• 2021-12-01 02:51:32
  • បាល់ទាត់

​​Jorginho ពី​មុន​ជា​ក្មេង​មាន​គ្រួសារ​​ក្រីក្រ​​រហូត​​​រក​លុយ​បង់​ត្រឹម​២០អឺរ៉ូ​ឲ្យ​ក្លឹប​សឹង​មិន​បាន​​​​

  • 2021-12-01 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការ​ពារ​របស់​ជម្រើស​ជាតិ​អ៊ីតាលី Jorginho ធ្លាប់​ជា​ក្មេង​មាន​ទេពកោសល្យ​ខ្លាំង​នៅ Hellas Verona ដែល​ពេល​នោះ​ ដើម្បី​បាន​ហាត់​បាល់ និង​ស្នាក់​នៅ​​ផង​​គេ​ត្រូវ​ចំណាយ​លុយ​២០​អឺរ៉ូ​ក្នុង​​មួយ​សប្ដាហ៍ ខណៈ​ដែល​ស្ថាន​ភាព​គ្រួសារ​របស់​គេ​រក​ព្រឹក​ខ្វះ​ល្ងាច​​។

មុន​ពេល​ក្លាយ​ជា​​កំពូល​កីឡាករ​ក្នុង​លោក​ដូច​ពេល​បច្ចុប្បន្ន​ខ្សែ​បម្រើ​ការពារ​ខាង​លើ​បាន​រសាត់​អណ្ដែត​ពី​​ប្រទេស​ប្រេស៊ីល​មក​កាន់​អ៊ីតាលី ហើយ​គេ​ក៏​​ត្រូវ​បាន​ចូល​ហាត់​នៅ​យុវជន​របស់​ក្លឹប Verona ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ ២០១០ ​ក្រោយ​មក​គេ​ក៏​បាន​ចាប់​ផ្ដើម​អាច​ឡើង​មក​លេង​នៅ​ឈុត​ធំ​ Verona នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់ ២០១៤។ ពេលវេលា​​ហាត់​នៅ​​ទី​នោះ​គេ​បាន​​​ស្គាល់​គ្នា​ជា​មួយ​ Rafael ដែល​ជា​អ្នក​ចាំ​ទី​ ហើយ​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ស្លាប់​រស់​​អស់​មួយ​ជីវិត​​។

ក្នុង​អំឡុង​​ពេល​នោះ Rafael ​ត្រូវ​បាន​ Jorginho ​ប្រាប់​ទៅ​កាន់​ខ្លួន​ថា «ខ្ញុំ​ត្រូវ​ចំណាយ​លុយ​២០​អឺរ៉ូ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​បាន​នៅ​ទី​នេះ( Verona)»។ ជាង​នេះ​ទៅ​ទៀត Jorginho បាន​ប្រាប់​ពី​ស្ថាន​ភាព​គ្រួ​សារ​​​​​ឲ្យ Rafael បាន​ដឹង ដោយ Jorginho ​ត្រូវ​បង់​ថ្លៃ​សាលា​ និង​ជីវិត​នៃ​ការ​រស់​នៅ​មាន​ភាព​លំបាក​ខ្លាំង ​ក្រោយ​ពេល​បាន​ដឹង​ពី​ស្ថាន​ភាព​គ្រួ​សារ​ដ៏​លំ​បាក​រក​ព្រឹក​ខ្វះ​ល្ងាច​នេះ​ហើយ​។ ​

Rafael ក៏​សម្រេច​យក​ Jorginho ​ទៅ​ផ្ទះ​​ក្រោយ​ពេល​ហាត់​ចប់​ និង​ទៅ​យក​ពី​ផ្ទះ​មក​កន្លែង​ហាត់​រាល់​ថ្ងៃ​​តាំង​ពី​នៅ​ជា​យុវជន​របស់ Verona មក​ម្ល៉េះ​។ ​ក្រោយ​មក​ Rafael ក៏​សម្រេច​និយាយ​​រឿង​ទាំង​អស់​ប្រាប់​ក្លឹប ដើម្បី​សុំ​កុង​ត្រា​ឲ្យ​ Jorginho បាន​លេង​នៅ​ឈុត​​ធំ​ ពី​ព្រោះ​គេ​មើល​ឃើញ​ថា មិត្ត​របស់​ខ្លួន​មាន​សមត្ថភាព​​ខ្លាំង​លើស​ក្មេង​ដទៃ​នៅ​ឆ្នាំ​២០១០ គេ​ក៏​បាន​ជាប់​កុង​ត្រា​លេង​​នៅ​ក្រុម​ធំ​តែ​ម្ដង​ ក្រោយ​មក​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចាប់​ពី​ពេលនោះ​មក​៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់