• 2021-12-30 02:28:41
  • បាល់ទះ

កុំភ្លេចណា​! ស្អែក​​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុមស្នងការ និង​ក្រសួង​មហាផ្ទៃ A ប្រចាំ​ខែ​ទី​១

  • 2021-12-30 02:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ​២០២១ នឹង​មានការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE &ISI PALM» ប្រចាំ​ខែ​ទី​មួយ​រវាងក្រុមបាល់ទះ​ក្រសួងមហាផ្ទៃ A ជាមួយ​​ក្រុម​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការ​ប្រកួត​ជ្រើស​រើស​ជើងឯក និង​ជើង​ឯក​រង​ប្រចាំ​ខែ​ទី​មួយ​រវាង​ក្រុម​ទាំង​ពីរ​ បាន​ធ្វើ​ឱ្យ​អ្នកស្នេហា​វិស័យ​កីឡា​បាល់​ទះ​នៅ​កម្ពុជាចង់​តាម​ដាននិង​​ទស្សនា​​ជា​ខ្លាំង ព្រោះ​ក្រុម​នីមួយៗ​​សំបូរ​ទៅ​ដោយ​កីឡាករ​ល្អៗ​ដូចជាកីឡាករ ទុយ កុសល ហៅ​យុន​ស្រែស្រែ, ឌី លីដា ហៅ​ចាវ​កំពង​់ចាម, អតីត​អ្នក​ប៉ះសេ​ជម្រើស​ជាតិ​កម្ពុជាលោកគ្រូ សោម ណារិទ្ធ, កែវ សុធារិទ្ធ និង​ រ៉ន សុខជា ហៅ​ស្មាត់​ឈើ​កំពុង​ចាម។

ចំណែក​ក្លឹប​ក្រសួង​មហាផ្ទៃ​ក៏​មិន​ធម្មតា​ដែរ​ពោល​គឺ​មាន​កីឡាករ​ល្អៗ​​​ដូចគ្នា​រួម​មាន​ស្មាត់​ស្ដាំ​វ័យ​ក្មេង​កំពុង​ឡើង​ដៃ មឿន ម៉េងឡាយ, ស្មាត់​ឆ្វេង​ ខុម ហុងទ្រី, អ្នក​ប៉ះសេ​ដ៏​ជំនាញ​ ប៊ន ណារិទ្ធ, រនាំង​ធំ មាស វាសនា ហៅ​ស្នា​លេខ​៥ និង​កីឡាករ​ជំនាញ​ការពារ​ ឡេក លាងហុង។

គូ​នេះ​ត្រូវ​បាន​មហាជន​យល់​ឃើញ​ថា នឹង​ធ្វើ​ឱ្យ​កក្រើកតារាង​បាល់​ទះ The Blue Sport Center ខណ្ឌសែនសុខជាក់​ជា​មិន​ខាន​​ដែល​នឹង​ធ្វើ​ឡើង​នៅ​វេលាម៉ោង ៥ និង​១៥​នាទី​ល្ងាចតទៅ។

គួរ​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​រក​ជើង​ឯក​ និង​ជើង​ឯក​រង​ប្រចាំ​ខែ​ទី​មួយ ខណៈ​បី​ខែ​ទៀត​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២២​ខាង​មុខ​។ ជើង​ឯក​ប្រចាំ​ខែ​នីមួយៗ​នឹង​ទទួល​បាន​ទឹក​ប្រាក់​៦​លាន​រៀល (១,៥០០ដុល្លារ)​ ជើង​ឯក​រង​បាន​​ ៣ លានរៀល (៧៥០ដុល្លារ)។ ក្នុង​មួយ​ខែ​យក​តែ​២​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​ជម្រុះក្នុង​​ខែ​ទី​៥ ដែល​ជា​ខែ​ចុង​ក្រោយនិង​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដណ្ដើម​មេដាយ​មាសនិង​ប្រាក់​រង្វាន់​ធំ។ ក្រុម​លេខ​១​នឹង​ទទួល​បាន​ ២០​លាន​រៀល ខណៈ​លេខ​២​បាន​ ១០លាន​រៀល​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់