• 2021-11-08 12:40:01
  • បាល់ទាត់

ភ្នាក់ងារ​៖ Ramos នឹង​មិន​បញ្ចប់​កុងត្រា​ជា​មួយ​ PSG ឡើយ​

  • 2021-11-08 12:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​ លោក​ Leonardo Araujo ប្រធាន​ផ្នែក​បាល់ទាត់​របស់​ក្លឹប​ Paris Saint Germain ធ្លាប់​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ​នូវ​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​របស់​លោក​ មាន​បំណង​បញ្ចប់​កុងត្រា​ជា​មួយ​ខ្សែ​ការពារ​ Sergio Ramos ក្រោយ​មាន​របួស​ត្រូវ​ការ​ព្យាបាល​យូរ និង​មិន​ទាន់​ចូល​លេង​ឲ្យ​ក្លឹប​នេះ​ម្ដង​នៅ​ឡើយ​ទេ​ តាំង​ពី​ចុះ​កុងត្រា​ជាមួយគ្នាគ្នា​ ៤ខែ​កន្លងនេះ​មក​។

យ៉ាង​ណា​ក្ដី​កាល​ពី​ថ្មីៗ​នេះ​ ភ្នាក់ងារ​កីឡាករ​ខ្សែ​ការពារ​រូប​នេះ​​ ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​ផង​ដែរ​នោះ​ក៏​បាន​លើក​បញ្ហា​នេះ​យក​មក​និយាយ​ទៅ​កាន់​សារព័ត៌មាន​អេស្ប៉ាញ​ El Mundo ឲ្យ​បាន​ច្បាស់​លាស់​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ពី​ជំហរ​របស់​ Ramos ។

ភ្នាក់ងារ​រូប​នេះ​បាន​និយាយ​ថា​៖" Sergio Ramos គេ​មិន​ទាន់​មាន​គម្រោងការ​ចូល​និវត្តន៍​នៅ​ឡើយ​ទេ​ ហើយ​គេ​ក៏​មិន​ផ្ដាច់​កុងត្រា​ជា​មួយ​ក្លឹប​ឡើយ​។ គ្មាន​អ្វី​ដែល​ត្រូវ​ឲ្យ​សង្ស័យ​ពី​គេ​នោះ​ឡើយ​។ ព្រោះ​នេះ​វា​បញ្ហា​របួស​កាយសម្បទា​សុទ្ធសាធ​របស់​គេ​។ អញ្ចឹង​គេ​នឹង​ត្រលប់​មក​វិញ​ នៅ​ពេល​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​ "។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុង​កំឡុង​ពេល​៤ខែ​មក​ដល់​ PSG នេះ​ខ្សែការពារ​ Ramos ត្រូវ​បាន​ខាង​ក្លឹប​ចំណាយ​លើ​ប្រាក់ខែ​ពលកម្ម​អស់​ប្រមាណ​ ៥.៤លាន​ដុល្លារ​ហើយ​ ទាំង​ដែល​កីឡាករ​នេះ​មិន​ទាន់​បាន​ប៉ះ​បាល់​ក្នុង​ការ​ប្រកួត​សោះ​។

បើ​តាម​ប្រភព​ដដែល​នេះ​ កីឡាករ​រូប​នេះ​នឹង​មាន​វត្តមាន​មក​ចូល​រួម​ការ​ប្រកួត​វិញ​ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Nantes ក្នុង​ថ្ងៃ​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម