• 2022-05-02 05:11:05
  • បាល់ទះ

បុរីឃាម បញ្ញា ឈ្នះមហាផ្ទៃ A វគ្គផ្ដាច់ព្រ័ត្រទាំងព្រលឹងចុងសក់ ខណៈសិតទី១បានត្រឹម៣គ្រាប់

  • 2022-05-02 05:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតដណ្ដើមពានរង្វាន់មេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» កាលពីថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២នៅទីលាន The Blue Sport Center ក្រុមបាល់ទះបុរីឃាម បញ្ញា បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ A ទាំងត្រដាបត្រដួសនិងព្រលឹងចុងសក់ ដ្បិតការប្រកួតមានលក្ខណៈស្វិតស្វាញល្អមើលបំផុត និងថែមទាំងក្រសោបបានចំនួនអ្នកទស្សនាអនឡានប្រមាណជិត២ម៉ឺននាក់ (20K)។

ស្វិតស្វាញព្រោះការប្រកួតសិតទីមួយក្រុមជើងខ្លាំងក្រសួងមហាផ្ទៃ A ពិតជាធ្វើបានល្អយកឈ្នះក្រុមរបស់លោក សំរឹទ្ធ សេរី យ៉ាងស្រួលបំផុតក្នុងលទ្ធផលពិន្ទុ ១៥ ទល់ ៣ គ្រាប់។ លទ្ធផលនេះធ្វើឱ្យការលេងរបស់ក្រសួងមហាផ្ទៃ A កាន់តែពុះកញ្ជ្រោលនិងមានបទំនុកចិត្តខ្ពស់។ នៅសិតទី២ក្រុមជើងខ្លាំងក្រសួងមហាផ្ទៃ A នៅតែធ្វើបានល្អដោយបន្តដាក់សម្ពាធលើក្រុមបាល់ទះបុរីឃាម បញ្ញា ខណៈពិន្ទុដេញគ្នាយ៉ាងប្រផិតប្រផើយ។ ការប្រកួត សិត ទី២ នេះទៀតសោត ត្រូវបានចាត់ទុកជាការប្រកួតដ៏តានតឹង ជក់ចិត្ត និងស្វិតស្វាញបំផុត ប៉ុន្តក្រុមឥន្ទ្រីញីឈ្មោលឌូកក្ដូ ហាក់សហការគ្នាបានល្អ និងវាយបកតាមស្មើពិន្ទុ១៤វិញ ចុងក្រោយយកឈ្នះក្រុមមហាផ្ទៃ A ក្នុងលទ្ធផលពិន្ទុ ១៦ ទល់នឹង ១៤គ្រាប់។

ជ័យជម្នះសិតទី២បានបន្តសង្ហើមដក និង​ក្ដីសង្ឃឹមដល់ក្រុមឥន្ទ្រីញីឈ្មោល ហើយពួកគេបានប្រឹងប្រែងយកឈ្នះបន្តទៀតនៅសិតទី៣ដែលជាសិតកាត់សេចក្ដី។ ពួកគេបានប្ដូរយុទ្ធសាស្ត្រក្នុងការលេង ទីបំផុតយកឈ្នះក្រុមក្រសួងមហាផ្ទៃ A ក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ១២គ្រាប់ គ្រងជើងឯកតែម្ដង។

ទាក់ទងនឹងការប្ដូរយុទ្ធសាស្ត្រលោក សំរឹទ្ធ សេរី ដែលជាអ្នកដឹកនាំក្រុមបានទម្លាយឱ្យដឹងថា សិតទី១ក្រុមក្រសួងមហាផ្ទៃប្រើប្រាស់សេវាបានល្អ ធ្វើឱ្យក្រុមរបស់លោកចាប់ម៉ូវេដាច់ស្មាត់ ចំណែកការវាយសេវាលោតគប់ក្រុមលោកទៅលើក្រុមមហាផ្ទៃ A ហាក់មិនមានប្រសិទ្ធភាព។ ដូច្នេះហើយទើបលោកឱ្យកូនក្រុមវាយសេវាលោតស្ទើរប្រអប់ និងឱ្យសំសាមីតជួយកាងសេវា ដើម្បីឱ្យឌូកក្ដូអាចធ្វើស្មាត់បានល្អ។

លោកបានឱ្យដឹងបែបនេះថា ៖«យើងមើលទម្រង់ក្មេងៗរបស់មហាផ្ទៃ កីឡាកររបស់មហាផ្ទៃសិតទី១គាត់ចាប់សេវាលោតគប់ល្អមែនទែន អត់អាចធ្វើគាត់បែកទេ ណាមួយខាងមហាផ្ទៃគាត់ប្រើសេវាមកល្អណាស់ ហុងប្រើសេវាបានល្អដាច់ស្មាត់ឌូក ហើយណាមួយបាល់ម៉ូវេច្រើន ខ្ញុំគិតថាបើយើងព្យាយាមលោតគប់ទៀតធ្វើគាត់អត់បែកទេ ពួកគាត់ចាប់សេវាល្អណាស់ យើងបានពិភាក្សាគ្នាក្នុងក្រុមប្ដូរយុទ្ធសាស្ត្រវ៉ៃសេវាស្ទើរប្រអប់វិញ ដោយសារឃើញក្មេងៗវ៉ៃសឺវីសស្ទើរប្រអប់ទៅគាត់រាងស្ទើរ គ្រាន់តែយើងប្ដូរយុទ្ធសាស្ត្រភ្លាម យើងឃើញថាប្រើការបាន វ៉ៃសេវាស្ទើរប្រអប់ទៅមិនស៊ីតែវាម៉ូវេ ងាយស្រួលប្រើរនាំងការពារ»។

លោក សំរឹទ្ធ សេរី អ្នកដឹកនាំ​ក្រុម

ក្នុងនាមជាអ្នកដឹកនាំក្រុមមួយរូប លោកសេរីពិតជាមិននឹកស្មានថា ក្រុមក្រសួងមហាផ្ទៃធ្វើបានល្អយ៉ាងដូច្នេះឡើយ ហើយលោកបានកោតសរសើរចំពោះសមត្ថភាពកីឡាករក្រុមមហាផ្ទៃ A ទាំងអស់ជាពិសេសយុវជនដ៏មានសមត្ថភាពវ័យក្មេង មឿន ម៉េងឡាយ និងហុងលីប្រូ។

លោកបានបញ្ជាក់ថា៖«និយាយទៅសមត្ថភាពពួកគាត់ ចង់និយាយថាយើងមិនគួរឱ្យជឿគាត់ល្អដល់ថ្នាក់ហ្នឹង ពេលមុនប្រកួតយើងគិតថាយើងមានភាគរយលើគាត់ ប៉ុន្តែដល់ពេលចូលលេងមិននឹកស្មានសមត្ថភាពរបស់គាត់ល្អៗមែនទែនជាពិសេសម៉េងឡាយ ម៉េងឡាយពីលើសុទ្ធហ្មង ពេលសិតទី២ក៏អ៊ីចឹងដែរយើងវ៉ៃសឺវីសម៉ូវេម៉េច ណារិទ្ធប៉ះសេម៉េចក៏គាត់អាចជួយក្រុមគាត់បានដែរ និយាយទៅគាត់ល្អមែនទែនក្មេងៗ ណាមួយហុងកាងសេវាដាច់ហើយ ហុងការពារល្អ និយាយទៅល្អទាំងអស់»។

គួរបញ្ជាក់ថា ក្រុមបាល់ទះបុរីឃាមបញ្ញាជាម្ចាស់ជើងឯកពានរង្វាន់មេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ឆ្នាំ២០២២ ខណៈក្រុមក្រសួងមហាផ្ទៃ A ជាជើងឯករង។ ក្រុម​ជើងឯកទទួលបានមេដាយមាស១ និងប្រាក់រង្វាន់ចំនួន២០លានរៀល លេខ២ទទួលបាន​ ៨លានរៀល លេខ៣បាន​លើ​ក្រសួង​មហាផ្ទៃ B ទទួលបាន២លាន៨០ម៉ឺនរៀល និងលេខ​៤​បាន​លើ​ក្រុមឥន្ទ្រីស្លាបដែកក្រុង​ព្រះសីហនុ ទទួលបានប្រាក់លើកទឹកចិត្ត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់