- 2022-04-04 04:40:51
- បាល់ទះ
អបអរសាទរ! លោកគ្រូ សោម ណារិទ្ធ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ដ៏ល្បីល្បាញរៀបការនឹងកូនក្រមុំដ៏ស្រស់ស្អាតវ័យទើប២៩ឆ្នាំ
- 2022-04-04 04:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! លោកគ្រូ សោម ណារិទ្ធ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ដ៏ល្បីល្បាញរៀបការនឹងកូនក្រមុំដ៏ស្រស់ស្អាតវ័យទើប២៩ឆ្នាំ
ចន្លោះមិនឃើញ
ជារឿងដ៏ត្រេកអរមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះជាពិសេសហ្វេនៗរបស់លោកគ្រូ សោម ណារិទ្ធ ដ្បិតលោកបានចូលរោងការជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតមួយរូបវ័យទើបតែ២៩ឆ្នាំប៉ុណ្ណោះ ខណៈលោកមានវ័យ៤៤ឆ្នាំទៅហើយ។
បើតាមការបង្ហើបពីគ្រូជំនួយក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញរូពនេះ លោកបានស្គាល់ភរិយារបស់លោក បួយ អូន អំឡុងការបិទខ្ទប់ ពោលគឺពេលលោកនិងក្រុមការងារ ចុះចែកអំណាយដល់អ្នកខ្វះខាត និងជនរងគ្រោះរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
បច្ចុប្បន្នភរិយាដ៏ស្រស់សោភារបស់អតីតជម្រើសជាតិបាល់ទះដ៏ល្បីល្បាញរបស់កម្ពុជារូបនេះ ជាអ្នកស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ មានបុខរបរផ្នែកលក់អចលទ្រព្យ។ លោកនិងភរិយាបានចូលរោងការនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅភោជនីដ្ឋានរិទ្ធិជ័យ នៅខណ្ឌជ្រោងចង្វារ សង្កាត់ព្រែកលាប រាជធានីភ្នំពេញ ដោយមានការចូលពីអ្នកមានមុខមានមាត់ក្នុងសង្គម និងអតីតកីឡាករកម្ពុជាល្បីៗយ៉ាងច្រើនកុះករ។
ឥឡូវនេះងាកមកមើលស្នាដៃរបស់លោកគ្រូ សោម ណារិទ្ធវិញ។ ក្នុងព្រឹត្តិការណ៍ធំៗដូចជា SEA Game និង Asian Game លោកគ្រូជំនួយក្លឹបរដ្ឋបាលរាជធានីភុ្នំពេញ សុទ្ធតែធ្លាប់បានចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា។ លោកបានបន្សល់ទុកស្នាដៃ និងយកមេដាយជាច្រើន ហើយលោកបានទម្លាយឱ្យដឹងពីការប្រកួតមួយ ដែលលោកចាំមិនភ្លេចក្នុងមួយជីវិតនេះ។ នោះជាការប្រកួតបាល់ទះឆ្នេរខ្សាច់ នៅព្រឹត្តិការណ៍ Asian Game ឆ្នាំ២០០៦ នៅប្រទេសកាតាដែលមានជាង៥០ប្រទេសចូលរួមបូកទាំងកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាប្រទេសខ្លះបានយកប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់នេះដល់ទៅ២ក្រុមដើម្បីចូលរួមប្រកួត ចំណែកកម្ពុជាមានតែមួយក្រុមប៉ុណ្ណោះ។
លោកគ្រូ សោម ណារិទ្ធ និងលោកគ្រូ សោម ចំណាប់ ត្រូវជាប្អូនប្រុសបង្កើត បានធ្វើការយ៉ាងធ្ងន់ទម្រាំដណ្ដើមបានចំណាត់ថ្នាក់លេខ៩ បន្ទាប់ពីឈ្នះវគ្គជម្រុះចាញ់ធ្លាក់លើប្រទេសខ្លាំងៗជាង៥០ប្រទេសដូចជា ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន និងអូម៉ង់ជាដើម។ ជាពិសេសលោកទាំងពីរបានទម្លាក់ម្ចាស់ផ្ទះកាតានៅវគ្គបើកឆាកក្នុងលទ្ធផលឈ្នះ២សិតទល់នឹងសូន្យ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាញសារព័ត៌មានល្បីៗដូចជាសារព័ត៌មានប្រទេសជប៉ុន។
បងប្អូនបង្កើតដែលតំណាងឱ្យកម្ពុជា និងក្រសោបបានភាពល្បីល្បាញខ្លាំងអំឡុងពេលនោះ បានប្រកួតប្រជែងជម្រុះយ៉ាងស្វិតស្វាញ រហូតនៅសល់១២ក្រុម ហើយសម្រេចបានចំណាត់ថ្នាក់លេខ៩ ក្រោយចាញ់កីឡាករបងប្អូនភ្លោះរបស់ប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំ២០០៧ លោកនិងប្អូនបង្កើត បានចេញទៅលេងស៊ីហ្គេមនៅប្រទេសថៃ ដែលឈ្នះបានមេដាយសំរឹទ្ធមួយគ្រឿងជូនកម្ពុជា។
គួបញ្ជាក់ថាលោក សោម ណារិទ្ធ ធ្លាប់ជាប់ជម្រើសជាតិបាល់ទះលើក្ដារ នៅអំឡុងឆ្នាំ១៩៩៧ រហូតឆ្នាំ២០០៧។ យ៉ាងណាបន្ទាប់ពីបាល់ទះលើក្ដារត្រូវបានរំសាយ លោកក៏បានមកហាត់បាល់ទះឆ្នេរខ្សាច់ និងត្រឡប់ទៅកាន់បាល់ទះលើក្ដារវិញ និងជាប់ជម្រើសជាតិរហូត ប៉ុន្តែលោកមិនបានចាំឆ្នាំឡើយ។ មុនជាប់ជម្រើសជាតិ អ្នកស្វាយរៀងរូបនេះ ធ្លាប់លេងឱ្យវិទ្យាល័យខេត្តស្វាយរៀង, ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញឆ្នាំ១៩៩៦ និងក្លឹបក្រសួងមហាផ្ទៃ។ លោកគ្រូណារិទ្ធ ក៏ធ្លាប់ទៅលេងឱ្យក្លឹបបាល់ទះប្រទេសថៃបុរីរ៉ាំ ចំណែកក្លឹបមួយទៀតលោកមិនបានចាំឈ្មោះឡើយ។
បើនិយាយពីពានរង្វាន់ក្នុងស្រុកវិញ លោកបានដណ្ដើមលេង១ស្ទើរតែរាល់ឆ្នាំឱ្យក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃ៕