• 2022-05-30 07:57:38
  • បាល់ទាត់

​អតីត​គ្រូ​វិសាខា​​ជឿ​ថា GO FC ​នឹង​អាច​បណ្ដុះ​គំនិត​ក្មេង​ស្រី​ឲ្យ​​ស្រលាញ់​បាល់ទាត់​កាន់​តែ​ខ្លាំង

  • 2022-05-30 07:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Curtis Colum Gerard ​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​វិសាខា ​​ដែល​បាន​ចូល​រួ​ម​ចែក​រំលែក​​​​​​ចំណេះ​ដឹង​​ផ្នែក​បាល់ទាត់​ដល់​ក្មេង​​ស្រី​ៗ ក្នុង​កម្មវិធី​ Camping លើក​ដំបូង​​នៅ​ក្លឹប​ ​CIS Roller Dome កាល​ពី​ម្សិលមិញ​​នេះ​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា កម្មវិធី​នឹង​អាច​ជា​ស្ពាន​មួយ​ក្នុង​ការ​​បណ្ដុះ​គំនិត​ក្មេង​​ស្រីៗ ឲ្យ​ងាក​មក​ស្រលាញ់​ផ្នែក​បាល់ទាត់​កាន់​តែ​ខ្លាំង​។

គ្រូ​បង្វឹក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា គោល​បំណង​ចង់​បង្កើត​ឱកាស​​ឲ្យ​កីឡា​ការិនី​អាច​លេង​បាល់​ ពី​ព្រោះ​​មិន​សូវ​ជា​មាន​ច្រើន​ទេ​​ស្រី​ៗ​ដែល​លេង​បាល់​នោះ​។ ក្នុង​​កម្មវិធី​នេះ​គេ​មាន​ដាក់​បញ្ចូល​​ឲ្យ​ក្មេង​ៗ​ទទួល​បាន​ការ​ហ្វឹកហាត់​បាន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ ​ដោយ​បង្ហាត់​បង្ហាញ​ដោយ​គ្រូ​​បង្វឹក​ជំនាញ​ៗ​ពី​តាម​បណ្ដា​ក្លឹប​អាជីព​ធំ​ៗ រួម​មាន​ដូច​ជា​ភ្នំពេញ​ក្រោន ​​ស្វាយរៀង ​និង​ ISI ដង្កោ​សែន​ជ័យ​ជា​ដើម​​ជា​ដើម​។

​គ្រូ​បង្វឹក​ដដែល​បា​ន​​និយាយ​ថា «​កម្មវិធី​នេះ​​ខ្ញុំ​គិត​ថា​វា​នឹង​អាច​ជួយ​បណ្ដុះ​គំនិត​ក្មេង​ៗ​ឲ្យ​ស្រលាញ់​បាល់ទាត់​បាន​មួយ​ផ្នែក​ធំ​។ ខ្ញុំ​មើល​ឃើញ​ថា គ្រប់​គ្នាដែល​​បាន​មក​ចូលរួម​កម្មវិធី​​​នេះ​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​​ពួក​គាត់​អាច​នឹង​មក​វិញ​​ចូល​រួម​ជា​មួយ​ពួក​យើង​ក្នុង​ឱកាស​ក្រោយ​ៗ​ទៀត»។

​​​​​​​​​​​​​​​​សមា​ជិក​អង្គការ​នៃ GOFC​ រួមមាន​ក្លឹប​បាល់ទាត់​ស្វាយរៀង, ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន, មូលនិធិ​ KMH នៃ​ក្រុម ​ISI, Riel Phnom Penh Srey , ​កីឡា​បាល់ទាត់​សប្បាយ​រីករាយ​កម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡា​បាល់ទាត់​សម្រាប់​ជីវិត។

GOFC ​ត្រូវ​បាន​បង្កើត​ឡើង​ជា​អង្គការ​សហគមន៍​មួយ ដែល​មាន​អ្នក​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហកម្ម​បាល់ទាត់​ អ្នក​ដឹកនាំ​ធុរកិច្ច និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​ដែល​មាន​ចំណាប់​អារម្មណ៍​ទាំង​សហគមន៍​ខ្មែរ និង​ សហគមន៍​ជន​បរទេស។ ​ក្រុម​កីឡា​បាល់ទាត់​កុមារី​នេះ​មាន​គោល​បំណង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន ដែល​មាន​គោល​បំណង​ស្រដៀង​គ្នានេះ និង​មាន​បំណង​ជំរុញ​សេចក្ដី​ត្រូវការ​ឱ្យ​មាន​កីឡា​បាល់ទាត់​កុមារី។ ​វា​មាន​គោល​បំណង​ជាក់លាក់​ក្នុង​ការ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ក្លាយ​ជា​ជើងឯក​ ដោយ​សារ​ពួកគេ ​គឺ​ជា​អ្នក​ធ្វើ​សេច​ក្ដី​សម្រេច​ចិត្ត​យ៉ាង​សំខាន់​។ ULS ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ GOFC ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់