- 2021-11-15 07:26:42
- បាល់ទាត់
ហួត ធឿងលីដា ក្រែងចិត្តផងដឹងគុណផងពេលមានអ្នកជួយសម្រួលឡើងចុះនៅកីឡដ្ឋានម្ដងៗ
- 2021-11-15 07:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួត ធឿងលីដា ក្រែងចិត្តផងដឹងគុណផងពេលមានអ្នកជួយសម្រួលឡើងចុះនៅកីឡដ្ឋានម្ដងៗ
ចន្លោះមិនឃើញ
ហួត ធឿងលីដា ជាអ្នកគាំទ្របាល់ទាត់ដ៏សកម្មមួយរូបនៅកម្ពុជា និងជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្លឹបបាល់ទាត់វិសាខា។ ជាញឹកញាប់គេតែងឃើញកញ្ញាមានវត្តមានពេលក្លឹបខ្លាំងមួយនេះប្រកួតម្ដងៗមិនថានៅតាមខេត្តឬនៅក្រុងភ្នំពេញទេ។
គេសង្កេតឃើញទៀតថានៅពេលដល់កីឡដ្ឋានម្ដងៗ គឺមានអ្នកចាំជួយយកអាសា សម្រួលកញ្ញាឡើងចុះកីឡដ្ឋាន ហើយពេលខ្លះក៏មានការជួយពីក្រុមកងកម្លាំងយាមកាមនៅកីឡដ្ឋានទៀតផង។
ចំពោះទង្វើល្អៗនិងសណ្ដានចិត្តដ៏ថ្លៃថ្លាទាំងនេះ លីដាបានបង្ហាញអារម្មណ៍ក្រែងចិត្ត និងដឹងគុណជាខ្លាំងដល់បងប្អូនដែលតែងជួយសម្រួលការលំបាកមួយ ដ្បិតខ្លួនមិនអាចធ្វើខ្លួនឯងបាន។ ថ្មីៗនេះកញ្ញាបានបង្ហោះវីដេអូមួយ ដែលមានអ្នកជួយកញ្ញាចុះពីកីឡាដ្ឋានព្រីនស៍ ក្រោយវិសាខាស្មើ ១-១ ជាមួយភ្នំពេញក្រោនក្នុងការដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា។
កញ្ញាបានទម្លាយអារម្មណ៍ក្នុងចិត្តថា ៖«ខ្ញុំពិតជាចង់ធ្វើដោយខ្លួនឯងណាស់ ប៉ុន្តែខ្ញុំមិនអាច ខ្ញុំតែងគិតថានៅពេលដល់កីឡដ្ឋាន តើបានអ្នកណាជួយខ្ញុំ? ខ្ញុំរីករាយនៅពេលដែលខ្ញុំបានជួបឧបសគ្គអ្វីៗ ហើយមានអ្នកជួយ ខ្ញុំពិតជាក្រែងចិត្តពួកគាត់ណាស់ ខ្ញុំបានត្រឹមតែអរគុណ និងចាំទង្វើល្អទាំងនោះក្នុងចិត្ត»។
យុវតីកំព្រាឪពុកដ៏កម្សត់រូបនេះ បានធ្លាក់ខ្លួនមានរាងកាយមិនប្រក្រតីនៅអាយុ១ខួប ដោយជំងឺគ្រុនស្វិតដៃជើង ហើយបានទម្លាយរឿងកម្សត់មួយថា ឪពុកម្ដាយបានរៀបចំធ្វើបុណ្យបញ្ចុះសពរបស់ខ្លួនហើយកាលនោះ ប៉ុន្តែអាយុថ្លៃយមរាជមិនឆក់យកថ្លៃជីវិតនាងបានឡើយ។ អ្នកគាំទ្រវ័យ២៧ឆ្នាំបន្ថែមទៀតថា នេះជាជីវិតទី២របស់ខ្លួន ហើយនាងបានធ្វើរឿងអស្ចារ្យច្រើនកន្លងមកនេះ និងមានមោទកភាពចំពោះម្ដាយឪពុកនិងខ្លួនឯងផ្ទាល់។
យុវតីបានប្រាប់ថា ៖«កាលខ្ញុំឈឺនោះគឺម៉ែឪខ្ញុំធ្វើបុណ្យឲ្យខ្ញុំហើយបង ដាក់ក្នុងមឈូស រៀបនឹងដង្ហែទៅបញ្ចុះហើយ តែដោយសារមុនបញ្ចុះគេបើកគម្របមឈូសមើលមុខចុងក្រោយ ឃើញខ្ញុំលានអណ្ដាត ទើបដឹងថាខ្ញុំមិនទាន់ស្លាប់ទេ»។
ងាកមកបាល់ទាត់វិញ ទោះបីជាកញ្ញាមានរាងកាយមិនមាំទាំដូចអ្នកគាំទ្រដទៃ ប៉ុន្តែក្ដីស្រលាញ់មកលើវិស័យមួយនេះគឺធំធេងណាស់ ខណៈម្ដាយបង្កើតក៏មិនបានហាមឃាតសកម្មភាពគាំទ្ររបស់កញ្ញាឡើយ ដោយលោកស្របតាមការស្រលាញ់របស់កូនស្រី។
លីដាចាប់ផ្ដើមស្រលាញ់ និងគាំទ្រក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាតាំងពីឆ្នាំ ២០១៦ និងគាំទ្រក្លឹបបាល់ទាត់វិសាខា ចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មក។ ក្នុងនាមជាអ្នកគាំទ្រមួយរូបលីដាចង់ឱ្យកីឡាករជម្រើសជាតិ និងកីឡាករគ្រប់ក្លឹប ត្រូវមានឆន្ទៈនិងលេងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យពិភពលោកបានស្គាល់ និងជម្រុញឱ្យបាល់ទាត់កម្ពុជាកាន់តែមានការវិវឌ្ឍ និងប្រកួតប្រជែងកាន់តែខ្លាំង។
បើសួរអំពីការប្រកួតកាលពីថ្ងៃសៅរ៍ លីដាថាពេញចិត្តចំពោះលទ្ធផល និងពេញចិត្តការលេងរបស់ក្រុមវិខាសា ហើយក៏សរសើរនិងគោរពដល់ការប្រឹងប្រែងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ហើយសូមចូលរួមសោកស្ដាយចំពោះខ្សែប្រយុទ្ធ រឹង ប៊ុនហៀង ដែលបានរងរបួសបាល់ជើងអំឡុងពេលប៉ះទង្វិចជាមួយខ្សែបម្រើ អន ចាន់ប៉ូលីន របស់ភ្នំពេញក្រោន។
កញ្ញាបញ្ជាក់ថា ៖«លទ្ធផលគឺខ្ញុំសប្បាយចិត្ត ព្រោះបងប្អូនកីឡាករពួកគាត់ខំប្រឹងណាស់សម្រាប់ការប្រកួតនោះ ព្រោះវាសំខាន់មែនទែន ពួកយើងចង់ឈ្នះព្រោះជាឱកាសដណ្ដើមពានដ៏សំខាន់។ គ្មានអ្នកណាដឹងលទ្ធផលមុនទេ ៩០នាទីក្រោយនៃការប្រកួត ទើបអាចសម្រេចថាឈ្នះចាញ់។ ពួកគាត់ធ្វើបានល្អណាស់ ខ្ញុំក៏សោយស្ដាយសម្រាប់បងប្រុស រឹង ប៊ុនហៀង ដែលបានរងរបួស (បាក់ជើង) នៃការប្រកួតផង។ យ៉ាងណានៅប្រកួតចុងក្រោយ ពួកយើងនៅតែជឿលើក្រុមពួកគាត់ (វិសាខា)»៕