• 2022-05-09 04:05:30
  • បាល់ទះ

គ្រូ​​ជម្រើស​បាល់​ទះជាតិ​កម្ពុជា Li Jun យក​ប្រទេស​២ធ្វើជា​គោលដៅ​​​ប្រកួតប្រជែង​សម្រាប់​ SEA Games ឆ្នាំ​នេះ

  • 2022-05-09 04:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Li Jun គ្រូ​បង្វឹក​បាល់ទះក្នុង​សាល​​ជម្រើស​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​​ថា លោក​បាន​យក​ប្រទេស​ថៃនិង​ហ្វីលីពីនធ្វើ​ជាគោលដៅ​ ​​ដើម្បីហ្វឹកហាត់និង​​ប្រកួត​ប្រជែង​ជាមួយ​ពួកគេ​នៅ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១​នៅ​វៀតណាម​ឆ្នាំ​២០២២​នេះ​ ដ្បិត​​ប្រទេស​ទាំង​ពីរ​​​ជា​ក្រុម​លេខ​២​និង​លេខ​៣​កាល​ពី​អាណត្តិ​មុន​។

លោក Li Jun (ឆ្វេង)

ក្នុង​បទសម្ភាសន៍​មួយ​បង្ហោះ​លើ​ផេក​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា គ្រូ​បង្វឹក​ជនជាតិ​ចិន​បាន​បញ្ហាក់​ថា ៖«សម្រាប់​ការ​ប្រកួត​នេះ​ដែរ​គឺ​យើង​នៅ​​​ក្នុង​ពូល​ជាមួយ​ប្រទេស​ថៃ​​និង​ហ្វីលីពីន ដែល​ពួកគាត់​កាល​ពី​អាណត្តិ​មុន ពួកគេ​​​ក្រុម​មួយ​គឺ​លេខ​២​និង​ក្រុម​មួយ​គឺ​លេខ​៣ ដូច្នេះ​ហើយ​ទើប​ការ​ហ្វឹកហាត់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ខ្ញុំ​យក​​ក្រុម​របស់​គាត់​ទាំង​ពី​រដែល​ជា​ក្រុម​ខ្លាំង​ធ្វើ​ជាគោល​ដៅ ហើយ​ប្រឹង​​ហ្វឹកហាត់ដើម្បី​ប្រកួត​​ជាមួយ​ពួកគាត់​ ការងារ​ទី​មួយ​នា​ពេល​ឥឡូវ​នេះ​គឺ​រៀប​ចំ​កីឡាករ​យើងឱ្យ​​បាន​ត្រឹម​ត្រូវ​ ដើម្បី​ប្រឈម​មុខ​នឹង​គូបក្សដិបក្ខ​របស់​ពួក​យើង​»។

បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​លោក​ Li Jun កីឡាករ​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា មាន​ទាំង​កីឡាករ​ចាស់ៗនិង​កីឡាករ​ថ្មីៗ។ សម្រាប់​កីឡា​ថ្មីៗ​សុទ្ធ​ជា​កីឡាករ​ប្រឡូក​ក្នុង​ការ​ប្រកួត​ក្នុង​ឆាកអន្តរជាតិ​ជា​លើក​ទី​មួយ​។

លោក​បាន​រៀបរាប់​បន្ថែម​ថា ៖«បច្ចុប្បន្ននេះ​និយាយ​ពី​វ័យ​វិញ​មាន​ដល់​​ទៅ​បី​វ័យ វ័យ​ចាស់​ កណ្ដាល​ ក្មេង​ គឺ​មាន​ទាំង​អស់​នៅ​ក្នុង​ក្រុម​របស់​យើង​ ហើយ​សម្រាប់​កីឡាករ​​ក្មេង​ៗ​ដែល​ទើប​តែ​ចូល​នេះ ខ្ញុំ​នឹង​ខំ​បង្វឹក​ពួកគាត់​ដើម្បី​ធ្វើ​ជា​ថ្នាល​មួយ​ជា​ធ្នង់​មួយ​ដើម្បី​ត្រៀម​ការ​ប្រកួត​សម្រាប់​ស៊ីហ្គេម​ដែល​រៀប​ចំ​ដោយ​ប្រទេស​កម្ពុជា​យើង​ផ្ទាល់ យុទ្ធសាស្ត្រ​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​ប្រើ​ក្មេងៗ​ដើម្បី​សម្រុក ហើយ​ប្រើ​កីឡាករ​ចាស់ៗ​ដើម្បី​ទប់»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់