• 2021-12-01 02:32:49
  • បាល់ទះ

ប៊ន ណារិទ្ធ ថាការប្រកួត៤ស្មើស្អែក​នេះ​នឹងធ្វើឱ្យ​ស្មារតីប្រយុទ្ធ​យុវជនខ្លួនកាន់​តែ​ក្លាហាន

  • 2021-12-01 02:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតដណ្ដើមមេដាយមាសពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE- ISI PALM» ក្លឹបក្រសួងមហាផ្ទៃបានដាក់ពាក្យ​ប្រកួតចំនួន២ក្រុមពោលគឺឈុត A និងឈុត B។

អ្នក​ប៉ះសេ ប៊ន ណារិទ្ធ

បើទោះការប្រកួតមាន​លក្ខណៈពាក់កណ្ដាលអាជីព ប៉ុន្តែ​អ្នកប៉ះសេ​ដៃ​ទី​១​រ​បស់​ក្រសួង​មហាផ្ទៃ ប៊ន ណារិទ្ធ យល់ឃើញថាវានឹងផ្ដល់ឱកាសដល់យុវជនរបស់ខ្លួនក្នុងការអភិវឌ្ឍខ្លួន ធ្វើឱ្យ​ស្មារតីប្រយុទ្ធរបស់ពួកគេកាន់តែក្លាហាន ហើយ​សាំនឹងបរិយាកាសនៃការប្រកួត។

កីឡាករមកពីខេត្តកណ្ដាលបញ្ជាក់ថា ៖«ពេល​ជួួយ​ទី១ធ្វើឱ្យ​ស្មារតីនៃការប្រយុទ្ធ​ហ្នឹង​គឺក្លាហានជាងមុន ហើយមួយទៀតធ្វើឱ្យ​គាត់ស្គាល់ គាត់សាំជាមួយនឹងបរិយាកាសនៃការប្រកួត។ បើយើងអត់ដែលប្រកួតសោះ ពេលខ្លះទៅអាចគ្រាន់តែបើកភ្លើងទៅ ក៏អាចវិលមុខក៏ថាបាន។ នេះជារឿងមួយដែលបងៗយើងធ្លាប់ជួបម៉ោ។ អ៊ីចឹងខ្ញុំសង្ឃឹមថាប្អូនៗខ្ញុំគាត់នឹងវិវឌ្ឍជាងនឹង»។

បើទោះមិនមានការប្រកួតនាពេលកន្លងមក ឬស្ថិតក្នុងបរិបទកូវីដយ៉ាងណាក្ដី ក្លឹបក្រសួងមហាផ្ទៃតែងធ្វើការហ្វឹកហាត់ជាប្រចាំ គឺមួយ​សប្ដាហ៍ហាត់៦ថ្ងៃ ដើម្បីដុតខាតចំណេះជំនាញ។ យ៉ាងណា​ជុំការប្រកួតនេះដែរ ណារិទ្ធយល់ថាក្រុមរបស់ខ្លួននឹងធ្វើបានល្អ ថ្វីបើមានក្រុមខ្លាំងៗចូលរួមប្រកួតច្រើនក្ដី។

ណារិទ្ធ បន្ថែមបែប​នេះ​ ៖«ខ្ញុំគិតថាក្រុមខ្ញុំធ្វើបានល្អ ដោយសារតែក្រុមខ្លាំងៗមានក៏ពិតមែន ប៉ុន្តែគ្រាន់ថាយ៉ាងហោចណាស់ក៏លេងអាចនិយាយបានថាពាក់កណ្ដាលស្តង់ដារ គឺលេងមិនមានការប៉ះសេចាប់បោះឬចាប់បោកអីទេ យ៉ាងណាក៏ក្រុមកីឡាបាល់ទះអាជីពនៅតែមានសង្ឃឹមច្រើន។ បើយើងចេញលេងក្រៅផ្លូវការគឺមានប៉ះសេចាប់បោះហើយនឹងលេងបោកអី បានថាបាល់ក្រៅផ្លូវការមានអទិភាពជាង»។

ការប្រកួតដណ្ដើមមេដាយមាសពានរង្វាន់ខាងលើមានរយៈពេល៥ខែ។ ខែនីមួយៗមាន៨ក្រុមត្រូវប្រកួតជម្រុះចាញ់ធ្លាក់ ដោយយកតែ២ក្រុមប៉ុណ្ណោះ (លេខ១,២) ដើម្បីឡើងទៅប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រនៅខែទី៥ ហើយ​ការ​ប្រកួត​ទៀតសោត​ធ្វើ​តែ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រប៉ុណ្ណោះ ចាប់​ពី​វេលា​ម៉ោង​៦​ល្ងាច​ត​ទៅ​។

សម្រាប់ការប្រកួតរកលេខ១និងលេខ២ប្រចាំខែទី១ នឹងចាប់ផ្ដើមនៅថ្ងៃទី ០២ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ នៅ The Blue Sport Center។ ៨ក្រុម​ចូល​រួម​មាន​​ក្រសួងមហាផ្ទៃ A, Conserve Players, យុវជនជាយដែន, ហង្សពិឃាដ, យុវជនកីឡាបាល់ទះ, Club Golden9, វរសេនាតូចអន្តរាគមន៍លេខ ២៥១ និងក្រសួងមហាផ្ទៃ B។

- ក្រុមនិងកាលវិភាគប្រកួតសម្រាប់​សប្ដាហ៍ទី១

ថ្ងៃ០២ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • ក្រសួងមហាផ្ទៃ A VS Conserv Players

ថ្ងៃ០៣ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • យុវជនជាយដែន VS ហង្សពិឃាដ

- ក្រុមនិងកាលវិភាគប្រកួតសម្រាប់​សប្ដាហ៍ទី២

ថ្ងៃ០៩ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • យុវជនកីឡាបាល់ទះ VS Club Golden9 (ស្នងការ)

ថ្ងៃ១០ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • សេនាតូចអន្តរាគមន៍លេខ ២៥១ VS ក្រសួងមហាផ្ទៃ B៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់