- 2021-11-24 02:41:07
- បាល់ទាត់
វុធ តុលា៖ ទំនុកចិត្តមានមកវិញដូចនៅព្រៃវែងអ៊ីចឹង
- 2021-11-24 02:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វុធ តុលា៖ ទំនុកចិត្តមានមកវិញដូចនៅព្រៃវែងអ៊ីចឹង
ចន្លោះមិនឃើញ
វុធ តុលា កាលពីម្សិលមិញបានរួមចំណែកយ៉ាងសំខាន់ជួយឱ្យក្លឹបបាល់ទាត់វិសាខាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន ក្រោយក្រុមយកឈ្នះ ២-១ នៅគីឡដ្ឋានខេមបូឌោអ៊ែរវេរ បើទោះបីជាគេមិនបានស៊ុតបញ្ចូលទីខ្លួនឯងក្ដី។
ការបង្ហាញខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃ២៣ វិច្ឆិកា ២០២១ អតីតកីឡាករព្រៃវែងបានបញ្ចេញសមត្ថភាពលេងយ៉ាងល្អទាំងកម្លាំង និងបច្ចេកទេសអូសទាញ និងក្រឡុកខ្លាំងនៅតំបន់ស្លាប តំបន់ប្រយុទ្ធ ជាហេតុធ្វើឱ្យកូនក្រុមលោក គឹម ភក្ដី ពិបាកក្នុងការការពារនិងវាយបក។ តាមការសាកសួរខ្សែប្រយុទ្ធវ័យក្មេងរូបនេះបង្ហើបថា គេមិនទាន់ Fit មួយរយភាគរយទេ ប៉ុន្តែមានទំនុកចិត្តខ្ពស់ដូចពេលលេងឱ្យក្រុមបាល់ទាត់ព្រៃវែងដូច្នោះដែរ។
ម្ចាស់ស្បែកជើងមាសពានសម្ដេចឆ្នាំ២០២០ប្រាប់ថា ៖«បាទបង! ឥឡូវទំនុកចិត្តមានមកវិញដូចនៅព្រៃវែងអ៊ីចឹងបង ហ៊ានលេងហ៊ានអីអ៊ីចឹង...ឥឡូវទំនុកចិត្តមកវិញហ៊ានលេងហ៊ានអូសហ៊ានញាក់អ៊ីចឹងណា»។
បើនិយាយពីរឿងទំនុកចិត្ត តុលា មានតាំងពីវគ្គ១៦ក្រុមចុងក្រោយមកម្ល៉េះ ពេលក្រុមវិសាខាប្រកួតជាមួយក្រុមខេត្តកោះកុង។
យុវជនវ័យ១៩ឆ្នាំជាកីឡាករល្អមួយរូប។ ក្នុងពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ឆ្នាំ២០២១នេះ គេបានបង្ហាញខ្លួននិងជាប់ជម្រើស១១នាក់ដំបូងគ្រប់ការប្រកួត ចាប់តាំងពីវគ្គ១៦ក្រុមចុងក្រោយ។ ទោះបីជាយ៉ាងណាគេមិនទាន់រកបានគ្រាប់បាល់នៅឡើយទេ។
ខ្សែប្រយុទ្ធមុតស្រួចដដែលបានរៀបរាប់ឱ្យដឹងទៀតថា គេពិតជាសប្បាយចិត្តដែលបានជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ និងរីករាយដែលបានមកលេងនៅក្លឹបខ្លាំងវិសាខា ដ្បិតក្រុមមួយនេះក៏ជាក្រុមក្នុងក្ដីស្រមៃរបស់គេ។ ប៉ះជាមួយព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ តុលាប្ដាជ្ញាខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយក្រុមការពារតំណែងជើងឯក (២០២០) លើកពានមួយនេះម្ដងទៀត៕