
- 2022-06-10 02:42:33
- បាល់ទះ
បាល់ទះដាក់គោលដៅយកមេដាយមាស សម្រាប់ស៊ីហ្គេម២០២៣
- 2022-06-10 02:42:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះដាក់គោលដៅយកមេដាយមាស សម្រាប់ស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធបំបែកកំណត់ត្រា ៣៩ ឆ្នាំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្កើនគោលដៅរបស់ខ្លួនដោយចង់ដណ្ដើមយកមេដាយមាសឲ្យបានសម្រាប់ស៊ីហ្គេមនៅកម្ពុជានាឆ្នាំក្រោយវិញម្ដង។
ប្រិយមិត្តពិតជាបានដឹងហើយថា កម្ពុជាពិតជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះថៃ ដែលជាជើងខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទម្លាក់ហ្វីលីពីនកាលលេងវគ្គសន្សំពិន្ទុក្នុងពូល។ លទ្ធផលនេះបានធ្វើឲ្យកម្ពុជាកាន់តែមានទំនុកចិត្ត ក្នុងការប្រកួតប្រជែងនាប្រកួតស៊ីហ្គេមឆ្នាំក្រោយលើទឹកដីកម្ពុជា រហូតលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហាញការតាំងចិត្តខ្ពស់ថា សហព័ន្ធបានកំណត់គោលដៅប្រជែងយកមេដាយមាសសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។
«ខ្ញុំពិតជាចង់ឃើញទង់ជាតិកម្ពុជា ត្រូវបានគេឈរគោរព នៅពេលដែលបង្ហូតក្នុងការប្រគល់មេដាយនាពេលស៊ីហ្គេមឆ្នាំ២០២៣ ហើយបើចង់ឲ្យទង់ជាតិយើងត្រូវបានគេបង្ហូតគោរពយើងត្រូវតែយកមេដាយមាសឲ្យបាន។ យើងដឹងហើយថា វាជារឿងដែលមិនមែនងាយស្រួល ប៉ុន្តែបើយើងដាក់គោលដៅហើយបង្កើនការប្រឹងប្រែងអ្វីៗក៏អាចកើតឡើងបានដែរ»។ នេះជាសម្ដីរបស់លោកអគ្គលេខាធិការខាងលើបាននិយាយ។
លោកអគ្គលេខាធិការបានបន្ថែមថា សហព័ន្ធកំពុងបង្កើនសមត្ថភាពកីឡាករដើម្បីពង្រឹងបន្ថែម ពិសេសទៀតនោះ ការជ្រើសរើសកីឡាករដែលមានសមត្ថភាពមកចូលរួមហ្វឹកហាត់ក្នុងជំរុំបន្ថែមទៀត សម្រាប់ការត្រៀមខ្លួនឲ្យបានល្អស៊ីហ្គេមឆ្នាំ២០២៣៕