• 2022-08-09 07:19:00
  • បាល់ទាត់

Inter Milan បាន​បញ្ចប់​កុងត្រា​របស់ Sanchez ហើយ

  • 2022-08-09 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប Inter Milan បាន​បញ្ចប់​កុងត្រា​​របស់​ខ្សែ​ប្រយុទ្ធ Alexis Sanchez ហើយ​ ដោយ​​កិច្ចព្រមព្រៀង​​រវាងគ្នា​ទៅវិញទៅមក។

កីឡាករ​សញ្ជាតិ​ឈីលី​រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០៩​ប្រកួត​ឲ្យ Inter បន្ទាប់​ពី​ផ្លាស់​ពី​ក្លិប Manchester United ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​ដំបូង​ក្នុង​ឆ្នាំ​២០១៩។ កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ជួយ Inter ឈ្នះ​ពាន Serie A ជា​លើក​ដំបូង​​ក្នុង​រយៈពេល​១១​ឆ្នាំ​ក្នុង​រដូវ​កាល​២០២០-២១ ប៉ុន្តែ​ជួប​ការ​លំបាក​សម្រាប់​ការ​ស្វែង​រក​នាទី​លេង។

Sanchez ដែល​ធ្លាប់​លេង​នៅ Arsenal ៤​ឆ្នាំ មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លិប​នៅ​លីគ​កំពូល​បារាំង Marseille។ ក្នុង​ពេលវេលា​បញ្ចប់​កុងត្រា ក្លិប Inter Milan ក៏​បាន​​អរគុណ​ដល់ Sanchez សម្រាប់​រយៈពេល​៣​រដូវ​កាល​កន្លង​មក​ និង​ជូន​ពរ​សំណាង​ល្អ​​​​សម្រាប់​អនាគត​អាជីព​ខាង​​មុខ។

Alexis Sanchez ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​បទពិសោធន៍​​ធ្លាប់​លេង​នៅ​ក្លិប​ធំ​ៗ​ជា​ច្រើន​ដូច​ជា River Plate, Udinese, Barcelona, Arsenal, Man Utd និង Inter។ គេ​ជោគជ័យ​ខ្លាំង​បំផុត​អំឡុង​ពេល​លេង​៣​រដូវ​កាល​ជាមួយ Barca ជួយ​ក្រុម​ឈ្នះ​ពាន La Liga, Copa de Rey, UEFA Super Cup និង FIFA Club World Cup៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់