• 2022-04-22 08:12:43
  • ព័ត៌មាន

មាន​កិត្តិយស​ណាស់! អត្តព​លិកកម្ពុជា​ជាង៥០០នាក់​ ​នឹង​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច ហ៊ុន សែន មុនទៅ​ SEA Games នៅ​វៀតណាម

  • 2022-04-22 08:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការ​ណ័​កីឡា​ SEA Games លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​១២ ខែ​ឧសភា ដល់ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២។ មុន​ចេញ​ទៅ​ប្រកួត​​នៅ​ប្រទេស​ភូមិផង​របង​ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​ខាងមុខ អត្តពលិក​កម្ពុជា​ជាង​៥០​០នាក់ ​នឹង​មាន​ឱកាស​​ចូល​រួម​សម្ដែង​ការ​គួរ​សម​​​ជាមួយ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នៅមជ្ឈមណ្ឌល​កោះពេជ្រ វេលា​ម៉ោង​៨​ព្រឹក​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្ដម វ៉ាត់​ ចំរើន​ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា CAMSOC ​នៅ​ទីស្នាក់ការ​ NOCC នា​​ព្រឹកមិញ​។​

ឯកឧត្ដម ​ វ៉ាត់​ ចំរើន​

អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឯកឧត្ដម ​ វ៉ាត់​ ចំរើន​ បាន​បន្ថែម​ថា អត្តពលិក​ទាំង​អស់​នឹង​ទទួល​បាន​អនុសាស្ត្រលើកទឹកចិត្ត និងចិត្តសាស្ត្រ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​ មុន​ចេញ​ទៅ​ប្រកួត​ដណ្ដើម​មេដាយ​ជូន​ប្រទេស​ជាតិ។

ឯកឧត្ដម វ៉ាត់​ ចំរើន​ បាន​បញ្ជាក់​​បែប​នេះ ៖«យើង​ដឹង​ថា​មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ទេ​ ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ផ្ដល់​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ទៅប្រកួត​ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នេះ​ក៏​ជាការ​ជម្រុញ​ចិត្ត​សាស្ត្រ​កីឡា​មួយឱ្យ​កីឡាករ​កីឡាការិនី​ហ្នឹង គាត់​បាន​ទទួល​នូវ​ថាមពល​នៃចិត្តសាស្ត្រ​បន្ថែម ដើម្បី​ឱ្យ​គាត់​ធ្វើ​ការ​ប្រកួត​ទៅ​មាន​ប្រសិទ្ធភាព​បន្ថែមក្នុង​ការ​ជម្រុញ​ទឹក​ចិត្ត​ឱ្យ​ជំនាញ​របស់​គាត់​កាន់​តែ​ល្អ»។

គួរ​បញ្ជាក់​ថា​ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០២២​នេះ កម្ពុជា​ត្រៀម​បញ្ជូន​អត្តពលិក​ជាង​៥០០​នាក់ លើ​៣២​ប្រភេទ​កីឡា​ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់