• 2022-04-22 02:42:20
  • ព័ត៌មាន

កាន់​តែ​ជក់​ចិត្ត! ​លីគ​អាជីព MPL-KH វគ្គ​ Spring Split ឈាន​ដល់​​​៤​ក្រុម​ចុង​ក្រោយ​

  • 2022-04-22 02:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​អស់​ពេល​ជា​ច្រើន​សប្តាហ៍​ លីគ​​អាជីព​កីឡា​អេឡិចត្រូនិក MPL-KH នៅ​កម្ពុជា​​សម្រាប់​​វិញ្ញាសា Mobile Legends: Bang Bang ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​។

វា​បាន​ក្លាយ​ជា​ការ​ប្រកួត​​វិល​ជុំ​សន្សំពិន្ទុ​ដ៏​ស្វិត​ស្វាញ និង​រំភើប​រីក​រាយ​បំផុត​ដោយ​ក្រុម​ខ្លាំង​ទាំង​៨​បាន​ជួប​ប្រកួត​គ្នា​ទាំង​អស់។ ក្រោយ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជា​ច្រើន​សប្តាហ៍ ក្រុម​ខ្លាំង Impunity KH ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ដើម្បី​ឈរ​លើ​កំពូល​តារាង​ ហើយ​ក៏​មាន​សមាជិក​ក្រុម​ជា​ច្រើន​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​នីមួយៗ​ដោយ​សារ​ពួក​គេ​ប្រកួត​បាន​ល្អ​ឥត​ខ្ចោះ។

លទ្ធផល​ការ​ប្រកួត​វគ្គ​ខ្វែង ក្រុម Team MAX ទទួលបានជ័យជម្នះ​ពីការប្រកួត​ដ៏​​ស្វិត​ស្វាញដោយ​លទ្ធផល​បច្ចេកទេស​ ៣-២​ លើ​ក្រុម Logic Esports ដើម្បី​បាន​កៅអី​ឡើង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្រប​ពេល​ ក្រុម​ខ្លាំង Impunity KH ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយ​​បាន​លត់​ក្រុម​ Infamous LG ដោយ​លទ្ធផល​តដៃ​មិន​រួច ៣-០។

ចំណែក​ក្រុម Burn X Plax ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម DG Quantum ដោយ​លទ្ធផល ៣-១ ខណៈ​ក្រុមល្បី​ឈ្មោះ See You Soon បាន​លត់​ក្រុម Divinity SaGa ដោយ​លទ្ធផល​តដៃ​មិន​រួច ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​​២៣-២៤ ខែ​មេសា​នេះ​ចាប់​ពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ទៅ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ រាជ​ធានី​ភ្នំពេញ។ លោក​អ្នក​អាចស្វែង​​ព័ត៌មាន​ពី​កម្មវិធី​ប្រកួត​តាម​រយៈ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ MLBB KH FB។

ប្រាក់​រង្វាន់​សរុប​៤​ម៉ឺន​​ដុល្លារ​​សម្រាប់​ក្រុម​ជយលាភី​ដែល​ទទួល​បាន​ដូច​ខាង​ក្រោម៖

  • លេខ​១៖ ​១៦ ០០០ ​ដុល្លារ​អាមេរិក
  • លេខ​២៖ ៨ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៣៖៥ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៤៖ ៣ ០០០​ ដុល្លារអាមេរិក
  • លេខ​៥៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៦៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៧៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៨៖ ២ ០០០ ​ដុល្លារ​អាមេរិក

អត្ថបទ៖ នរវិទូ

មតិយោបល់