• 2022-04-20 02:51:34
  • បាល់ទះ

ស្រក់ទឹកភ្នែក! ក្រុម​បាល់ទះ​មហាផ្ទៃ​ទម្លាក់​គ្នា​ឯង បង្ក​ឱ្យ​បរិយកាស​វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែរំជើបរំជួលនិង​ជក់ចិត្ត​

  • 2022-04-20 02:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២២ ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ A នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រសួង​មហាផ្ទៃ B ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៃ​ពាន​រង្វាន់​ «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» នៅ​ទី​លាន​មជ្ឍមណ្ឌល The Blue Sport។

ការ​ចាប់​ឆ្នោត​គ្នា​ឯង​និង​គ្នា​ឯង​នេះ ច្បាស់ណាស់​ក្រុម​មួយ​នឹង​ត្រូវ​បាន​ជម្រុះ​ចេញ។ លោក អ៊ូ សុផល គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ការ​សោកស្ដាយ​ដែរ ពេល​ក្រុម​របស់​លោក​ត្រូវ​ប៉ះគ្នា​បែប​នេះ។ ប៉ុន្តែ​យ៉ាងណា​លោក​ថា​ ការ​ប្រកួត​នេះ​នឹង​បង្ក​ឱ្យ​បរិយាកាស​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កាន់​តែ​ជក់ចិត្ត​និង​រំជើបរំជួល​បំផុត​។

គ្រូ​ដែល​ធ្លាប់​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ បាន​បង្ហើប​ថា ៖«ស្ដាយ​ដែរ តែ​ធ្វើ​ម៉េច​បើ​យើង​ចាប់​ឆ្នោត​ប៉ះគ្នា និយាយ​ទៅ​ស្ដាយ​ ចង់​ឱ្យ​មហាផ្ទៃ A B ឡើង​ផ្ដាច់ព្រ័ត្រ​ជួប​គ្នា​...ខ្ញុំ​គិត​ថា​អ្នករៀប​ចំ​កម្ម​វិធី ​ម្ចាស់​ឧបត្ថម្ភកម្មវិធី និង​ទស្សនិកជន​ក៏គេ​អត់​ចង់​ឱ្យ​យើង​ជួប​គ្នា​ដែរវគ្គ​ផ្ដាច់ព្រ័ត្រ ជា​ធម្មតា​ទេអាហ្នឹង​ បើ​យើង​ជួប​គ្នា​ទៅ​គេ​ថា​កម្មវិធី​គេ​អត់​ល្អ​មើល បើ​យើង​ជួប​ក្រុម​ផ្សេងអាហ្នឹង​បាន​ល្អ​មើល»។

ចំពោះ​ក្រុម​ក្រសួង​មហាផ្ទៃ​ លោកគ្រូ​ប្រាប់​ថា​ក្រុម​ A មាន​សមត្ថភាព​ល្អ​ជាង​ B ព្រោះ​ឈុត​នេះ​សំបូរ​កីឡាករ​ចាស់ៗ​មាន​បទពិសោធ​ច្រើន ខណៈ​ B សំបូរ​ដោយ​​កីឡាករ​យុវជន​​មាន​បទ​ពិសោធ​តិច​តួច​ស្ដួចស្ដើង​។ យ៉ាងណា​លោក​មិន​បាន​គិត​ថា ​ត្រូវ​ទុក​ក្រុម​ណាទម្លាក់​ក្រុម​ណា​មួយ​ឡើយពោល​គឺ​ក្រុម​​ណា​មាន​សមត្ថភាព ក្រុម​នោះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

លោកគ្រូ អ៊ូ សុផល

នៅ​ថ្ងៃព្រហស្បតិ៍​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ ក្រុម​បាល់ទះ​ជើង​ខ្លាំង​បុរី​ឃាម​បញ្ញានឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ឥន្ទ្រី​ស្លាបដែក​ក្រុង​កំពង់សោម។ ក្រុម​ណា​ឈ្នះ​នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុ​ម​ក្រសួងមហាផ្ទៃ A ឬ B នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពាក់ព័ន្ធ​នឹង​ក្រុម​ទាំង​ពីរ​ខាង​លើលោកគ្រូ អ៊ូ សុផល បាន​ចាត់ទុក​ក្រុម​បុរី​ឃាមបញ្ញាជា​ឧបសគ្គ​ធំ​​ ខណៈ​ក្រុម​ឥន្ទ្រី​ស្លាប​ដែក​ក្រុង​កំពង់​សោម ធ្លាប់​ត្រូវ​ក្រុម​មហាផ្ទៃ B ​ទម្លាក់​ម្ដង​រួច​ទៅ​ហើយ​ កាល​ពី​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ខែ​ទី​៣​ ​ដូច្នេះ​ពួកគេ​មិន​សូវ​មាន​ជា​បញ្ហា​ចោទ​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​របស់​លោក​​​ បាន​ត្រៀម​ខ្លួននិង​យុទ្ធសាស្ត្របាន​ល្អ​រួច​​រាល់​ហើយ សម្រាប់​ការប្រកួត​​​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​សប្ដាហ៍​បន្ទាប់។

គួរ​បញ្ជាក់​ថា ជ័យលាភី​លេខ​១​នៃ​ការ​ប្រកួត​ដណ្ដើ​ម​ពាន​រង្វាន់​​មេដាយមាស «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» ឆ្នាំ​២០២២​នេះ​​នឹង​​ទទួលបាន​មេដាយមាស​១ និង​ប្រាក់​ចំនួន​២០​លាន​រៀល ក្រុមជើងឯក​រង​ ទទួល​បាន​៨​លាន​រៀល លេខ​៣​ទទួល​បាន​២លាន​៨០​ម៉ឺន​រៀល និង​ទី​៤​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី