
- 2022-07-14 07:22:15
- បាល់ទះ
ស្មាត់កម្ពស់ជិត២ម៉ែត្រទើបចូលជម្រើសជាតិរូបនេះ តាំងចិត្តហ្វឹកហាត់ចង់សម្រេចក្ដីស្រមៃបានលេងស៊ីហ្គេម២០២៣
- 2022-07-14 07:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់កម្ពស់ជិត២ម៉ែត្រទើបចូលជម្រើសជាតិរូបនេះ តាំងចិត្តហ្វឹកហាត់ចង់សម្រេចក្ដីស្រមៃបានលេងស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ឌឹន សុីដែន ស្មាត់ធំមួយរូបរបស់ក្លឹបស្នងការខេត្តកំពង់ចាម ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាដាក់បញ្ចូលឈ្មោះ ក្នុងក្រុមជម្រើសជាតិិកម្ពុជាដើម្បីជាកម្លាំងថ្មី សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីមានកម្ពស់ល្អក្បែរ២ម៉ែត្រ និងមានសមត្ថភាពល្អក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលបានបញ្ចប់កាលពីពេលថ្មីនេះ។ ក្រោយរូបគេត្រូវបានចុចឈ្មោះចូលក្នុងក្រុមជម្រើសជាតិកីឡាករវ័យ២៦ឆ្នាំបានតាំងចិត្តយ៉ាងមុតមាំថា នឹងប្រឹងប្រែងហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ព្រោះនេះជាក្ដីស្រមៃ និងពិសេសគឺចង់បង្ហាញមុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ស៊ីដែន ជាអតីតកីឡាកររបស់ក្លឹបវិសាខាកាលអំឡុងឆ្នាំ២០១៦ ដែលពេលនោះដោយសារបញ្ហាសុខភាព គេក៏សុំលាឈប់ចែកផ្លូវជាមួយក្លឹប។ យុវជនកើតថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៩៦ រូបនេះក៏បានត្រឡប់មកកាន់វិស័យបាល់ទះវិញ ក្រោយបានជាសះស្បើយពីសុខភាព និងចូលលេងឲ្យក្រុមបាល់ទះស្នងការខេត្តកំពង់ចាម រឿងដែលធ្វើគេអាចឈានជើងចូលក្នុងក្លឹបអាជីព ដែលសម្បូរទៅដោយអ្នកមានសមត្ថភាពវិញបាននោះគឺដោយសារតែសមត្ថភាព កម្ពស់ល្អ រហូតដល់ ១,៩៧ ម៉ែត្រ បានធ្វើកូនអ្នកកំពង់ចាមត្រូវបានសហព័ន្ធទាក់ទងឲ្យបានចូលក្នុងចង្កោមជម្រើសជាតិ និងពិសេសបានហ្វឹកហាត់ជុំមិត្តចាស់របស់គេនៅវិសាខាផងដែរ។
ក្រោយការបង្ហាញខ្លួនក្នុងក្លឹបជាថ្មីយុវជនដែលមានបងប្អូនបង្កើតពីរនាក់រូបនេះ បានតាំងចិត្តធ្វើយ៉ាងណាប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញក្ដីស្រមៃ និងពិសេសក៏ដើម្បីអ្នកខេត្តកំពង់ចាមផងដែរ។ «បាទបងខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព ពីកម្លាំងកាយចិត្ត ព្រោះថាខ្ញុំបានសម្រេចក្ដីស្រមៃបានជាប់ជម្រើសបាល់ទះដូចបំណងហើយ។ យ៉ាងណាខ្ញុំក៏ចង់បំពេញក្ដីស្រមៃឲ្យខ្លួនឯង បានលេងស៊ីហ្គេមនៅឆ្នាំ២០២៣ ដើម្បីខ្លួនខ្ញុំ និងដើម្បីអ្នកខេត្តកំពង់ចាមរបស់ខ្ញុំដែរ...» នេះជាការលើកលើកឡើងរបស់ ឌិន ស៊ីដែន ។
យុវជនខាងលើមានបងប្អូនបង្កើតពីរនាក់ប្រុសទាំងពីរ គេជាកូនទី២ ក្នុងគ្រួសារកសិករមួយ ដែលមានឪពុកឈ្មោះ សាន គឹមងន់ និងម្ដាយឈ្មោះ ជុន ណៃស្រេង ។ គេមានទីកន្លែងកំណើតនៅភូមិ កោៈប៉ែន ឃុំកោៈមិត្ត ស្រុក កំពង់សៀម ខេត្តកំពង់ចាម៕