• 2021-12-29 05:03:36
  • បាល់ទះ

យុន​ចាប់​ផ្ដើម​ឈឺចង្កេះ​ជា​ថ្មី ស្របពេល​ការ​ប្រកួត​សំខាន់ៗ​នៅ​មាន​ច្រើន

  • 2021-12-29 05:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​របស់ក្លឹប​​បាល់ទះស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទុយ កុសល ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ចង្កេះ​ជា​ថ្មី​ម្ដង​ទៀត​ ស្រប​ពេល​​ការ​ប្រកួត​សំខាន់​​នៅ​មាន​ច្រើន​ដូចជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រសួង​មហាផ្ទៃ ដណ្ដើម​មេដាយមាស «ក្រុម​អធិរាជបាល់ទះ ISI PIPE-ISI PALM» និង​ពាន​រង្វាន់​បាល់ទះ​ក្រៅ​ផ្លូវ​ការ​ «៧​មករា» ជា​ដើម​។

ប៉ុន្មាន​ម៉ោង​មុន​នេះ​​ស្មាត់​រហស្សនាម​យុន​ស្រែស្រែ បាន​បង្ហោះ​រូប​ពីរ​សន្លឹក​លើ​ផេក​របស់​ខ្លួន​ភ្ជាប់​ជាមួយ​សំណេរ​ថា "សុំបាត់មុខមួយរយះសិនហើយបងប្អូន ដោយសារចង្កេះខ្ញុំមានបញ្ហាទៀតហើយ​ សម្រាកព្យាបាលចង្កេះ"។

សំណេរ​របស់​ប្អូន​ប្រុស​បង្កើត​ស្មាត់​រាជ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ និង​ខំមិន​ផ្ញើសារ​ជូន​ពរ​ឱ្យ​ស្មាត់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​ ឆាប់​ជា​សះស្បើយ​​ពី​របួស​ចង្កេះ​។

តើ​របួស​ចង្កេះ​ស្មាត់​យុន​យ៉ាង​ម៉េច​ហើយ​នៅ​ពេល​នេះ? ពាក់​ព័ន្ធ​នឹង​បញ្ហា​របួស​នេះ​ដែរស្មាត់​លំដាប់​ជួរ​មុខ​ស្រុក​ខ្មែរ​ បាន​ប្រាប់​មក​កាន់​ Sabay ថា​រូប​គេ​មិន​អី​ទេ ហើយ​របួស​ចង្កេះ​ក៏​បាន​ធូរស្រាល​ច្រើន​ដែរ ប៉ុន្តែ​​គេ​ត្រូវ​ផ្អាក​លេង​បាល់​មួយ​រយ​ះសិន។

យុន​បង្ហើប​យ៉ាង​ខ្លី​ថា ៖«ទៅពេទ្យ​ព្យាបាល​ឥឡូវ​លែង​អី​ហើយ​បងធម្មតា​វិញ​ហើយ គ្រាន់​តែ​យើង​ផ្អាក​លេង»។

គួរ​បញ្ជាក់​ថា ស្មាត់​យុន​​បាន​រង​របួស​ចង្កេះ​នៅ​ឆ្នាំ​២០២០ អំឡុង​ពេល​​លេង​បាល់​ទះ​ក្រៅ​ផ្លូវ​ការ​នៅ​ខេត្ត​កំពង់​ធំ។ របួស​ចង្កេះ​បាន​ធ្វើ​ឱ្យ​រូប​គេ​បាត់​មុខ​​ពី​ពី​ពិភព​បាល់​ទះ​មួយ​រយះ​ពេល​ធំ លុះ​ដល់​ឆ្នាំ​២០២១​ ទើប​គេ​អាច​ចេញ​ប្រឡូក​វិញ​ ក្រោយ​របួស​បាន​ធូរស្រាល​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី