• 2021-12-06 01:20:14
  • បាល់ទាត់

Rangnick ​ថា​ហាត់​១​ដង Man Utd ​ដូរ​បាន​ប៉ុណ្ណឹង​គិត​ល្អ​ហើយ​

  • 2021-12-06 01:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ralf Rangnick ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម​ធ្វើ​បាន​ល្អ​ហើយ ​ព្រោះ​បាន​ហាត់​ក្រោម​ការ​ណែនាំ​របស់​លោក​តែ​ម្ដង​គត់ ប៉ុន្តែ​ពួកគេ​អាច​យល់​បាន​ច្រើន​ពី​អ្វី​ដែល​លោក​ចង់​បាន។​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ។ ​លទ្ធផល​១​គ្រាប់​នោះ​ដែរ ​កើត​ចេញ​ពី​ការ​ទាត់​ពី​ចម្ងាយ​របស់ Fred ​នៅ​តង់​ទី​២ ​ស្រប​ពេល​ក្នុង​ការ​ប្រកួត​នេះ Man Utd ​សម្រុក​ខ្លាំង ​និង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ។

​បើ​តាម​អ្នក​ចាត់ការ Rangnick ​ដែល​ទើប​ចូល​កាន់​តំណែង​និង​ដឹក​នាំ​ក្រុម​ហាត់​បាន​ម្ដង​នោះ ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​ការ​លេង​របស់​ក្រុម​ជា​ពិសេស​នៅ​តង់​ទី​១។ ការ​ដណ្ដើម​បាល់ ​គឺ​ពិត​ជា​អាច​ទទួល​យក​បាន។ វិធី​ដែល​យើង​ការពារ ​យើង​គ្រប់​គ្រង​ការ​ប្រកួត​ទាំង​មូល ​និង​បាន Clean sheet ​គឺ​ជា​រឿង​សំខាន់។ ហាត់​ជាមួយ​គ្នា​បាន​ម្ដង ​ហើយ​ធ្វើ​បាន​ប៉ុណ្ណឹង ​ខ្ញុំ​សប្បាយ​ចិត្ត ​ហើយ​វា​បាន​បង្ហាញ​ថា​យើង​កំពុង​តែ​អភិវឌ្ឍ​ទៅ​មុខ​ហើយ។ យើង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់