- 2022-08-19 03:00:14
- បាល់ទះ
ប៊ន ណារិទ្ធ ថាហ្វឹកហាត់នៅក្លឹបនិងជម្រើសជាតិគឺពិបាកដូចគ្នា
- 2022-08-19 03:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ន ណារិទ្ធ ថាហ្វឹកហាត់នៅក្លឹបនិងជម្រើសជាតិគឺពិបាកដូចគ្នា
ចន្លោះមិនឃើញ
អ្នកប៉ះសេដៃទី១របស់សមាគមន៍បាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅឱ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣។
មកទល់នឹងពេលនេះមានរយៈពេលមួយខែហើយ ដែលគេបានចូលរួមហ្វឹកហាត់។ ក្នុងរយៈពេលនេះ ណារិទ្ធ បានប្រាប់ថាគេសប្បាយចិត្តជាខ្លាំងដែលបានចូលរួមជាមួយក្រុមជម្រើសជាតិជាថ្មី។
នៅពេលសួរថាតើយល់យ៉ាងណាដែរចំពោះការហ្វឹកហាត់នៅក្រុមជម្រើសជាតិ លំហាត់ពិបាកទេ បើធៀបនឹងការហ្វឹកហាត់នៅក្លឹបក្រសួងមហាផ្ទៃ? កីឡាករមានដើមកំណើតមកពីខេត្តតាកែវ បានទម្លាយថាការហ្វឹកហាត់មិនសូវជាខុសគ្នាប៉ុន្មានទេ ពោលគឺពិបាកដូចគ្នា និងមានលំហាត់ពិបាកផ្សេងៗគ្នា។
ទោះបីជាយ៉ាងណាអ្នកប៉ះសេដ៏ឆ្នើមប្រចាំក្លឹបក្រសួងមហាផ្ទៃ អាចទ្រាំទ្របាន ព្រោះទាំងអស់នេះជាអ្វីដែលកីឡាករគ្រប់រូបចង់បាន។
ចំពោះជំនឿចិត្តថានឹងជាប់ក្នុងជម្រើសបញ្ជីចុងក្រោយលេងស៊ីហ្គេមឆ្នាំ២០២៣ ណារិទ្ធ ថាមិនសូវជាមានសង្ឃឹមច្រើនឡើយ ដ្បិតសមត្ថភាពគេនៅមានកម្រិត ប៉ុន្តែគេនឹងខំប្រឹងប្រែងតាមដែរអាចធ្វើទៅបាន។
នេះជាលើកទី៣ហើយនៅក្នុងអាជីពដែលកីឡាករ ប៊ន ណារិទ្ធ មានឈ្មោះក្នុងបញ្ជីជម្រើសជាតិបាល់ទះកម្ពុជា ពោលគឺឆ្នាំ២០១៨ ត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ ត្រូវជម្រុះចេញ និងឆ្នាំ២០២២នេះ ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
គួរបញ្ជាក់ថា កីឡាករផ្សេងទៀតដែលត្រូវបានកោះហៅឱ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិមាន មឿន ម៉េងឡាយ មកពីក្រសួងមហាផ្ទៃ ខុម ហុងទ្រី មកពីក្រសួងមហាផ្ទៃ មាស វាសនា មកពីក្រសួងមហាផ្ទៃ, ឌឹន សុីដែន ស្មាត់ស្ដាំមកពីស្នងការខេត្តកំពង់ចាម កីឡាករ ម៉ុន តារា ស្មាត់ស្ដាំមកពីស្នងការខេត្តតាកែវ កីឡាករ សេង គឹមហាប់ លីប្រូមកពីស្នងការខេត្តសៀមរាប។ ប៉ុន្តែបើតាមព័ត៌មានច្បាស់ការកីឡាករបីរូបបានដកខ្លួនចេញពីក្រុមជម្រើសជាតិហើយរួមមាន ម៉ុន តារា, សេង គីមហាប់ និង មាស វាសនា កីឡាកររបស់ក្លឹបក្រសួងមហាផ្ទៃ។ ចំពោះមូលហេតុពួកគេរវល់ការងារផ្ទាល់ មិនអាចចូលរួមបានឡើយ៕