- 2021-12-13 06:02:56
- បាល់ទះ
ម៉េងឡាយ ធ្វើបានល្អនិងជួយក្រុមឈ្នះជើងឯកពានតារាងបាល់ទះព្រែកជ្រៃ
- 2021-12-13 06:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េងឡាយ ធ្វើបានល្អនិងជួយក្រុមឈ្នះជើងឯកពានតារាងបាល់ទះព្រែកជ្រៃ
ចន្លោះមិនឃើញ
ក្រុមយុវជនបាល់ទះ ឬត្រូវបានគេស្គាល់ជាក្រុមក្រសួងមហាផ្ទៃឈុត B ទទួលបានជើងឯកក្នុងការប្រកួតដណ្ដើមពានរង្វាន់តារាងបាល់ទះព្រែកជ្រៃ ក្រោយទម្លាក់ក្រុមបាល់ទះបងប្អូនល្អ (ក្រសួងមហាផ្ទៃ A) ២ សិតទល់ ១ សិតកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ការដណ្ដើមបានជ័យជម្នះរបស់ក្រុមយុវជនបាល់ទះ គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីយុវជនវ័យ១៧ឆ្នាំ មឿន ម៉េងឡាយ។ ម៉េងឡាយ ធ្វើបានល្អទាំងការម៉ាត់ផ្ដាច់ធ្ងន់ៗ ការចាប់សេវា ការធ្វើរនាំង ជាពិសេសការលោតវាយសេវាដ៏មុតស្រួចរបស់គេទៅលើគូប្រកួតតែម្ដង។
បច្ចុប្បន្នយុវជនកម្ពស់ខ្ពស់១,៩៥ម៉ែត្រ កំពុងហ្វឹកហាត់ចាប់យកជំនាញស្មាត់នៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងសមត្ថភាពលោក អ៊ូ សុផល គ្រូបង្វឹកក្លឹបបាល់ទះក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថា ម៉េងឡាយជាកីឡាករមានគុណភាព និងលោតបានខ្ពស់ ហើយថ្ងៃអនាគតយុវជនរូបនេះអាចនឹងក្លាយជាកីឡាករដ៏ល្អមួយរូបរបស់កម្ពុជា។
ក្នុងការប្រកួតបីស្មើដណ្ដើមប្រាក់លានតារាងបាល់ទះព្រែកជ្រៃ ក្រុមយុវជនបាល់ទះដែលមានសមាជិក មឿន ម៉េងឡាយ, ស្នាលេខ៥ និង ឈួន ប្រសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ១ បានប្រាក់៤លានរៀល ខណៈក្រុមបងប្អូនល្អដែលមានស្មាត់ យក្ស, ប៊ន ណារិទ្ធ និងយុវជនវ័យ១៦ឆ្នាំ ខុម ហុងទ្រី ទទួលបានចំណាត់ថ្នាក់លេខ២ បានប្រាក់រង្វាន់២លានរៀល។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បីស្មើមួយនេះត្រូវបានធ្វើឡើងតែ២ថ្ងៃ (សៅរ៍-អាទិត្យ) និងមាន៨ក្រុមប៉ុណ្ណោះ។ ក្រុមនីមួយៗត្រូវប្រកួតជម្រុះមួយសិតចាញ់ធ្លាក់ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ចុងក្រោយកម្មវិធីបានរកឃើញជើងខ្លាំង២ក្រុមគឺក្រុមយុវជនបាល់ទះ និងក្រុមបងប្អូនល្អ។ ក្រុមទាំងពីរត្រូវប្រកួត៣សិត ក្រុមឈ្នះ២សិតនឹងឈ្នះជើងឯកប្រចាំការប្រកួត។ ក្រុមយុវជនបាល់ទះបានចំណាាត់ថ្នាក់លេខ១ ខណៈក្រុមបងប្អូនល្អបានចំណាត់ថ្នាក់លេខ២៕