• 2022-06-08 11:15:13
  • បាល់ទាត់

AFC សុំទោស​ហើយ​ ក្រោយ​ ឯ.ឧ​ សៅ សុខា ព្រមាន​ រឿង​មិន​យក​ចិត្ត​ទុក​ដាក់​ ក្រុមជម្រើសជាតិ​កម្ពុជា​

  • 2022-06-08 11:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ (AFC) បាន​ចេញ​លិខិត​សុំ​ទោស​កម្ពុជា​ហើយ​ ក្រោយ​ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍​ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បាន​ចេញ​សេចក្ដី​ព្រមាន​កាល​ពី​រសៀល​ថ្ងៃ​មិមិញ​ ដោយ​ទុក​ពេល​ ៣ម៉ោង​ឲ្យ​ចេញ​លិខិត​សុំ​ទោស​ ​រឿង​​មិន​បាន​ខ្វល់​អ្វី​ទាល់​តែ​សោះ​ ចំពោះ​ការ​ទទួល​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​ ទាំង​អាហារ​ ការ​ស្នាក់​នៅ​ រួម​ទាំង​ទង់ជាតិ​របស់​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​របស់​ Fresh News ល្ងាច​នេះ​។

នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។

សូម​រំលឹក​ផង​ដែរ​កាល​ពី​រសៀល​ ថ្ងៃ​ទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០២២នេះ​ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍​ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ព្រមាន​តាម​ Fresh News ដោយ​បាន​ប្រកាស​ទុក​រយៈពេល​៣ម៉ោងឲ្យ​ សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ (AFC) និង​សហព័ន្ធបាល់​ទាត់​ឥណ្ឌា​ រួម​ទាំង​អ្នក​រៀប​ចំ​ការ​ប្រកួត​ ត្រូវ​ធ្វើ​លិខិត​សុំទោស​កម្ពុជា​ជា​បន្ទាន់​ ពាក់ព័ន្ធ​នឹង​រឿង​​មិន​បាន​ខ្វល់​អ្វី​ទាល់​តែ​សោះ​ ចំពោះ​ការ​ទទួល​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​ ទាំង​អាហារ​ ការ​ស្នាក់​នៅ​ រួម​ទាំង​ទង់ជាតិ​របស់​កម្ពុជា​ផង​ដែរ​។

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​អ្វី​ដែល​បាន​គ្រោង​ទុក​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ នឹង​ប្រកួត​នឹង​ ក្រុម​ជម្រើសជាតិ​ឥណ្ឌា​ ក្របខ័ណ្ឌ​ AFC Asian Cup វគ្គ​ជម្រុះ​ នៅ​ម៉ោង​១០ យប់​នេះ​(ម៉ោង​កម្ពុជា) នៅ​ទីលាន​ Salt Lake ប្រទេស​ឥណ្ឌា​៕

លិខិតសុំទោសរបស់ AFC

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី