- 2022-02-17 02:47:21
- បាល់ទាត់
បំប៉ោងសំណាញ់ទីប្រ៊ុយណេ១គ្រាប់ភ្លាម សារ ទី នឹកឃើញដល់បុគ្គល៣នាក់នេះភ្លែត
- 2022-02-17 02:47:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំប៉ោងសំណាញ់ទីប្រ៊ុយណេ១គ្រាប់ភ្លាម សារ ទី នឹកឃើញដល់បុគ្គល៣នាក់នេះភ្លែត
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៤ កុម្ភៈ នៅពហុកីឡដ្ឋានមរតកតេជា ខ្សែប្រយុទ្ធ U23 កម្ពុជា សារ ទី បានស៊ុតបំប៉ោងសំណាញទីក្រុមជម្រើសជាតិ U23 ប្រ៊ុយណេ ១ គ្រាប់ ជួយឱ្យកម្ពុជានាំមុខ ៣-០ នៅតង់ទី១ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022។
មួយគ្រាប់នេះជាគ្រាប់ទី១របស់គេតាំងពីជាប់ជម្រើសជាតិ២លើកមក។ ស៊ុតបញ្ចូលទីភ្លាម ខ្សែប្រយុទ្ធមកពីក្លឹបបាល់ទាត់វិសាខាបាននឹកឃើញដល់បុគ្គលបីរូបភ្លែតមានឪពុកម្ដាយរបស់គេ ដែលទៅគាំទ្រដល់កីឡដ្ឋានផ្ទាល់ និងជីតាដែលទើបតែចែកឋានទៅ។
អតីតខ្សែប្រយុទ្ធក្រុមអគ្គិសនីកម្ពុជា និងសាលាបាល់ទាត់ជាតិបាទី បានពន្យល់ថា ៖«ពេលខ្ញុំស៊ុតចូលភ្លាមខ្ញុំនឹកដល់ម៉ាក់ប៉ាខ្ញុំ ហើយពួកគាត់ក៏មកមើលដែរ បន្ទាប់ពីខ្ញុំគិតពីម៉ាក់ប៉ាខ្ញុំ ខ្ញុំគិតពីលោកតាខ្ញុំដែលបានចែកឋានទៅ ខ្ញុំគិតថាបើគាត់នៅគាត់នឹងសប្បាយចិត្តខ្លាំង ពេលដែលខ្ញុំលេងបាល់គាត់តែងតែមើលខ្ញុំលេងរហូត ចឹងខ្ញុំគិតដល់លោកតាខ្ញុំដែលគាត់ចែកឋានទៅ»។
គិតមកទល់នឹងពេលនេះលោកតារបស់ សារ ទី ចែកឋានបានជិតមួយឆ្នាំហើយ។ ខ្សែប្រយុទ្ធវ័យក្មេងដដែលក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលរកបាន១គ្រាប់ជួយឱ្យគោព្រៃជំទង់កម្ពុជានាំមុខប្រ៊ុយណេ ៣-០ នៅតង់ទី១ និងឈ្នះ ៦-០ សរុបទាំងពីរតង់។
ខ្សែប្រយុទ្ធមកពីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ៖«ចំពោះគ្រាប់ទី១គឺថាខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ព្រោះអីវាជាគ្រាប់ដំបូងសម្រាប់ខ្ញុំនៅជម្រើសជាតិ ហើយណាមួយនៅពហុកីឡដ្ឋានថ្មី ខ្ញុំមានមោទនភាពជាខ្លាំងសម្រាប់ខ្លួនឯង»។
គួរបញ្ជាក់ថា នៅវេលាម៉ោង ៧:០០ យប់ថ្ងៃ១៧ កុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគោព្រៃជំទង់ U23 កម្ពុជា នឹងត្រូវប្រកកួតជាមួយ U23 ហ្វីលីពីននៅពហុកីឡដ្ឋានមរតកតេជោ ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ៕