- 2022-05-05 03:55:06
- បាល់ទាត់
លោកស្រី ពុធ ធីតា ជឿថាកម្មវិធីបាល់ទាត់កុមារី ( GOFC ) ជាចំណែកមួយទ្រទ្រង់ជម្រើសជាតិ
- 2022-05-05 03:55:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ពុធ ធីតា ជឿថាកម្មវិធីបាល់ទាត់កុមារី ( GOFC ) ជាចំណែកមួយទ្រទ្រង់ជម្រើសជាតិ
ចន្លោះមិនឃើញ
កម្មវិធីបាល់ទាត់កុមារីអាយុក្រោម១២ឆ្នាំ Girls Onside Football Cambodia ( GOFC ) បានធ្វើសន្និសីទកាសែតកាលពីម្សិលមិញនេះ ក្នុងឱកាសនោះលោក ស្រី ពុធ ធីតា អនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារីរបស់ FFC និងជាប្រធានក្លឹបបឹងកេតបង្ហាញជំនឿចិត្តថា កម្មវិធីមួយនេះពិតជាល្អ និងជឿថា អាចជាចំណែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់វិស័យបាល់ទាត់នារីកម្ពុជា ពិសេសគឺជម្រើសជាតិតែម្ដង។
កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ១២ឆ្នាំ គឺកំណត់ឲ្យការចូលរួមស្ថិតនៅចន្លោះអាយុចាប់ពី ៦ ទៅ១២ ឆ្នាំ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើ Camping លើកដំបូងនៅកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្លឹប CIS Roller Dome និង DIB Club ចាប់ពីម៉ោង ៤ ដល់ ៦:៣០លា្ងច។ ទាក់ទងការរៀបចំនេះលោកស្រី ពុធ ធីតា បាននិយាយថា «ក្នុងនាមជាអនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារីរបស់ FFC និងជាប្រធានក្លឹបបឹងកេត ខ្ញុំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹងឲ្យបង្កើតព្រឹត្តិការណ៍នេះឡើង។ ខ្ញុំយល់យ៉ាងច្បាស់ថា មូលដ្ឋានគ្រឹះនៃបាល់ទាត់នារីមានសារសំខាន់ប៉ុណ្ណា សម្រាប់កុមារីនៅកម្ពុជាយើង ហើយវានឹងជួយអភិវឌ្ឍន៍បាល់ទាត់នារីកម្ពុជាយើងយ៉ាងខ្លាំង។…បាល់ទាត់នារីកម្ពុជាបានទៅចូលរួមស៊ីហ្គេមជាលើកទី១ហើយ អីចឹងសង្ឃឹមថា បាល់ទាត់កុមារីនៅកម្ពុជារបស់យើងគឺជាចំណែកមួយជួយអភិវឌ្ឍន៍កីឡាការិនីនៅប្រទេសយើង ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេស ព្រោះអីយើងនៅខ្វះខាតច្រើន ហើយកម្មវិធីនេះគឺល្អមែនទែន ដើម្បីជួយអភិវឌ្ឍន៍ដល់បាល់ទាត់នារីរបស់យើង»។
សមាជិកអង្គការនៃ GOFC រួមមានក្លឹបបាល់ទាត់ស្វាយរៀង, ក្លឹបបាល់ទាត់ភ្នំពេញក្រោន, មូលនិធិ KMH នៃក្រុម ISI, Riel Phnom Penh Srey , កីឡាបាល់ទាត់សប្បាយរីករាយកម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡាបាល់ទាត់សម្រាប់ជីវិត។
GOFC ត្រូវបានបង្កើតឡើងជាអង្គការសហគមន៍មួយ ដែលមានអ្នកវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មបាល់ទាត់ អ្នកដឹកនាំធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋដែលមានចំណាប់អារម្មណ៍ទាំងសហគមន៍ខ្មែរ និង សហគមន៍ជនបរទេស។ ក្រុមកីឡាបាល់ទាត់កុមារីនេះមានគោលបំណងសហការជាមួយអ្នកពាក់ព័ន្ធយ៉ាងច្រើន ដែលមានគោលបំណងស្រដៀងគ្នានេះ និងមានបំណងជំរុញសេចក្ដីត្រូវការឱ្យមានកីឡាបាល់ទាត់កុមារី។ វាមានគោលបំណងជាក់លាក់ក្នុងការធ្វើឱ្យឪពុកម្ដាយក្លាយជាជើងឯក ដោយសារពួកគេ គឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្តយ៉ាងសំខាន់។ ULS មានមោទនភាពក្នុងការគាំទ្រ GOFC ៕