- 2021-11-23 07:26:32
- បាល់ទាត់
ម៉ុន វ៉ាន់ដា៖ ១គ្រាប់ហ្នឹងផ្ញើជូន Fan ស្វាយរៀងទាំងអស់
- 2021-11-23 07:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ុន វ៉ាន់ដា៖ ១គ្រាប់ហ្នឹងផ្ញើជូន Fan ស្វាយរៀងទាំងអស់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលត្រូវបានប្ដូរចូលនៅនាទី៧០ជំនួសកីឡាករ ជូ ស៊ិនទិ បានស៊ុតចូលសំណាញ់ទីភ្នំពេញក្រោនជួយឱ្យព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ររងចាំបឹងកេតឬវិសាខា (ប្រកួតម៉ោង៣រសៀលនេះ) ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ឆ្នាំ២០២១។
គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងធ្វើបានដោយអតីតកីឡាករបឹងកេតនៅនាទី៨៥។ ជុំវិញគ្រាប់បាល់នេះដែរ វ៉ានដាបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយផ្ញើគ្រាប់បាល់នេះជូនអ្នកគាំទ្រស្វាយរៀងទាំងអស់។
អតីតខ្សែប្រយុទ្ធក្រុម TIFFY ARMY បានពន្យល់ថា ៖«សប្បាយចិត្តខ្លាំងមែនទែន ដោយសារថាក្រុមរបស់យើងកំពុងតែចាញ់គេ តែដល់ពេលដែលដូរចូលទៅ យើងអាចមានឱកាសស៊ុតចូលគ្រាប់ជ័យជម្នះឱ្យក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយមួយគ្រាប់ហ្នឹង ផ្ញើជូនហ្វេនស្វាយរៀងទាំងអស់ ហើយសង្ឃឹមថាឡើងវគ្គផ្ដាច់ព្រ័ត្រ (យើង) ធ្វើបានល្អ»។
ចាំបានថាកាលពីឆ្នាំ២០១៩ កីឡាករវ័យក្មេងរូបនេះបានស៊ុតចូលក្រុមជើងខ្លាំងវិសាខា នាំបឹងកេតទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានសម្ដេច ខណៈឆ្នាំ២០២១នេះ គេបានស៊ុតចូលភ្នំពេញក្រោន នាំស្វាយរៀងទៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ ចាំមើលថាតើ ម៉ុន វ៉ាន់ដា អាចជាតារាងនាំសំណាងអាចជួយស្វារៀងឈ្នះពានរង្វាន់សម្ដេចរដូវកាលនេះ បានដូចកាលគេនៅបឹងកេតឬយ៉ាងណា។
គួរបញ្ជាក់ថា រដូវកាលនេះគេបានបង្ហាញខ្លួនបាន៣លើកក្នុងពានរង្វាន់សម្ដេច និងស៊ុតចូលបាន៣គ្រាប់ ពោលស៊ុតកោះកុង២គ្រាប់ និងភ្នំពេញក្រោន១គ្រាប់។ ចំណែកការប្រកួតប្រជែងក្នុងលីគ គេមិនទាន់បានបង្ហាញខ្លួននៅឡើយទេ៕