- 2022-02-10 02:44:43
- បាល់ទាត់
ម៉ៅ ពិសិដ្ឋ ចង់បង្ហាញខ្លួនឱ្យបានច្រើនទើបចូលរួមជាមួយអង្គរថាយហ្គឺរ
- 2022-02-10 02:44:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ៅ ពិសិដ្ឋ ចង់បង្ហាញខ្លួនឱ្យបានច្រើនទើបចូលរួមជាមួយអង្គរថាយហ្គឺរ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខ្សែប្រយុទ្ធវ័យក្មេង ម៉ៅ ពិសិដ្ឋ ត្រូវបានក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសនាំចូលក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពីក្លឹបភ្នំពេញក្រោន។
ជុំវិញការផ្ទេរទៅកាន់ក្លឹបថ្មីលើទឹកដីខេត្តសៀមរាប ខ្សែប្រយុទ្ធវ័យ២១ឆ្នាំក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដ្បិតរូបគេរពឹងនឹងមានឱកាសបង្ហាញខ្លួនលើទីលានច្រើន ក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់ Cambodian Premier League ជាងនៅក្លឹបចាស់។
កីឡាករកើតលើទឹកដីក្រុងភ្នំពេញ បានពន្យល់ថា ៖«ខ្ញុំផ្លាស់ទៅអង្គរថាយហ្គឺរដើម្បីបានបង្ហាញខ្លួនច្រើន ហើយក៏មានអារម្មណ៍ថាសប្បាយចិត្តដែរ ដែលទទួលបានបទពិសោធអ្វីដែលថ្មីៗ សម្រាប់រដូវកាល២០២២នេះ ខ្ញុំប្ដេជ្ញាចិត្តថានឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឱ្យបានចំណាត់ថ្នាក់ល្អ»។
ក្នុងរដូវកាលឆ្នាំ២០២១ កីឡាករ ម៉ៅ ពិសិដ្ឋ មិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងក្រមខណ្ឌលីគកំពូលកម្ពុជាឡើយ ក្រោមការដឹកនាំរបស់គ្រូបង្គោល Oleg Starynskyi ប៉ុន្តែគេបង្ហាញខ្លួនបានច្រើននៅពានរង្វាន់សម្ដេច ហ៊ុន សែន។ ពិសិដ្ឋជាកីឡាករទី២ហើយបន្ទាប់ពី សឿត បារាំង ដែលត្រូវបានក្លឹបអង្គរថាយហ្គឺរខ្ចីជើង។
បច្ចុប្បន្ន ម៉ៅ ពិសិដ្ឋ កំពុងស្ថិតនៅក្នុងបញ្ជីធ្វើតេស្ត U23 កម្ពុជាដំណាក់កាលទី២មាន៣៦នាក់ ហើយដំណាក់កាលនេះត្រូវហ្វឹកហាត់និងធ្វើតេស្ដនៅពហុកីឡដ្ឋានមរតកតេជោ មុនចម្រាញ់យក២៨នាក់ចុងក្រោយ ត្រៀមប្រកួតព្រឹិត្តិការណ៍កីឡា AFF U23 Championship 2022 កម្ពុជាធ្វើជាម្ចាស់ផ្ទះ៕