• 2022-06-27 04:21:11
  • បាល់ទាត់

នេះ​ហើយ​ជា​​ថ្លៃ​ពលកម្ម​ដែល Mane ទទួល​បាន​នៅ Bayern Munich

  • 2022-06-27 04:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​​ជាង​គេ​​ម្នាក់​លើ​លោក បន្ទាប់​ពី​ចាកចេញ​ពី Liverpool ទៅ​ចូលរួម​ជាមួយ Bayern Munich។

ផ្អែក​តាម​សារព័ត៌មាន​របស់​អាល្លឺម៉ង់ Bild ​បាន​ចុះ​ផ្សាយ​ថា Mane នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​១៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ Bayern ក្រោយ​​ចុះ​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៥។ ហង្សក្រហម​បាន​យល់​ព្រម​លក់​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​ទៅ​ឲ្យ Bayern ក្នុង​តម្លៃ​ខ្លួន​២៧,៤លាន​ផោន ហើយ​អាច​​ឡើង​ដល់​៣៥​លាន​ផោន​អាស្រ័យ​​លើ​ការ​​បង្ហាញ​ខ្លួន បូករួម​​​សមិទ្ធផល​បុគ្គល​និង​ក្រុម។

Bild បាន​បញ្ជាក់​ថា Mane អាច​​រក​ចំណូល​បាន​ចន្លោះ​៥​ទៅ​១០​លាន​ផោន​​ក្នុង​មួយ​ឆ្នាំ​ៗ​​នៅ Liverpool។ ប៉ុន្តែ​​​ពេល​នេះ​គេ​អាច​​រក​បាន​ដល់​ទៅ​១៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ជាមួយ Bayern។ មាន​ពាក្យ​លេចឮ​ថា Mane បាន​ទាមទារ​សុំ​ Liverpool តំឡើង​ប្រាក់​​ពលកម្ម ដើម្បី​បន្ត​នៅ។ ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​វ័យ​​៣០​ឆ្នាំ​បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​លើក​ឡើង​ថា កីឡាករ​របស់​ខ្លួន​​ចាកចេញ​ដោយ​ចង់​ស្វែង​រក​បទពិសោធន៍​ថ្មី។

រយៈពេល​៦​រដូវ​កាល​រួមរស់​ជាមួយ​ហង្សក្រហម Mane បាន​ជួយ​ក្រុម​ឈ្នះ​​ពាន​ធំ​ៗ​ជា​ច្រើន​ដូច​ជា Premier League, FA Cup, League Cup, Champions League, UEFA Super Cup និង FIFA Club World Cup៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី