• 2022-04-27 02:07:27
  • បាល់ទាត់

Foden ​៖​យើង​គួរ​តែ​អាច​សម្លាប់​ពួកគេ​ (Real Madrid) បាន​ត្រឹម​ប្រកួត​នេះ​

  • 2022-04-27 02:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Phil Foden ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Manchester City ​បាន​និយាយ​ថា​ក្រុម​ខ្លួន​គួរ​តែ​សម្លាប់ ​ឬ​យក​ឈ្នះ​លើ​ក្រុម Real Madrid ​នៅ​ជើង​ទី​១​នេះ​ឱ្យ​បាន​ច្រើន ​ព្រោះ​មាន​ឱកាស​ល្អ​ៗ​ច្រើន តែ​គួរ​ឱ្យ​ស្ដាយ​ឈ្នះ​គ្រាប់​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ។

​ជំនួប​ជើង​ទី​១​នៅ​យប់មិញ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុង​លទ្ធផល ៤-៣។ ដោយ​ប្រកួត​នេះ​ដែរ គេ​ឃើញ​ថា​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​និង​កៀប​សង្កត់​ទៅ​លើ​ក្រុម​ភ្ញៀវ​ច្រើន តែ​សោកស្ដាយ​រក​បាន​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ។ ការ​របូត​ឱកាស​ច្រើន​នេះ​ដែរ ​ធ្វើ​ឱ្យ Foden ​សោកស្ដាយ​ជា​ខ្លាំង ព្រោះ​ប្រសិន​បើ​អាច​យក​ឈ្នះ​ជើង​ទី​១​នេះ​បាន​ច្រើន​គ្រាប់ ​នោះ​នៅ​ជើង​ទី​២​ទឹក​ដី​អេស្ប៉ាញ ​មិន​សូវ​ជា​មាន​ក្ដី​បារម្ភ​ច្រើន​នោះ​ទេ។

​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​បាន​និយាយ​ថា​៖ “យើង​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ ​និង​អាច​សម្លាប់​ការ​ប្រកួត​នេះ​បាន​។ ក្នុង​ការ​ប្រកួត​បែប​នេះ យើង​ត្រូវ​ការ​ការ​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន​។ យើង​កំពុង​លេង​ជាមួយ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Champions League ​ច្រើន​បំផុត ប្រសិន​បើ​យើង​ទុក​ឱ្យ​ពួកគេ​លេង ពួកគេ​នឹង​ធ្វើ​បាប​យើង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ជើង​ទី​២​”៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់