- 2021-12-22 07:14:49
- បាល់ទះ
ស្អែកនេះគូធំណាស់! ក្រុមស្នងការ ប៉ះក្រសួងមហាផ្ទៃ B វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2021-12-22 07:14:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អែកនេះគូធំណាស់! ក្រុមស្នងការ ប៉ះក្រសួងមហាផ្ទៃ B វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
នៅវេលាម៉ោង៦ល្ងាចស្អែកនេះ ក្រុមខ្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រូវប្រកួតជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ B វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE - ISI PALM» នៅទីលាន The Blue Sport Center ក្បែរកីឡដ្ឋានវេស្ទឺនភ្នំពេញ។
មុនជំនួបកើតឡើងលោក អ៊ូ សុផល គ្រូបង្វឹកក្លឹបបាល់ទះក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រុមរបស់លោកបានហ្វឹកហាត់រាល់ថ្ងៃ ដើម្បីត្រៀមការប្រកួតមួយនេះ ហើយបានលើកឡើងពីចំណុចល្អរបស់គូប្រកួតថា ក្រុមស្នងការមានកីឡាករចាស់ៗល្អៗ និងមានបទពិសោធច្រើន ដូច្នេះក្រុមលោកមិនត្រូវធ្វេសប្រហែស១វិនាទីណាឡើយ។
លោកបានបញ្ជាក់ថា ៖«និយាយទៅចំណុចខ្លាំងរបស់ស្នងការ គាត់មានប៉ះសេជើងចាស់ (លោកគ្រូសោម ណារិទ្ធ) ពីមុនខ្ញុំក៏ជាសិស្សរួមគ្រូជាមួយគ្នាដែរ ធ្លាប់លេងជាមួយគាត់ដែរ ការប៉ះសេរបស់គាត់គឺល្អ ហើយណាមួយគាត់ចូលលេងខ្លួនឯង គាត់មានការដឹកនាំលេងល្អ ហើយទី២ស្មាត់របស់គាត់បីនាក់ហ្នឹងគឺរឹងណាស់ មានយុន មានធារិទ្ធ និងមានចាវ បីនាក់ហ្នឹងគឺរឹងប៉ែស និយាយរួមគឺពិបាក ពិបាកខ្លាំងសម្រាប់ក្រុមយើង ហើយប្រយ័ត្នខ្លាំងមែនទែនគឺសឺវីសរបស់គាត់ (យុន) ក្រៅពីហ្នឹងអត់មានជាបញ្ហាអ្វីចោទទេ សំខាន់យើងទប់សឺវីសគាត់ឱ្យជាប់ យើងអាចប្រកួតប្រជែងជាមួយគាត់បានហើយ»។
ដោយឡែកលោក សោម ចំណាប់ គ្រូបាល់ទះក្លឹបស្នងការយល់ឃើញថា ក្រុមរបស់លោកហាក់មានប្រៀបនិងសង្ឃឹមឈ្នះច្រើនលើក្រុមក្រសួងមហាផ្ទៃ B ដ្បិតថាស្នងការមានស្មាត់ល្អៗ និងមានសេវាមុតស្រួច រួមទាំងអ្នកប៉ះសេដ៏ជំនាញផងដែរ។
ទោះមានប្រៀបនិងសង្ឃឹមឈ្នះច្រើនក្ដី លោកគ្រូ សោម ចំណាប់ ក៏បានមើលឃើញពីចំណុចល្អរបស់ក្រសួងមហាផ្ទៃដែរ ហើយមហាផ្ទៃBនេះក៏មិនមែនជាក្រុមដែលត្រូវមើលស្រាលឡើយ។
គ្រូបង្គោលជម្រើសជាតិបាល់ទះឆ្នេរខ្សាច់រូបនេះ បានបង្ហើបប្រាប់ថា ៖«ខ្ញុំព្រួយបារម្ភរឿងចាប់សឺវីសរបស់ក្រុមខ្ញុំ ព្រោះថាផ្លែសេវារបស់គាត់ក៏ល្អគួរសមដែរ ហើយដូច្នេះខ្ញុំត្រៀមហ្វឹកហាត់រួចហើយ ការចាប់សេវារបស់ក្រុមខ្ញុំហ្នឹងគឺបានហ្វឹកហាត់បានល្អហើយ ចឹងកាលណាយើងចាប់សេវាបានល្អ ការផ្ដាច់ក៏ល្អដែរ»។
គួរបញ្ជាក់ថា ការប្រកួតបួនស្មើដណ្ដើមមេដាយមាសនិងប្រាក់លាននេះ លេងដូចការប្រកួតក្រៅផ្លូវការដែរ គិត១៥ពិន្ទុ ប្ដូរសេវាទៅមក កីឡាករលេងសេរី មិនវាយសេវាវិលជុំ ប៉ុន្តែខុសត្រង់ការប្រកួតតម្រូវឱ្យកីឡាករលេងលក្ខណៈស្តង់ដារ មិនប៉ះសេចាប់បោះ និងបោកស្អិតជាប់ដៃឡើយ៕