- 2022-03-01 04:10:34
- បាល់ទះ
បើ គួន ម៉ុម មិនអាចទៅប្រកួតស៊ីហ្គេម តើស្មាត់រូបណាអាចជំនួសតំណែងនេះបាន?
- 2022-03-01 04:10:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើ គួន ម៉ុម មិនអាចទៅប្រកួតស៊ីហ្គេម តើស្មាត់រូបណាអាចជំនួសតំណែងនេះបាន?
ចន្លោះមិនឃើញ
កាលពីពេលថ្មីនេះប្រិយមិត្តបានដឹងហើយថា ស្មាត់ស្ដាំប្រចាំប្រទេសកម្ពុជា និងក្លឹបវិសាខា គួន ម៉ុម កំពុងមានរបួសរលាកស្មាកម្រិតធ្ងន់មួយ ដែលគេមិនហ៊ានរំពឹងថា នឹងអាចទៅលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមឡើយនៅឆ្នាំនេះ។ ប៉ុន្តែស្មាត់ជម្រើសជាតិមានច្រើន ហើយល្អៗក៏ច្រើនដែរ តែអ្នកដែលនឹងកាន់តួនាទីនេះបានល្អជាងគេបន្ទាប់ពី គួន ម៉ុម ត្រូវបានគេរំពឹងថាជាស្មាត់ស្ដាំជម្រើសជាតិ សឿន ហេង ។
សឿន ហេង ជាកីឡាករបាល់ទះអាជីពដ៏ល្អម្នាក់របស់កម្ពុជា ហើយក៏ជាកីឡាករឆ្នើមក្នុងក្រុមវិសាខា ដែលបច្ចុប្បន្នមានតួនាទីជាស្មាត់ស្ដាំតំណែងលេខ១០ ដែលប្រិយមិត្តភាគច្រើនអាចមិនសូវស្គាល់ ប៉ុន្តែគេជាស្មាត់ដែលមានសមត្ថភាពមិនធម្មតា។ ស្មាត់ស្ដាំរូបនេះមានស្រុកកំណើតនៅភូមិឯករ៉ាម សង្កាត់ជើងទឹក ស្រុកកំពង់លាវ ខេត្ត ព្រៃវែង ។ យុវជនរូបនេះទើបតែមានវ័យ ២១ ឆ្នាំប៉ុណ្ណោះ ពោលគឺគេកើតថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៩៩ មានកម្ពស់ ១,៨៣ ម៉ែត្រ បានចូលខ្លួនហ្វឹកហាត់បាល់ទះឆ្នាំ២០១៦ ជាមួយវិសាខា និងបានជាប់ជម្រើសជាតិឆ្នាំ២០១៩ ចេញទៅលេងនៅហ្វីលីពីន។
ដូច្នេះបើសិនជាអវត្តមាន គួន ម៉ុម ជម្រើស៦នាក់ល្អបំផុតរបស់ជម្រើសជាតិបាល់ទះកម្ពុជាអាចមាន ៖ វឿន វាសនា តួនាទីស្មាត់ស្ដាំ កម្ពស់១,៩៨ ម៉ែត្រ, សួន ចាន់ណារ៉ូ (ប្រធានក្រុម) តួនាទីអ្នកលើកកម្ពស់១,៩០ ម៉ែត្រ, ពិន សារុន តួនាទីស្មាត់វាយ៣ម៉ែត្រ និងឆ្វេង ស្ដាំ កម្ពស់២,០១ម៉ែត្រ, សឿន ហេង ស្មាត់ស្ដាំ កម្ពស់ ១,៨៣ ម៉ែត្រ, ផុល រតនៈ តួនាទីអ្នកដេញបាល់លឿន (កណ្ដាល) កម្ពស់១,៨៧ ម៉ែត្រ និង ខឹម សុវណ្ណដារ៉ា តួនាទីលីប៊័ររ៉ូ កម្ពស់១,៨០ម៉ែត្រ។
យ៉ាងណាសម្រាប់ គួន ម៉ុម មិនទាន់ច្បាស់ថា បានទៅឬអត់នៅឡើយ គ្រាន់តែតាមព័ត៌មានពីស្ថានភាពរបួសនេះទំនងជាមិនងាយជាសះស្បើយទាន់ពេលឡើយ ព្រោះអីស្មាត់រូបនេះបានរងរបួសច្រើនសប្ដាហ៍មកហើយ ខណៈការព្យាបាលហាក់មិនមានការស្រាកស្រាន្ត។ ស៊ីហ្គេមឆ្នាំនេះនៅប្រទេសវៀតណាម នឹងដំណើរចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕