្ញុំ​មាន​ធុរៈចាំ​បាច់​នៅ​​ក្នុង​គ្រួសារ ក៏​ខ្ញុំ​សុំ​គេ​លាឈប់​»។

ក្រៅពី មាស វាសនា កីឡាកររបស់ក្រសួងមហាផ្ទៃ៣រូបទៀតមានស្មាត់ស្ដាំវ័យក្មេង មឿន ម៉េងឡាយ ស្មាត់ឆ្វេងវ័យក្មេង ខុម ហុងទ្រី និងអ្នកប៉ះសេដៃទី១ ប៊ន ណារិទ្ធ ក៏ត្រូវបានសហព័ន្ធកោះហៅអោយចូលរួមដែរ ហើយបច្ចុប្បន្នពួកគេកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។

ចំពោះវត្តមានសិស្សប្អូនទាំង៣រូបក្នុងក្រុមជម្រើសជាតិបាល់ទះក្នុងសាលត្រៀម Sea Games ឆ្នាំ២០២៣នេះដែរ មាស វាសនា បានក្រើនរំលើឹកដល់ពួកគេអោយខំប្រឹងប្រែងហ្វឹកហាត់ គោរពវិស័យអោយបានល្អ ដើម្បីជាប់ឈ្មោះក្នុងបញ្ជីីចុងក្រោយ និងដើម្បីយកលទ្ធផលល្អជូនជាតិ។ មិនតែប៉ុណ្ណោះគេថែមទាំងបានជូនពរពួកគេទទួួលបានជោគជ័យក្នុងអាជីពមួយ។

វាសនា ធ្លាប់ជាប់ជម្រើសជាតិបាល់ទះក្នុងសាលនៅឆ្នាំ២០១៥ ចេញទៅប្រកួត Sea Games នៅប្រទេសសិង្ហបុរី។ ឆ្នាំ២០១៧ គេជាប់ជម្រើសជាតិម្ដងទៀត ប៉ុន្តែគេលាឈប់ដោយសារមានធុរៈចាំបាច់ និងលើកទី៣នៅឆ្នាំ២០២២នេះ ប៉ុន្តែក៏ដូចឆ្នាំ២០១៧ដែរ ដោយសារមានធុរៈបន្ទាន់គេក៏បានសុំលាឈប់ជាថ្មីម្ដងទៀត។

គួរបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៣ វាសនា បានចូលរួមជាមួយក្លឹបបាល់ទះព្រៃវែង ដែលបច្ចុប្បន្នមានឈ្មោះក្លឹបបាល់ទះវិសាខា។ ហាត់នៅក្លឹបនេះបាន១ឆ្នាំ ពោលឆ្នាំ២០១៤ គេបានផ្ទេរទៅកាន់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ រហូតដល់បច្ចុប្បន្ន។ ចំពោះស្នាដៃគេទទួលបាននៅក្លឹបមហាផ្ទៃគឺពានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងឆ្នាំ២០១៥ ទី២ពានបុណ្យទន្លេរសាលាខេត្តកំពង់ចាមក្នុងឆ្នាំ២០១៦ និងពានលីអូខាប់នៅក្នុងឆ្នាំ២០១៧៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់