• 2021-12-27 12:02:28
  • បាល់ទាត់

Rangnick និយាយ​បែប​នេះ​ រឿង​ Martial មាន​គម្រោង​ចាក​ចេញ​ពី​ Man Utd

  • 2021-12-27 12:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​​ថ្ងៃ​នេះ​ពាក់ព័ន្ធ​នឹង​ ខ្សែ​ប្រយុទ្ធ​ Anthony Martial ថា​ ពិត​ជា​ចង់​ចាក​ចេញ​ពី​ក្លឹប​លោក​មែន​ តែ​ការ​ចាក​ចេញ​អាច​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​ក្លឹប​ណា​ចង់​បាន​។

លោក​ Rangnick បាន​និយាយ​ថា​៖" Anthony គេ​ចង់​ចាក​ចេញ​។ គេ​ប្រាប់​ខ្ញុំ​ថា​ គេ​មាន​អារម្មណ៍​ថា​ ដល់​ពេល​ ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ​។ មក​ទល់​នឹង​ពេល​តាម​អ្វី​ ដែល​ខ្ញុំ​ដឹង​ មិន​មាន​ក្លឹប​ណា​ទាក់​ទង​ចង់​បាន​នៅ​ឡើយ​ទេ​។ ឲ្យ​តែ​មិន​ទាន់​មាន​ក្លឹប​ណា​មក​ទាក់ទង​អញ្ចឹង​ គេ​នឹង​នៅ​ជា​មួយ​យើង​ដដែល​ "។

ទាក់ទង​នឹង​ចាក​ចេញ​នេះ​ អ្នកចាត់ការ​ Man Utd នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​៖" ខ្ញុំ​យល់​ថា​ គេ​ពិត​ជា​ចង់​ចាក​ចេញ​ ក៏​ប៉ុន្តែ​រឿង​ហ្នឹង​មិន​អាច​កើត​ឡើង​បាន​ទេ​ បើ​គេ​ចង់​ចាកចេញ​តែ​ឯង​ ទាល់​តែ​មាន​ក្លឹប​ណា​ចង់​បាន​ ទើប​គេ​អាច​ទៅ​បាន​ "។

កន្លង​ទៅ​នេះ​ ភ្នាក់ងារ​កីឡាករ​របស់​ Martial ធ្លាប់​ប្រាប់​បណ្ដាល​សារព័ត៌មាន​រួច​មក​ហើយ​ថា​ គេ​ចង់​ចេញ​ពី​ Man Utd ដោយ​សារ​តែ​អត់​សូវ​មាន​ម៉ោង​លេង​។

មក​ទល់​នឹង​បើ​យោង​តាម​ លោក​ Fabrizio Romano ក្លឹប​ Sevilla ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​ចង់​បាន​ Martial ។

Martial មក​លេង​ឲ្យ​ Man Utd តាំង​ពី​រដូវកាល​ឆ្នាំ​២០១៥/១៦មក ដោយ​ចូល​រួម​លេង​បាន​ ២៦៨​ប្រកួត​ រក​បាន​ ៧៩​គ្រាប់​ នឹង​ចង់​កុងត្រាជា​មួយ​ក្លឹប​នៅ​ឆ្នាំ​២០២៤ខាង​មុខ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់