
- 2022-06-27 05:20:36
- បាល់ទះ
ប្រធានសហព័ន្ធ៖ «ចប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម យើងត្រៀមពានរង្វាន់សម្តេចតេជោ»
- 2022-06-27 05:20:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធ៖ «ចប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម យើងត្រៀមពានរង្វាន់សម្តេចតេជោ»
ចន្លោះមិនឃើញ
«ចប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម យើងត្រៀមពានរង្វាន់សម្តេចតេជោ» នេះជាប្រសាសន៍ឯកឧត្ដម នេត សាវឿន ប្រធានសហព័ន្ធបាល់ទះ ក្រោយក្រុមបាល់ទះវិសាខា B បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិត (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ នៅរាជធានីភ្នំពេញ។
ឯកឧត្តម នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកថាការប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម នេះជាការផ្តល់បច្ចេកទេស និងបទពិសោធន៍ ដ៏ល្អមួយសម្រាប់ក្រុមនានាមកពីតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តមបានកោតសរសើរដល់មន្ត្រីសហព័ន្ធ គណៈកម្មការរៀបចំការប្រកួត ក្រុមចូលរួមប្រកួត អ្នកឧបត្ថម្ភនានា ដែលជំរុញឱ្យការប្រកួតនេះដំណើរការទៅដោយជោគជ័យ។
«សូមក្រុមទាំងអស់កែប្រែកំហុសបច្ចេកទេស របស់ខ្លួនឱ្យបានល្អ ដើម្បីត្រៀមការប្រកួតក្នុងពានរង្វាន់កម្រិតខ្ពស់មួយទៀត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចុងឆ្នាំនេះ។ ក្រុមដែលឈ្នះជ័យលាភីត្រូវខិតខំហ្វឹកហាត់ថែមទៀត ដើម្បីប្រជែងឱកាសលើឆាកអន្តរជាតិនាពេលខាងមុខ ព្រោះថាប្រទេសក្នុងតំបន់យើងមួយចំនួនគេមិនសប្បាយចិត្តទេពេល ឃើញយើងរីកចម្រើន។ ចំណែកក្រុមដែលមិនបានជ័យលាភីសូមកុំបោះបង់ហើយខិតខំប្រឹងប្រែងថែមទៀត មិនមែនចាញ់ហើយយើងរំសាយក្រុមចោលនោះទេ។ សូមគណៈកម្មការរៀបចំការប្រកួត និងមន្រ្តីសហព័ន្ធតាមដានរឿងនេះផង»។
ជាមួយគ្នានោះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយចប់ការប្រកួតថា៖« យើងឃើញហើយថា បងប្អូនដែលជាសមាជិក ក្រុមចូលរួមពីតាមបណ្តាខេត្តមានស្នាដៃ បច្ចេកទេស ប្រហាក់ប្រហែលគ្នា ដល់តែយកមកដាក់លើទីលានទើបឃើញថាមានការឈ្នះចាញ់គ្នាមិនដាច់ខ្លាំងទេ ប៉ុន្តែអ្វីដែលខ្វះនោះគឺគាត់ខ្វះឱកាស យើងព្យាយាមបង្កើតព្រឹត្តិការណ៍នានាឱ្យពួកគាត់បង្ហាញឱកាស ឱ្យមហាជន និងទស្សនិកជនបានឃើញពួកគាត់ពិតប្រាកដ»។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបន្តថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នឹងបន្តធ្វើរាល់ឆ្នាំខាងមុខទៀត ខណៈក្រុមខ្លាំងត្រឹមវគ្គ៨ក្រុមចុងក្រោយ និង ក្រុមខ្លាំងផ្សេងទៀត ត្រូវបន្តប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ខាងមុខទៀត។
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ នេះមានក្រុមចូលរួមចំនួន ២១ ដោយបែងចែកជា៤ពូលផ្សេងគ្នា ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ មានឈ្មោះឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
ជើងឯកក្រុមបាល់ទះវិសាខា B ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា ៥០០០ដុល្លារអាមេរិក ហើយក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៣០០០ដុល្លារ ក្រុមលេខ៣សមាគមកីឡាបាល់ទះខេត្តសៀមរាប ទទួលបានមេដាយសំរឹទ្ធិម្នាក់១ អមដោយថវិកា ២០០០ដុល្លារ និងលេខ៤ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ទទួលបានថវិកាលើកទឹកចិត្ត ១០០០ដុល្លារ។
សម្រាប់ពានរង្វាន់ឯកត្តជនវិញកីឡាករម្នាក់ៗទទួលបានពានរង្វាន់ម្នាក់១ អមដោយថវិកាលើកទឹកចិត្ត២០០ដុល្លារ៖
– កីឡាករលើកបាល់ល្អជាងគេ (The Best Setter) កីឡាករ ចាន់ សារ៉ន មកពីខេត្តតាកែវ
– កីឡាករធ្វើរនាំងល្អជាងគេ (The Best Blocker)កីឡាករ ឌី លីដា របស់ក្រុមរដ្ឋបាលរាជធានីភ្នំពេញB
– កីឡាករវាយសេវាល្អជាងគេ (The Best Server) ឈឹម ឈាងនី របស់វិសាខា B
– កីឡាករប្រយុទ្ធល្អជាងគេ (The Best Spike) អ៊ី សំអឿន របស់ខេត្តសៀមរាប
– កីឡាករឆ្នើម (The Most Valuable Player) អ៊ី សំអឿន របស់ខេត្តសៀមរាប