/62a8840c11c23_1655211000_medium.jpg)
- 2022-06-14 12:54:16
- ព័ត៌មាន
មានដឹងអត់មូលហេតុអ្វីបានជាកម្ពុជាត្រូវបាន FIFA ជ្រើសរើសដើម្បីដង្ហែពាន World Cup?
- 2022-06-14 12:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់មូលហេតុអ្វីបានជាកម្ពុជាត្រូវបាន FIFA ជ្រើសរើសដើម្បីដង្ហែពាន World Cup?
ចន្លោះមិនឃើញ
ពាន FIFA World Cup ពិតប្រាកដែលធ្វើពីមាសសុទ្ធជាង៦គីឡូក្រាម ដែលគិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារ នឹងធ្វើពិធីដង្ហែដឹកមកដល់កម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នៅម៉ោង១០ព្រឹក ដោយមានការចូលរួមស្វាគមន៍ពីសំណាក់វត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព មុននឹងពាននេះដង្ហែទៅតាំងនៅពហុកីឡាដ្ឋានមរតកតេជោ។
យ៉ាងណាតើមានដឹងពីមូលហេតុអ្វីដែលធ្វើឲ្យ FIFA សម្រេចជ្រើសរើសប្រទេសកម្ពុជា ដើម្បីធ្វើការដង្ហែពាន World Cup នេះ?
បើយោងតាមការចុះផ្សាយទាំងស្រុងរបស់សារព័ត៌មាន Fresh News ទាក់ទងនឹងចម្ងល់ខាងលើនេះ ឯកឧត្ដម វ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ថា មានហេតុផលជាច្រើន មុន FIFA សម្រេចជ្រើសរើសប្រទេសនីមួយៗ ដើម្បីដង្ហែពានមាសសុទ្ធខាងលើ រួមទាំងកម្ពុជាផងដែរ៖
ទី១៖ ការពិនិត្យ និងការចាប់ឆ្នោតយកប្រទេស ។ បន្ទាប់ពីការពិនិត្យ និងចាប់ឆ្នោតរួច កម្ពុជា បានជាប់ស្ថិតក្នុងចំណោម ៥១ប្រទេស ដែល FIFA ត្រូវដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកឆ្លងកាត់ មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា ។
ទី២៖ ការពិនិត្យលើសក្ដានុពលផ្នែកកីឡាបាល់ទាត់ ក៏ដូចជាពិនិត្យមើលប្រទេសដែលកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រមួយចំនួន ដើម្បីជួយ ជាក់ស្ដែងភាគច្រើនប្រទេសនៅអាហ្វ្រិក ។
ទី៣៖ ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនដៃគូរបស់ FIFA ក្នុងការដង្ហែពាននេះ ទៅគ្រប់បណ្ដាប្រទេស ក៏ជាផ្នែកមួយនៃការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសនេះដែរ ។
ឯកឧត្ដមក៏បានបន្តលើកឡើងថា ហេតុផលក្រៅពីនេះទៀតគឺទៅលើកត្ដាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ ព្រោះកន្លងមកពាននេះ ធ្លាប់មានករណីលួច និងបាត់បង់ចំនួន ២លើកមកហើយ កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងឆ្នាំ១៩៨៣ នៅប្រេស៊ីល ដោយសព្វថ្ងៃនេះកម្ពុជាមានសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អក៏ទទួលបានការចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកឡើងពីគោលបំណងសំខាន់ៗនៃការដង្ហែពាននេះផងដែរដោយមានដូចជាទី១-ដើម្បីអបអរសាទរការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា នាចុងឆ្នាំ២០២២ ខាងមុខ ។ ទី២-លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិក FIFA និងជំរុញការលើកទឹកចិត្តខាងផ្នែកកីឡាបាល់ទាត់ ដែលជាកីឡា ត្រូវបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍន៍យុវជន និងសង្គម និងទី៣-ការគាំទ្រដល់រាជរដ្ឋាភិបាលប្រទេសនីមួយៗ ឲ្យស្រលាញ់ចូលចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានេះ ។
បន្ទាប់ពីបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យ FIFA សម្រេចជ្រើសរើសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដើម្បីដង្ហែពាន World Cup នេះ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានបង្ហាញគោលបំណង ក៏ដូជាទិសដៅដែលកម្ពុជាបានសម្រេចចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។
សម្រាប់កម្ពុជាវិញការចូលរួមដង្ហែពាននេះ គឺជាការលើកទឹកចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មានន័យថា ជាការអបអរសាទរ និងជំរុញឲ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និងទទួលបានការគាំទ្រជាសកលថែមទៀត ។ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធ មានកាតព្វកិច្ចរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព និងធ្វើឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាលេចត្រដែតលើឆាកអន្ដរជាតិថែមទៀត។
ឯកឧត្ដមបានលើកឡើងថា៖" រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យពានរង្វាន់បាល់ទាត់ពិភពលោកនេះ ឆ្លងកាត់មកដល់កម្ពុជា គឺដើម្បីជួយផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយឲ្យមើលឃើញអំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំកម្មវិធីកីឡា និងទទួលព្រឹត្តិការណ៍កីឡាសំខាន់ៗ ។ ការណាការដង្ហែពាននេះ មានសុវត្ថិភាព មានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ វាគឺជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អ ជួយកម្ពុជា ក្នុងការធ្វើស៊ីហ្គេម និងទទួលភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ នៅឆ្នាំ២០២៣ ដោយភាពកក់ក្ដៅ គ្មានក្ដីបារម្ភអ្វីទាំងអស់ "។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដង្ហែពាន World Cup នេះនឹងចាប់ផ្ដើមម៉ោង១០ព្រឹមស្អែកនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ដោយការស្វាគមន៍ដោយសម្ដេចតេជោ ហ៊ុន សែន រួចនឹងទៅដាក់តាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពាន ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ថ្ងៃដដែល៕
ប្រភព៖ Fresh News